លោក សែម ធិន អនុប្រធានគណបក្សសមរង្ស៊ី ប្រចាំប្រទេសឤមេរិក និងកាណាដា ដែលកំពុងតែដឹកនាំការជួបប្រជុំមួយ នៅក្រុងអូតាវ៉ានោះ បានមានប្រសាសន៍ថា សមាជិកបក្ស ប្រមាណជាង ពីររយនាក់ នៅទីក្រុងម៉ុងរ៉េឤល់ បានជួបគ្នាកាលពីម្សិលមិញ និងបានរៃអង្គាសថវិកា ដើម្បីជួយឧបត្ថម្ភគណបក្ស ក្នុងការត្រៀមខ្លួន ចូលរួមក្នុងការបោះឆ្នោត នាពេលខាងមុខនេះផងដែរ ។
លោក សែម ធិន បានឱ្យដឹងថា ៖ «ពួកខ្ញុំខាងអូតាវ៉ានេះ កំពុងធ្វើនៅកន្លែងអូតាវ៉ាហ្នឹង ទីមួយ រៀបចំជាកម្មវិធីមួយ ឧទ្ទិសកុសលដល់បងប្អូនយើង ដែលបានស្លាប់ និងបូជាជីវិត សម្រាប់ទឹកដីកម្ពុជាយើង ជាពិសេសគឺគណបក្សសមរង្ស៊ី ដែលខំតស៊ូទាំងអស់ហ្នឹង ។ ហើយទីពីរ យើងមានបំណង រៀបចំជួយរកថវិកា សម្រាប់ការបោះឆ្នោតខាងមុខនេះ ថ្ងៃ ២៧ កក្កដា ឆ្នាំ ២០០៨ តែប៉ុណ្ណឹងទេ» ។
លោកអនុប្រធានគណបក្សសមរង្ស៊ី ប្រចាំប្រទេសកាណាដា សែម ធិន បានឱ្យដឹងថា ចំពោះការជួបជុំគ្នា នៅទីក្រុងអូតាវ៉ា នៅថ្ងៃនេះ ក្រៅតែពីផ្តល់ពេល ជូនលោកប្រធានបក្ស សមរង្ស៊ី ឆ្លើយតបទៅនឹងសំណួរនៃសមាជិកបក្ស ទាក់ទិនទៅនឹងព្រឹត្តិការណ៍ថ្មីៗ ក្នុងគណបក្សនោះ ជំនួបនេះក៏មានសភាពប្រហែលគ្នា ទៅនឹងទីក្រុងម៉ុងរ៉េឤល់ដែរ ។
លោក សែម ធិន បានមានប្រសាសន៍ថា ៖ «នៅអូតាវ៉ាហ្នឹង គឺព្រឹក រៀបចំជាកម្មវិធី ឧទ្ទិសកុសល ដល់បងប្អូនដែលស្លាប់ទៅ ទាំងគណបក្ស សមរង្ស៊ី... ។ ហើយទីពីរ គឺចង់ពង្រឹងនូវនយោបាយ គណបក្សសមរង្ស៊ី ដែលកន្លងមកនេះ មានការរកាំរកូសខ្លះ ប៉ុណ្ណឹងទេ ។ ហើយកម្មវិធីល្ងាចហ្នឹង គឺអត់មានអីទេ គឺអញ្ជើញលោកប្រធាន ទៅរួមពិសារបាយជុំគ្នា បងប្អូនយើង សំណេះសំណាល តែប៉ុណ្ណឹងទេ» ៕
