អ្នកភូមិរស់នៅភូមិ៧ ឈ្មោះ យ៉ាន នាត មានប្រសាសន៍ឲ្យដឹងថា ដីក្នុងតំបន់អភិវឌ្ឍន៍របស់អាជ្ញាធរខេត្តដែលបានបែងចែកជាដីឡូត៍លក់ឲ្យប្រជាពលរដ្ឋចំនួន ១០ប្លង់ និងមានចេញប័ណ្ណកម្មសិទ្ធិផងនោះ ត្រូវបានអង្គរក្សលោក ប៊ូ ថង ឈ្មោះ យ៉ាន វីន បញ្ជាកម្មករនិងត្រាក់ទ័ររុះរើរបងព្រំដី ហើយភ្ជួររាស់ដីនោះសម្រាប់លោក ប៊ូ ថង ។
យ៉ាន នាត រៀបរាប់ដូច្នេះថា ៖ «ខ្ញុំសួរថាពូអ្នកណាជួលពូមក គាត់ថាគាត់អង្គរក្សរបស់តា ប៊ូ ថង» ។
ចំណែកអ្នកភូមិ៣ ឈ្មោះ ឯម កុយ បញ្ជាក់ដែរថា មន្រ្តីប៉ូលិសខេត្តលោក យិន សារឿន ក៏បានជួលជាងចាក់បង្គោលហ៊ុមព័ទ្ធរបងយកដីផ្លូវសាធារណៈរបស់ខេត្ត ទទឹង ៥ម៉ែត្រ បណ្ដោយផ្លូវ ២១៥ម៉ែត្រ និងរំលោភចូលដីប្រជាពលរដ្ឋពីរគ្រួសារដើម្បីពង្រីកដីឡូត៍លោក ប៊ូ ថង ដែលនៅក្បែរនោះទៀតផង ៖ «ប៉ះពាល់តែដីខ្ញុំ ហើយនិងដីបងធី ចំណែកប៉ះពាល់ទៅលើផ្លូវហ្នឹងវាមានច្រើនគ្រួសារ ។ យិន សារឿន ហ្នឹងគាត់និយាយចេញមកថា គាត់ធ្វើហ្នឹងតាមបញ្ជាតា ប៊ូ ថង» ។
វិទ្យុអាស៊ីសេរី នៅថ្ងៃច័ន្ទ ទី៥ ឧសភា ឆ្នាំ ២០០៨ នេះ មិនអាចទាក់ទងជួបអង្គរក្សលោក ប៊ូ ថង លោក យ៉ាន វីន បានទេ ហើយទូរស័ព្ទលោកក៏មិនអាចទាក់ទងបាន ។
ចំណែកលោក យិន សារឿន ដែលរងការចោទប្រកាន់ដូចគ្នា បានបដិសេធមិនធ្វើអត្ថាធិប្បាយក្រោមហេតុផលថា រវល់ជាប់ប្រជុំ ក៏ប៉ុន្តែលោកបានបង្ហើបយ៉ាងដូច្នេះ ៖ «ពីមុនអត់មានផ្លូវទេ ក្រោយមកតាគាត់ទុកសម្រាប់ឲ្យដើរ» ។
មេឃុំឡាបានសៀក លោក ញៀន តៃស៊ី មានប្រសាសន៍បញ្ជាក់ថា លោកក៏បានទទួលពាក្យតវ៉ាពីប្រជាពលរដ្ឋករណីទាំងពីរនេះរួចហើយ ហើយកាលពីសប្ដាហ៍មុននេះ ក្រុមប្រឹក្សាឃុំបានប្រជុំឯកភាពគ្នាចេញដីកាឲ្យលោក យិន សារឿន ផ្អាកការសាងសង់របងនៅលើផ្លូវលេខ៤២០ ដែលស្ថិតនៅក្នុងប្លង់គោលរបស់អាជ្ញាធរខេត្ត និងធ្វើលិខិតអន្តរាគមន៍ទៅអាជ្ញាធរខេត្តជួយដោះស្រាយបញ្ហានេះ ៖ «យិន សារឿន គាត់ធ្វើរបងពីបង ប៊ូ ថង ៥ម៉ែត្រ ដីបង ប៊ូ ថង គាត់មានរបងថ្មគាត់តើ! ខ្ញុំបានរាយការណ៍ខេត្តដើម្បីឲ្យផ្អាកការងារធ្វើ កុំមកបំពានលើដីសាធារណៈអី» ។
វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអភិបាលខេត្តរតនគិរី លោក មួង ប៉យ ជុំវិញករណីទាំងនេះបានទេ ដោយលោកជាប់រវល់នៅក្នុងសាលប្រជុំ ក៏ប៉ុន្តែអ្នកតំណាងរាស្រ្តលោក ប៊ូ ថង បញ្ជាក់ថា ដីទាំងអស់ដែលកើតមានជម្លោះនោះ គឺជាដីដែលលោកបានគ្រប់គ្រងជាច្រើនឆ្នាំមកហើយ ។
លោក ប៊ូ ថង មានប្រសាសន៍ថា ៖ «...ដីរបស់ខ្ញុំតាំងពីណាៗ បានធ្វើរបងដោយសារយើងខ្វះខាតលុយ របងឈើ ....តាំងពីឆ្នាំ ៨២-៨៣រហូត» ។
លោក ប៊ូ ថង ធ្លាប់រងការចោទប្រកាន់ថា បានបញ្ជាឲ្យមានការកាប់ដើមកៅស៊ូរបស់រដ្ឋនៅខេត្តរតនគិរីរាប់រយដើម ដែលក្រុមហ៊ុនវៀតណាមមួយឈ្មោះ ហង្សថាង ហើយករណីនេះ ក្រុមហ៊ុនតាយសេង ដែលបានទទួលសិទ្ធិវិនិយោគចម្ការកៅស៊ូខេត្តរតនគិរី បានដាក់ពាក្យបណ្ដឹងទៅតុលាការខេត្តជាច្រើនខែ ក៏ប៉ុន្តែតុលាការមិនទាន់ចាត់ការនៅឡើយ ៕