ព្រះអង្គមានបន្ទូលបន្តថា ក្រោយពេលបង្កើតអោយមានជាទម្លាប់ហើយ នៅថ្ងៃណាមួយការដោះដូរភូមិឃុំរបស់ខ្មែរនៅតាមព្រំដែនជាប់ជាមួយប្រទេសជិតខាង អាចនឹងកើតមានតទៅទៀត ដែលបញ្ហានេះជាគំរូមិនល្អនោះទេ។
ប្រធានគណៈកម្មាធិការកិច្ចការព្រំដែននៅកម្ពុជា លោក វ៉ា គឹមហុង មានប្រសាសន៍ថា កិច្ចចរចាដោះដូរភូមិនៅតាមបណ្តោយព្រំដែនរវាងប្រទេសកម្ពុជា ជាមួយវៀតណាម នោះ ជិតដល់ទីបញ្ចប់ ហើយនឹងចាប់អនុវត្តពីភូមិកំណើតរបស់លោក ហេង សំរិន គឺភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ៩ ក្នុងស្រុកពញាក្រែក ខេត្តកំពង់ចាម មុនគេ។
ទោះបីជាយ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់ នរោត្តម រណឫទិ្ធ មានបន្ទូលថា កម្ពុជាគួរយកផែនទីដែលសម្ដេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ បានដាក់តម្កល់នៅអង្គការសហប្រជាជាតិមកដោះស្រាយជាមួយវៀតណាម។
មានបន្ទូលក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ ខែមិថុនា នៅក្នុងដំណាក់របស់ព្រះអង្គ នាទីក្រុងភ្នំពេញ ព្រះអង្គម្ចាស់ នរោត្តម រណឫទិ្ធ ក៏បានផ្ដល់ហេតុផលដែលព្រះអង្គបានគាំទ្រសន្ធិសញ្ញាបំពេញបន្ថែម ក្នុងឆ្នាំ២០០៥ ស្ដីពីព្រំដែនជាមួយប្រទេសវៀតណាម នោះដែរ។
លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការកិច្ចការព្រំដែនកម្ពុជា បានថ្លែងថា ក្នុងការចរចាដោះដូរភូមិជាមួយប្រទេសវៀតណាម កម្ពុជានឹងរក្សាទុកភូមិពីរ គឺភូមិថ្លុកត្រាច និងភូមិអន្លុងជ្រៃ៩ ដែលជាភូមិកំណើតរបស់លោក ហេង សំរិន ហើយកម្ពុជាត្រូវរកភូមិចំនួនពីរវិញ ប្រគល់ទៅអោយវៀណាម ដោយគណនាផ្ទៃក្រឡាដីស្មើគ្នា។
លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា នាពេលថ្មីៗនេះ បានដាក់លិខិតមួយស្វែងរកអន្តរាគមន៍ពីសំណាក់សមាជិកសភាកម្ពុជាទាំង ១២៣រូប ឲ្យកោះហៅលោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែននៃរាជរដ្ឋាភិបាលឲ្យចូលមកធ្វើការឆ្លើយបំភ្លឺចំពោះមុខសភា អំពីបញ្ហានៃការចុះកិច្ចព្រមព្រៀងជាមួយប្រទេសវៀតណាម ស្តីពីការដោះដូរភូមិតាមបណ្តាព្រំដែនប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។