តុលាការ​រតនគិរី​កោះ​ហៅ​សាក្សី​១២នាក់​ចូល​បំភ្លឺ​រឿង​សម្លាប់​លោក ហង្ស សិរីឧត្ដម

ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ ខេត្ត​រតនគិរី បាន​ចេញ​ដីកា​កោះ​ហៅ​សាក្សី​ចំនួន ១២នាក់ មក​បំភ្លឺ​ពី​រឿង​ក្តី​ឃាតកម្ម​សម្លាប់​អ្នក​យក​ព័ត៌មាន​កាសែត​វរជន​ខ្មែរ គឺ​លោក ហង្ស សិរីឧត្តម។

សាក្សី​ទាំង ១២នាក់​មាន​បី​នាក់ ជា​ក្រុម​គ្រួសារ​ជន​រងគ្រោះ គឺ​អ្នកស្រី កែវ សុវណ្ណ ជា​ម្តាយ​បង្កើត អ្នកស្រី អឺម ចន្ធី ជា​ភរិយា និង​កញ្ញា សាន ម៉ារ៉ាឌី ជា​កូន​ស្រី​សព​លោក ហង្ស សិរីឧត្តម។ ចំណែក​សាក្សី​ចំនួន ៩នាក់​ទៀត មាន​ឈ្មោះ សាត សឿន ហៅ សឿន ផែនដី ឈ្មោះ លិប កេត មេ​បញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​ស្រុក​វ៉ឺនសៃ ឈ្មោះ ថង ចាន់ណា មន្ត្រី​ប៉ូលិស​ស្រុក​វ៉ឺនសៃ ឈ្មោះ គឹង សៀនឡៃ មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ជា​កូន​ភរិយា​ក្រោយ​របស់​មេ​បញ្ជាការ​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ឈ្មោះ សន គឹមសែន រស់ សំបូរ តឹង ឌឹកប៊ី តឹង យ៉ាងញ៉ឹង ឡេ ហុងស៊ឺង ជា​ប្រជាពលរដ្ឋ។

ចៅក្រម​ស៊ើបសួរ​លោក ឡុច ឡៅ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពិត​ជា​ចេញ​ដីកា​កោះ​ហៅ​មនុស្ស​ចំនួន ១២នាក់ មក​បំភ្លឺ​ពី​រឿង​ក្តី​នេះ​បន្ត ចាប់​ពី​ថ្ងៃ​ទី៨ ដល់​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១២។

អ្នក​យក​ព័ត៌មាន​កាសែត​វរជន​ខ្មែរ លោក ហង្ស សិរីឧត្តម ត្រូវ​ឃាតក​មិន​ស្គាល់​មុខ​សម្លាប់​កាល​ពី​ថ្ងៃ​ទី៩ ខែ​កញ្ញា ហើយ​ក្រុម​ឃាតក​យក​សាកសព​លោក​ញាត់​ក្នុង​ឃ្លុប​ក្រោយ​រថយន្ត​របស់​លោក​ទៅ​ទុក​ចោល​នៅ​ចម្ការ​ស្វាយចន្ទី​មួយ នៅ​ភូមិ​ធួយអំពិល ឃុំ​ចាអ៊ុង ស្រុក​អូរជុំ ចម្ងាយ​ប្រមាណ ៣គីឡូម៉ែត្រ​ពី​ក្រុង​បានលុង ខេត្ត​រតនគិរី។

ជន​សង្ស័យ​ពីរ​រូប គឺ​លោក អ៊ាន ប៊ុនហេង ហៅ អេង ជា​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត និង​ភរិយា​ឈ្មោះ វី ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​មនុស្ស​ឃាត​គ្រោង​ទុក លើ​លោក ហង្ស សិរីឧត្តម ហើយ​បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ទាំង​ពីរ នៅ​ពន្ធនាគារ​ខេត្ត​រតនគិរី បណ្ដោះ​អាសន្ន ដើម្បី​បើក​ការ​ស៊ើប​អង្កេត​បន្ត។

មិន​មាន​ប្រភព​ផ្លូវ​ការ​ណា​មួយ​បញ្ជាក់​ថា ឃាតកម្ម​នេះ​មាន​ពាក់ព័ន្ធ​បញ្ហា​អ្វី​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​ប្រភព​អ្នក​មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ហង្ស សិរីឧត្តម បាន​និយាយ​ថា មុន​ពេល​គេ​សម្លាប់ គេ​បាន​កត់​សម្គាល់​ថា ឃាតកម្ម​លើ​រូប​លោក ហង្ស សិរីឧត្តម អាច​ជា​បញ្ហា​ជាប់​ពាក់ព័ន្ធ ដោយ​សារ​លោក​ធ្វើ​ឲ្យ​បែក​ធ្លាយ​រឿង​អាស្រូវ​ជំនួញ​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​ក្នុង​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។