អង្គការ​សិទ្ធិ​មនុស្ស​បារម្ភ​អំពី​កំណើន​នៃ​ករណី​រំលោភ​សេព​សន្ថវៈ

មន្រ្តី​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ថា ស្ថានការណ៍​រំលោភ​សេពសន្ថវៈ​លើ​កុមារ​មិន​ទាន់​ពេញ​វ័យ​នៅ​តែ​មាន​អត្រា​ខ្ពស់​នៅ​ទ្បើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ដើម​ឆ្នាំ​២០០៩​នេះ ដោយសារ​តែ​ជន​សង្ស័យ​ឬ​ជន​ល្មើស​តែងតែ​រួច​ផុត​ពី​ការ​ផ្តន្ទាទោស​ដោយ​ការ​សម្រុះ​សម្រួល ឬ​ទូទាត់​ជា​សំណង​ដល់​ជន​រង​គ្រោះ។

0:00 / 0:00

លោក នី ចរិយា ជា​ប្រធាន​ផែ្នក​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​មាន​ប្រសាសន៍​ថា ជន​រង​គ្រោះ​ភាគ​ច្រើន មាន​អាយុ​៥​ឆ្នាំ ក្រោម​អាយុ​១០​ឆ្នាំ និង​ក្រោម​១៨​ឆ្នាំ ៖ «មាន​អំពើ​និទណ្ឌភាព​ភាគ​ច្រើន​នេះ មន្រ្តី​នគរបាល​យុត្តិធម៌​និង​តុលាការ​ហ្នឹង​ប្រើ​ប្រាស់​យុទ្ធសាស្រ្ដ​ក្នុង​ការ​សម្រប​សម្រួល​រំលោភ​សេព​សន្ថវៈ​នេះ ដោយ​ឲ្យ​ជន​ប្រព្រឹត្ត​បង់​លុយ​ខ្លះ​ទៅ​ជន​រង​គ្រោះ​ទៅ ហើយ​លុប​សំណុំ​រឿង​ហ្នឹង​ចោល កប់​សំណុំ​រឿង​ហ្នឹង​ចោល ឬ​ក៏​ឲ្យ​ជន​រង​គ្រោះ​ហ្នឹង​បិទ​សំណុំ​រឿង។ អាច​នឹង​មាន​កត្តា​ផ្សេង​ទៀត ដូច​ជា​មាន​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​យើង​ខ្លះ ដែល​ធ្វើ​ឲ្យ​ជន​ល្មើស​ហ្នឹង ជន​ប្រព្រឹត្ត​ហ្នឹង​អាច​មាន​លទ្ធភាព​ច្រើន​ក្នុង​ការ​គេច​ខ្លួន​ដែរ»

យោង​តាម​របាយការណ៍​ស៊ើប​អង្កេត​របស់​អង្គការ​សិទ្ធិ​មនុស្ស អាដហុក ដែល​បាន​ចេញ​ផ្សាយ​ជា​សាធារណៈ​បាន​និយាយ​ថា អំពើ​រំលោភ​សេព​សន្ថវៈ​ជា​បទ​ល្មើស​ឧក្រិដ្ឋ មិន​អាច​ធ្វើការ​សម្រុះ​សម្រួល ដោយ​សំណង​រដ្ឋប្បវេណី​ដើម្បី​បោះ​បង់​ចោល​ការ​ចោទ​ប្រកាន់​ក្រោម​បទ​ល្មើស​ព្រហ្មទណ្ឌ​បាន​ទេ។

ប៉ុន្តែ​នៅ​ក្នុង​ការ​អនុវត្ត​ជាក់​ស្តែង ជន​រង​គ្រោះ​ដោយ​អំពើ​រំលោភ​សេព​សន្ថវៈ​នោះ​ភាគ​ច្រើន​ពុំ​បាន​ទទួល​យុត្តិធម៌​ទេ ដែល​របាយការណ៍​នោះ​បាន​ចាត់​ទុក​ថា និទណ្ឌភាព​ស្ទើរ​តែ​ក្លាយ​ជា​វប្បធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ។

ប្រតិកម្ម​ទៅ​នឹង​របាយការណ៍​ខាង​លើ​នេះ លោក​ឧត្តម​សេនីយ៍​ឯក ខៀវ សុភ័គ ជា​មន្រ្តី​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​មហាផៃ្ទ ប្រទេស​កម្ពុជា បាន​មាន​ប្រសាសន៍​ថា បញ្ហា​នេះ សមត្ថកិច្ច​តែងតែ​សហការ​ជាមួយ​នឹង​តុលាការ ដើម្បី​ចាប់​ខ្លួន​ជន​ល្មើស​ផ្តន្ទាទោស។

លោក​បាន​បន្ត​ថា សមត្ថកិច្ច​មិន​ដែល​គាំពារ​ជន​ណា​មួយ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ករណី​នេះ​ទេ។ លោក​សន្យា​ថា នឹង​ធ្វើការ​ផ្ទៀង​ផ្ទាត់​រវាង​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​នោះ ជាមួយ​នឹង​របាយការណ៍​របស់​សមត្ថកិច្ច។

របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​និយាយ​បន្ត​ទៀត​ថា ករណី​រំលោភ​សេព​សន្ថវៈ​ដែល​បាន​កើត​ទ្បើង​ភាគ​ច្រើន​ប៉ះ​ពាល់​ដល់​ជន​រង​គ្រោះ​ជា​អនីតិជន​ចំនួន ២០១​ករណី​នៅ​ក្នុង​រយៈពេល ៥​ខែ​ដំបូង​នៃ​ឆ្នាំ​២០០៩​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​៥​ខែ​ដូចគ្នា​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ គឺ​មាន​ចំនួន ២០៦​ករណី គឺ​ស្ថានការណ៍​នៃ​ការ​រំលោភ​សេព​សន្ថវៈ​មិន​បាន​ថយ​ចុះ​ទ្បើយ៕