សម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ លា​លែង​ពី​តំណែង​ឈប់​ធ្វើ​នយោបាយ

សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះ​ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​ប្រកាស​លា​លែង​ពី​គណបក្ស នរោត្តម រណឫទ្ធិ និង​ឈប់​ធ្វើ​នយោបាយ​ចាប់​ពី​ពេល​នេះ​ត​ទៅ។

លិខិត​មួយ​ដែល​មាន​ព្រះហស្តលេខា​របស់​សម្ដេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ថ្ងៃ​សុក្រ ទី​១០ សីហា ពី​ប្រទេស​បារាំង មាន​ខ្លឹមសារ​ខ្លី​ថា ព្រះអង្គ​ឈប់​ធ្វើ​នយោបាយ និង​សេចក្ដី​សម្រេច​ផ្សេងៗ​របស់​គណបក្ស​នេះ​ត​ទៅ​ទៀត​ហើយ។ នៅ​ក្នុង​លិខិត​នោះ​ពុំ​មាន​ការ​ពន្យល់​ច្បាស់​លាស់​ពី​ហេតុផល​នៃ​ការ​លា​ឈប់​ពី​នយោបាយ​របស់​ព្រះអង្គ ក្រៅ​អំពី​ថា ព្រះ​អង្គ​នឹង​ចាប់​ផ្ដើម​បំពេញ​កិច្ចការ​មនុស្ស​ធម៌ សង្គមកិច្ច ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍ​ប្រទេស​ជាតិ។

ការ​ប្រកាស​ឈប់​ប្រឡូក​នយោបាយ​របស់​សម្ដេច​ក្រុម​ព្រះ នោះ គឺ​មិន​មែន​ជា​លើក​ទី​១​ទេ។ ការ​ប្រកាស​លា​លែង​នេះ នៅ​បន្ទាប់​ពី​មាន​ជម្លោះ​ផ្ទៃ​ក្នុង រវាង​នរោត្តម រណឫទ្ធិ និង​លោក សៅ រ៉ានី អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ ដែល​រហូត​មាន​ការ​ប្ដឹង​ផ្ដល់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ពី​សំណាក់​លោក សៅ រ៉ានី ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។