សម្ដេច​ក្រុមព្រះ​ចុះ​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​នរោត្ដមរណឫទ្ធិ

សម្ដេច​ក្រុមព្រះ នរោត្តម រាណឫទ្ធិ អតីត​ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ បាន​មាន​ព្រះ​បន្ទូល​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​បក្ស នរោត្តម រាណឫទ្ធិ នៅ​ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​​៤ ​ធ្នូ​ថា សមាជិក​សមាជិកា​នៃ​គណបក្ស​ជាតិ​និយម បាន​យក​ស្នាម​មេដៃ​ជាង ២​ម៉ឺន​៤​ពាន់​នាក់ ដើម្បី​ចូល​ជាមួយ​គណបក្ស នរោត្តម រណឫទ្ធិ ហើយ​និង​សុំ​យាង​ព្រះអង្គ​ដើម្បី​ដឹក​នាំ​គណបក្ស នរោត្តម រាណឫទ្ធិ ឡើង​វិញ។

សម្ដេច​ក្រុមព្រះ​បាន​មាន​ព្រះ​បន្ទូល​បន្ថែម​ថា ព្រះអង្គ​បាន​សង្កេត​ឃើញ​ថា អ្នក​រាជា​និយម អ្នក​ជាតិ​និយម​មាន​សំឡេង​ច្រើន​ណាស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​នេះ តែ​ស្ថិត​នៅ​ក្នុង​ភាព​រប៉ាត់រប៉ាយ ដែល​ព្រះអង្គ​មាន​ទិស​ដៅ​ប្រមែប្រមូល ៖ «ខ្ញុំ​មាន​ទិស​ដៅ​ប្រមែប្រមូល​អ្នក​រាជា​និយម​ឡើង​វិញ ដែល​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក្តី គណបក្ស​ជាតិ​និយម​ក្តី ពុំ​មាន​លទ្ធភាព​ដោយ​អវត្តមាន ខ្ញុំ​ប្រមែប្រមូល​នូវ​កម្លាំង​អស់​ទាំង​នេះ ទិស​ដៅ​ទី​ពីរ យើង​ប្រមែប្រមូល​បាន​ហើយ គឺ​យក​សំឡេង​ទាំង​នេះ​ទៅ​ចូល​រួម​ចំណែក​ក្នុង​ការ​បម្រើ​ប្រទេស​ជាតិ​ឡើង​វិញ»

ព្រះអង្គ​បាន​មាន​ព្រះ​បន្ទូល​ទៀត​ថា គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច​បច្ចុប្បន្ន​នេះ មិន​មែន​ជា​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ប្រសូត្រ​ចេញ​មក​ពី​ចលនា​តស៊ូ​ដែល​បង្កើត​ដោយ​ព្រះបិតា​របស់​ព្រះអង្គ ដែល​ជា​អតីត​ព្រះមហាក្សត្រ គឺ​ព្រះបាទ នរោត្តម សីហនុ នៅ​ឆ្នាំ​១៩៨១ នោះ​ទេ ៖ «មាន​អ្នក​ខ្លះ​គេ​យក​រឿង​សោកនាដកម្ម​យ៉ាង​ឈឺ​ចាប់​យ៉ាង​ខ្លោច​ផ្សា​បំផុត ថ្ងៃ​២២ វិច្ឆិកា កន្លង​នេះ យក​ទៅ​ប្រើ ខ្ញុំ​បើ​មាន​កម្លាំង​គ្រប់គ្រាន់​នៅ​តែ​បន្ត​អ្វី​មួយ​ដែល​ជា​ផ្លូវ​កណ្ដាល លើក​ជា​បញ្ហា ហើយ​លើក​ជា​ដៃគូ​ពិត​ប្រាកដ​ក្នុង​ការ​ដោះស្រាយ»

សម្ដេច​ក្រុមព្រះ នរោត្តម រាណឫទ្ធិ ត្រូវ​បាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្វើ​សន្និបាត​ដក​ចេញ​ពី​តំណែង​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០០៦ ហើយ​បច្ចុប្បន្ន​ព្រះអង្គ​ជា​ទីប្រឹក្សា​ព្រះមហាក្សត្រ៕