ក៏ប៉ុន្តែប្រជាពលរដ្ឋនៅភូមិត្មាតប៉ឺយ ខេត្តព្រះវិហារ មិនត្រឹមតែអាចរស់នៅក្នុងតំបន់ព្រៃការពារចិរភាពតែប៉ុណ្ណោះទេ តែពួកគាត់ថែមទាំងបានបង្កើតសហគមន៍មួយ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោកមកទស្សនាព្រៃឈើ និងសត្វព្រៃ ក្នុងមូលដ្ឋានគាត់ រកបានប្រាក់ចំណូលយ៉ាងច្រើនមកអភិវឌ្ឍន៍ភូមិរបស់គាត់ទៀតផង។
ប្រជាពលរដ្ឋនៅភូមិត្មាតប៉ឺយ ឃុំព្រីងធំ ស្រុកគូលែន ខេត្តព្រះវិហារ ប្រហែល ២០០ គ្រួសារអះអាងថា ពួកគាត់រកប្រាក់ចំណូលបានជាងមួយម៉ឺនដុល្លារ ជាមធ្យមក្នុងមួយឆ្នាំ ដែលប្រាក់ចំណូលនេះបានមកដោយសារ ភ្ញៀវទេសចរណ៍បរទេស ចូលមកភូមិ គាត់ដើម្បីមើលសត្វត្រយង ដែលជាសត្វជិតផុតពូជនៅលើលោក តែសត្វដ៏កម្រនេះ នៅមានសេសសល់ក្នុងព្រៃក្បែរភូមិគាត់។
សំឡេងសត្វត្រយងតែងតែយំក្បែរភូមិគាត់រាល់ព្រឹកល្ងាច ដែលអ្នកភូមិនៅទីនេះពោលថា មានខ្មែរភាគច្រើន មិនដែលឃើញមិនដែលឮសំនៀងសត្វនេះដូចម្ដេចផង គឺបានដឹងអំពីសត្វត្រយងតាមរយ:បទចម្រៀង ឬឮគេថាតៗ គ្នាតែប៉ុណ្ណោះ។
អ្នកភូមិបានឲ្យដឹងថា ដើម្បីគ្រប់គ្រងនិងចាត់ចែងប្រាក់ចំណូលនេះឲ្យបានត្រឹមត្រូវ និងទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកទស្សនាសត្វត្រយងនៅភូមិគាត់ ពួកគាត់បានបង្កើតសហគមន៍មួយឈ្មោះ ថា «សហគមន៍ការពារធម្មជាតិត្មាតប៉ឺយ ធឿនក្រសាំង» ដែលឈ្មោះនេះ មានភាសាជនជាតិកួយ លាយ គឺ ត្មាតប៉ឺយ មានន័យថា ត្មាតលេងទឹក ហើយពាក្យថា ធឿនក្រសាំង ប្រែថា សម្បូរទៅដោយដើមក្រសាំង ផ្ទុយទៅវិញ តំបន់នេះគេមិនឃើញមានសត្វត្មាត និងសម្បូរដើមក្រសាំងដូចឈ្មោះសហគមន៍នោះទេ ព្រោះជិតដាច់ពូជអស់ហើយ។
ក៏ប៉ុន្តែ លោកស្រី សួន ឡា អាយុ៣៨ឆ្នាំ សមាជិកសហគមន៍នេះមានប្រសាសន៍ថា នៅមានសត្វត្រយងខ្លះសេសសល់នៅឡើយ ដូចជាត្រយងចង្កំពណ៌ស និងសត្វត្រយងយក្ស មានយំនៅក្បែរភូមិ រាល់ថ្ងៃនៅឡើយ។
លោក អៀ សុខា នាយកដែលជម្រកសត្វព្រៃគូលែនព្រហ្មទេពមានប្រសាសន៍ថា ដំណឹងថាមានសត្វត្រយងនៅសេសសល់ក្បែរភូមិត្មាតប៉ឺយបានលេចឮដល់ទេសចរបរទេស ហើយពូកគេក៏នាំគ្នាមកមើលដែលមានចំនួនជាមធ្យមក្នុងមួយឆ្នាំ ១០០ នាក់ ភាគច្រើនជាភ្ញៀវអឺរ៉ុប និងអាមេរិក។ លោកថា ដោយសារតែភូមិត្មាតប៉ឺយជាដំបន់ដាច់ស្រយាល ភ្ញៀវទេសចរពិបាកធ្វើដំណើរទៅមកសហគមន៍ក៏សម្រេចសង់ផ្ទះសំណាក់មួយនៅក្នុងព្រៃសម្រាប់ទទួលភ្ញៀវទេសចរស្នាក់នៅ។ ផ្ទះសំណាក់នោះសង់ឡើងដោយប្រយ័ត្នប្រយែងខ្លាចប៉ះពាល់បរិស្ថាន គឺសង់ពីឈើប្រក់ស្បូវមាន ៨ បន្ទាប់ មិនប្រើម៉ាស៊ីនត្រជាក់ ប្រើកង្ហារ ដើរដោយថាមពលពន្លឺព្រះអាទិត្យ។
វិទ្យុអាស៊ីសេរីសង្កេតឃើញថា ផ្ទះសំណាក់នេះសង់ក្នុងព្រៃ មិនមានរបងការពារសុវត្ថិភាព មានតែរបងឈើព្រៃបែបធម្មជាតិ តែលោក អៀ សុខា បញ្ជាក់ថា ផ្ទះសំណាក់បែបធម្មជាតិដូច្នេះ ទាក់ទាញភ្ញៀវទេសចរបរទេសណាស់ ជាពិសេសចំពោះអ្នកទេសចរបែបផ្សងព្រេង។
អ្នកភូមិឲ្យដឹងថា ភ្ញៀវត្រូវចំណាយ ១៥ ដុល្លារ សម្រាប់ថ្លៃបន្ទប់មួយយប់ ១៥ ដុល្លារទៀតថ្លៃម្ហូបមួយថ្ងៃ ចំណាយ ៥ ដុល្លារសម្រាប់អ្នកនាំផ្លូវទៅមើលសត្វ ហើយបើភ្ញៀវទេសចរឃើញសត្វត្រយងត្រូវបង់ប្រាក់បន្ថែម ៣០ ដុល្លារក្នុងម្នាក់បន្ថែមជាប្រាក់វិភាគទានសម្រាប់អភិវឌ្ឍន៍ភូមិ។
លោក ដួង តារា អ្នកនាំភ្ញៀវទេសចរឲ្យដឹង ភ្ញៀវភាគច្រើនសម្រាករយៈពេលបីយប់ ពួកគេទាំងអស់ចង់មើលសត្វត្រយងពេលថ្ងៃ ហើយពេលយប់ខែភ្លឺពួកគេចូលចិត្តដើរកម្សាន្តព្រៃមើលសត្វរាត្រីចរថែមទៀត។
ផ្ទះសំណាក់នេះបានផ្ដល់ការងារឲ្យកូនចៅអ្នកភូមិដែលមានជនជាតិភាគតិចផង មានការងារធ្វើបានប្រាក់ចំណូលបន្ថែមពីការងារធ្វើស្រែចម្ការ ដូចជាការងារអនាម័យ បោកអ៊ុតជាដើម។
កញ្ញា សែង ជ្រាំង អ្នកសម្អាតបន្ទប់ មានប្រសាសន៍បែបរំភើបថា ការងារនេះបានធ្វើឲ្យនាងបានប្រាក់ចំណូលបន្ថែម និងនាំឲ្យនាងបានស្គាល់ជនបរទេសស្បែកសរ ដែលនាងមិននឹកស្មានថា ក្នុងមួយជីវិតនាង បានឃើញផ្ទាល់ភ្នែកក្នុងនាមជានារីរស់នៅព្រៃភ្នំដាច់ស្រយាលដូច្នេះ។ នាងពោលបែបអឹមអៀមថា នាងសោកស្ដាយដោយសារមិនបានប្រាស្រ័យទាក់ទងជាមួយភ្ញៀវបានល្អព្រោះតែភាសាខុសគ្នា។
ក្រុមមន្ត្រីអភិរក្សសត្វព្រៃខេត្តព្រះវិហារ ឲ្យដឹងថា ត្រយង គឺជាសត្វស្លាបដ៏កម្រ ដែលស្ទើរផុតពូជពីពិភពលោកនេះ។ កាលពីឆ្នាំ ២០០០ គេឃើញមានសត្វត្រយងតែពីរក្បាលទេ នៅតំបន់ធម្មជាតិក្បែរភូមិតាប៉ឺយនេះ តែសព្វថ្ងៃសត្វត្រយងបានកើនឡើងចំនួន ៤៨ ក្បាល។ ការកើនឡើងនេះ គឺដោយសារអ្នកភូមិនៅទីនេះការពារ និងអភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យមកមើលសត្វត្រយង។ ស្របពេលនេះដែរ មន្ត្រីអភិរក្សសត្វព្រៃខេត្តព្រះវិហារ ឲ្យដឹងថា ភ្ញៀវទេសចរដែលមកមើលសត្វត្រយងនេះមានតែបរទេសមិនមានជនជាតិខ្មែរសោះ ហើយបានអំពាវនាវឲ្យអ្នកទេសចរខ្មែរមកមើលសត្វត្រយងនេះផង ហើយអ្នកភូមិមិនយកថ្លៃដូចអ្នកទេសចរបរទេសទេ៕
