ប្រធានគណបក្ស សម រង្ស៊ី លោក សម រង្ស៊ី កាលពីថ្ងៃទី៥ តុលា បានប្រកាសជាសាធារណៈថា លោកនឹងស្វែងរកយុត្តិធម៌ឲ្យសិល្បករ និងតារាសម្ដែងភាពយន្ត អ្នកស្រី ពិសិដ្ឋ ពិលីកា ដែលត្រូវបានឃាតកបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ កាលពីខែកក្កដា ឆ្នាំ១៩៩៩។
លោក សម រង្ស៊ី បានអះអាងថា លោកនឹងប្ដឹងចោទប្រកាន់ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានកាកបាទក្រហមថា អ្នកស្រីជាអ្នកនៅពីក្រោយឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពិលីកា។
បន្ទាប់ពីអ្នកស្រី ពិសិដ្ឋ ពិលីកា ស្លាប់ ទស្សនាវដ្ដីបារាំងឈ្មោះ L’ Express បានចេញផ្សាយអត្ថបទមួយកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៩៩ ថា អ្នកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាអ្នកទទួលខុសត្រូវចំពោះឃាតកម្ម ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានបដិសេធការចុះផ្សាយព័ត៌មាននេះ។
លោក សម រង្ស៊ី បច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅឯប្រទេសបារាំង ពីការតាមចាប់ខ្លួនរបស់រដ្ឋាភិបាលកម្ពុជា បានប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីថា លោកនឹងបង្ហាញភស្តុតាងនៅសប្ដាហ៍ក្រោយ ជុំវិញករណីឃាតកម្មលើអ្នកស្រី ពិសិដ្ឋ ពិលីកា។
សូមស្ដាប់បទសម្ភាសន៍របស់លោក យន់ សាមៀន ជាមួយនឹងលោក សម រង្ស៊ី អំពីករណីនេះ៖
ក្រៅតែពីជាតារាភាពយន្តដ៏ល្បីឈ្មោះ អ្នកស្រី ពិសិដ្ឋ ពិលីកា ក៏ជាអតីតសាស្ត្រាចារ្យផ្នែករបាំបូរាណនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្រុងភ្នំពេញ កាលពីមុនឆ្នាំ១៩៩៩ ។
អ្នកស្រី ពិសិដ្ឋ ពិលីកា ត្រូវបានឃាតកមិនស្គាល់មុខបាញ់ប្រហារកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩ ក្នុងគ្រាដែលអ្នកស្រីទៅរកទិញអីវ៉ាន់នៅឯផ្សារអូរឫស្សី ក្រុងភ្នំពេញ។ លុះដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ១៩៩៩ អ្នកស្រី ពិសិដ្ឋ ពិលីកា ក៏បានទទួលមរណភាព នៅឯមន្ទីរពេទ្យកាល់ម៉ែត នៅវេលាម៉ោង ៦កន្លះព្រឹក។
នៅក្នុងហេតុការណ៍បាញ់ប្រហារនោះ កុមារីមួយរូបដែលជាក្មួយស្រីរបស់អ្នកស្រី ពិសិដ្ឋ ពិលីកា ក៏បានរងគ្រោះដោយគ្រាប់កាំភ្លើងផងដែរ ប៉ុន្តែត្រូវបានសង្គ្រោះជីវិត ហើយបច្ចុប្បន្នរស់នៅក្នុងប្រទេសបារាំង។
ក្នុងអំឡុងពេលជាង ១១ឆ្នាំកន្លងមកនេះ អាជ្ញាធរក្រុងភ្នំពេញ នៅមិនទាន់រកឃើញឃាតកនៅឡើយទេ៕