ថ្លែងចំពោះមុខមនុស្សប្រមាណ៦០នាក់ កាលពីរាត្រីថ្ងៃពុធ ក្នុងពិធីរៃអង្គាសប្រាក់ដើម្បីឧបត្ថម្ភគណបក្ស សម រង្ស៊ី ក្នុងដំណើរការបោះឆ្នោតខែកក្កដា ខាងមុខនេះ លោក សម រង្ស៊ី ក្រៅពីការលើកគំរោងការ៣ យ៉ាង ដែលសន្យាប្រគល់ដីធ្លីឲ្យប្រជាពលរដ្ឋវិញ ការសន្យាឲ្យប្រជាជនមានការងារធ្វើ និងការលើកកំពស់សុខមាលភាពជួយព្យាបាលអ្នកក្រីក្រទៅពេទ្យដោយមិនបាច់បង់ថ្លៃប្រាក់នោះ ប្រធានគណបក្សប្រឆាំង នៅបានសំឡឹងឃើញឱកាសធំៗយ៉ាងហោចណាស់ ២ទៀតដែលសង្ឃឹមថា នឹងអាចផ្តួលដៃគូប្រកួតប្រជែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះបាន ។
ឱកាសធំទាំង២ គឺមួយទាក់ទងស្ថានភាពទំនិញឡើងថ្លៃដែលលោកបញ្ជាក់ ថា នឹងធ្វើឲ្យប្រជាជនខឹងសម្បាចំពោះអ្នកដឹកនាំរដ្ឋាភិបាល និងឱកាស
មួយទៀតជាប់ទាក់ទងនឹងអនាគតនយោបាយអាមេរិក ដែលកំពុងមានការជ្រើសរើសប្រធានាធិបតីថ្មី ៖ «បើលោក ចន ម៉ាកខេន បានជាប់ឆ្នោតជាប្រធានាធិបតី គាត់ច្បាស់ជាជួយប្រទេសកម្ពុជាពេញទំហឹង ហើយជួយនេះ គ្រាន់តែជំរុញឲ្យ អេហ្វប៊ីអាយ បញ្ចេញរបាយការណ៍របស់ខ្លួនមក ពេលនោះ អនាគតជីវិតនយោបាយរបស់ ហ៊ុន សែន ត្រូវបញ្ចប់មួយរំពេច» ៕