មន្រ្តីស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សអាដហុក បានសម្ដែងការព្រួយបារម្ភថា ស្ថានការណ៍រំលោភសេពសន្ថវៈលើកុមារមិនទាន់ពេញវ័យនៅតែមានអត្រាខ្ពស់នៅទ្បើយនៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ២០០៩នេះ ដោយសារតែជនសង្ស័យឬជនល្មើសតែងតែរួចផុតពីការផ្តន្ទាទោសដោយការសម្រុះសម្រួល ឬទូទាត់ជាសំណងដល់ជនរងគ្រោះ។
លោក នី ចរិយា ជាប្រធានផែ្នកស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា ជនរងគ្រោះភាគច្រើន មានអាយុ៥ឆ្នាំ ក្រោមអាយុ១០ឆ្នាំ និងក្រោម១៨ឆ្នាំ ៖ «មានអំពើនិទណ្ឌភាពភាគច្រើននេះ មន្រ្តីនគរបាលយុត្តិធម៌និងតុលាការហ្នឹងប្រើប្រាស់យុទ្ធសាស្រ្ដក្នុងការសម្របសម្រួលរំលោភសេពសន្ថវៈនេះ ដោយឲ្យជនប្រព្រឹត្តបង់លុយខ្លះទៅជនរងគ្រោះទៅ ហើយលុបសំណុំរឿងហ្នឹងចោល កប់សំណុំរឿងហ្នឹងចោល ឬក៏ឲ្យជនរងគ្រោះហ្នឹងបិទសំណុំរឿង។ អាចនឹងមានកត្តាផ្សេងទៀត ដូចជាមានអំពើពុករលួយនៅក្នុងប្រព័ន្ធយុត្តិធម៌យើងខ្លះ ដែលធ្វើឲ្យជនល្មើសហ្នឹង ជនប្រព្រឹត្តហ្នឹងអាចមានលទ្ធភាពច្រើនក្នុងការគេចខ្លួនដែរ»។
យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្ស អាដហុក ដែលបានចេញផ្សាយជាសាធារណៈបាននិយាយថា អំពើរំលោភសេពសន្ថវៈជាបទល្មើសឧក្រិដ្ឋ មិនអាចធ្វើការសម្រុះសម្រួល ដោយសំណងរដ្ឋប្បវេណីដើម្បីបោះបង់ចោលការចោទប្រកាន់ក្រោមបទល្មើសព្រហ្មទណ្ឌបានទេ។
ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ជនរងគ្រោះដោយអំពើរំលោភសេពសន្ថវៈនោះភាគច្រើនពុំបានទទួលយុត្តិធម៌ទេ ដែលរបាយការណ៍នោះបានចាត់ទុកថា និទណ្ឌភាពស្ទើរតែក្លាយជាវប្បធម៌នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ។
ប្រតិកម្មទៅនឹងរបាយការណ៍ខាងលើនេះ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ ជាមន្រ្តីអ្នកនាំពាក្យរបស់ក្រសួងមហាផៃ្ទ ប្រទេសកម្ពុជា បានមានប្រសាសន៍ថា បញ្ហានេះ សមត្ថកិច្ចតែងតែសហការជាមួយនឹងតុលាការ ដើម្បីចាប់ខ្លួនជនល្មើសផ្តន្ទាទោស។
លោកបានបន្តថា សមត្ថកិច្ចមិនដែលគាំពារជនណាមួយប្រព្រឹត្តអំពើពុករលួយក្នុងករណីនេះទេ។ លោកសន្យាថា នឹងធ្វើការផ្ទៀងផ្ទាត់រវាងរបាយការណ៍របស់អង្គការសិទ្ធិមនុស្សអាដហុកនោះ ជាមួយនឹងរបាយការណ៍របស់សមត្ថកិច្ច។
របាយការណ៍របស់អង្គការសិទ្ធិមនុស្សអាដហុក បាននិយាយបន្តទៀតថា ករណីរំលោភសេពសន្ថវៈដែលបានកើតទ្បើងភាគច្រើនប៉ះពាល់ដល់ជនរងគ្រោះជាអនីតិជនចំនួន ២០១ករណីនៅក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០០៩នេះ បើប្រៀបធៀបទៅនឹងរយៈពេល៥ខែដូចគ្នាកាលពីឆ្នាំ២០០៨កន្លងទៅ គឺមានចំនួន ២០៦ករណី គឺស្ថានការណ៍នៃការរំលោភសេពសន្ថវៈមិនបានថយចុះទ្បើយ៕
ពលរដ្ឋម្នាក់នៅកំពង់ឆ្នាំងត្រូវអ្នកយាមឡូត៍នេសាទបាញ់ឲ្យស្លាប់
អតីតអ្នកកាសែតម្នាក់ត្រូវផ្តន្ទាទោសឲ្យជាប់គុក២ឆ្នាំពីបទផ្សាយព័ត៌មានមិនពិត
បុរសតៃវ៉ាន់ម្នាក់ជាប់គុក៣៧ឆ្នាំពីបទរត់ពន្ធគ្រឿងញៀន
ជនដាណាម៉ាកម្នាក់រងការចោទថាចាប់បង្ខំរួមភេទជាមួយកុមារីខ្មែរ
ក្មេងស្រី១៧នាក់ត្រូវឃាត់ខ្លួនពីបទសង្ស័យថាប្រកបរបរផ្លូវភេទ
យុវជនម្នាក់នៅព្រៃវែងរងរបួសធ្ងន់ដោយសារក្រុមក្មេងទំនើងលួចកាប់
ប្រធានមជ្ឈមណ្ឌលកុមារកំព្រានៅខេត្តកណ្តាលត្រូវចាប់ខ្លួនពីបទវាយដំកុមារ
ជនសង្ស័យម្នាក់ក្នុងករណីប៉ុនប៉ងសម្លាប់មនុស្សត្រូវបានដោះលែង
ទាហានថៃរងការចោទថាប្រើអំពើហិង្សាលើស្រ្ដីខ្មែរម្នាក់ឲ្យរងរបួស