អ្នក​ភូមិ​ចោទ​នាយ​នគរបាល​ព្រំដែន​ថា បិទ​បាំង​សកម្មភាព​វៀតណាម​កាប់​ឈើ

នៅ​តំបន់​ព្រំដែន​កម្ពុជា និង​​វៀតណាម​ក្នុង​ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ប្រជា​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​ចំនួន​បី​ភូមិ បាន​ចោទ​ប្រកាន់​នាយ​នគរបាល​ខ្មែរ ប្រចាំ​ប៉ុស្តិ៍​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ថា បាន​បិទ​ផ្លូវ​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ព្រៃ ដើម្បី​បិទ​បាំង​សកម្មភាព ដែល​ពួក​គេ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​វៀតណាម​ចូល​មក​កាប់​ឈើ​ពី​ដី​ខ្មែរ​នាំ​ចូល​ទៅ​ប្រទេស​វៀតណាម។

ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី នៅ​ថ្ងៃ​ចន្ទ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១១ ឲ្យ​ដឹង​ថា ម៉ូតូ​ចំនួន​បី​គ្រឿង​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ឈើ និង​កំណាត់​ឈើ​បី​ដើម​របស់​ពលរដ្ឋ​វៀតណាម ត្រូវ​បាន​ប្រជា​សហគមន៍​ស្ទាក់​ចាប់​បាន​ក្នុង​ទឹក​ដី​ខ្មែរ នៅ​ចម្ងាយ​ប្រមាណ ៤ គីឡូ​ម៉ែត្រ​ពី​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន ផាកតាម។

ប្រជា​ពលរដ្ឋ​ប្រមាណ ១០០ នាក់​រស់​នៅ​ភូមិ​ញ៉ាង ភូមិ​តាំងសេ និង​ភូមិ​លោម ដែល​មាន​ភូមិ​សាស្ត្រ​ជាប់ និង​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី ១៦ ខែ​កក្កដា ឆ្នាំ​២០១១ គឺ​ជា​អ្នក​ស្ទាក់​ចាប់​បាន​ម៉ូតូ និង​វត្ថុតាង​បទ​ល្មើស​ព្រៃ​ឈើ​ឆ្លង​ដែន​នេះ​ដោយសារ​អ្នក​ភូមិ​ខឹង​សម្បារ​ជាមួយ​តម្រួត​ព្រំដែន​ប៉ុស្តិ៍​នៅ​តំបន់​នោះ បាន​កាប់​រំលំ​ដើម​ឈើ​រាប់​សិប​ដើម​លើ​កំណាត់​ផ្លូវ​ប្រមាណ​មួយ​គីឡូ​ម៉ែត្រ ដើម្បី​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​ចូល​ព្រៃ ហើយ​ទុក​ឱកាស​ឲ្យ​ពលរដ្ឋ​វៀតណាម​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​បាន​ងាយ​ស្រួល។

អ្នក​ភូមិ​តាំង​លោម លោក កាឡាន ហ្លាន មាន​ប្រសាសន៍​ថា មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន ប៉ុស្តិ៍ ផាតាម ឃុបឃិត​ឲ្យ​ពលរដ្ឋ​វៀតណាម​ដឹក​ជញ្ជូន​ដោយ​ម៉ូតូ​ឆ្លង​ដែន​តាម​ប៉ុស្តិ៍​ព្រំដែន ជា​ច្រើន​ឆ្នាំ​មក​ហើយ បើ​ទោះ​បី​ជា​អ្នក​ភូមិ​ព្យាយាម​ផ្ដល់​ដំណឹង និង​សុំ​កិច្ច​អន្តរាគមន៍​ទប់​ស្កាត់​យ៉ាង​ណា​ក្ដី ក៏​សកម្មភាព​កាប់​ ឈើ​នៅ​តែ​បន្ត​កើត​មាន។

លោក​បន្ត​ថា ដោយសារ​ហេតុផល​នេះ អ្នក​ភូមិ​ក៏​បាន​នាំ​គ្នា​ចូល​ព្រៃ​កាប់​ឈើ​ដូច​គ្នា ដើម្បី​លក់​យក​ប្រាក់​ចិញ្ចឹម​ជីវិត ក៏​ប៉ុន្តែ កង​កម្លាំង​ប៉ូលិស​ការពារ​ព្រំដែន​បាន​រារាំង ៖ «យួន​ធ្វើ​ឈើ​បាន ចាប់​ម៉ូតូ​យួន​បី​គ្រឿង ហើយ​ទាំង​ឈើ​ទាំង​អី។ មនុស្ស​ហ្នឹង​គេ​ចាប់​អត់​ទាន់​គេ​រត់»។

តំណាង​សហគមន៍​ទាំង​បី​ភូមិ លោក រម៉ាម ហ៊ាម មាន​ប្រសាសន៍​ថា អ្នក​ភូមិ​រាប់​សិប​នាក់ បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ប៉ុស្តិ៍​ការពារ​ព្រំដែន ផាកតាម ឲ្យ​បើក​ផ្លូវ​នោះ​ឡើង​វិញ ដើម្បី​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​លក់​ផលិតផល​របស់​អ្នក​ភូមិ ជាមួយ​ប្រជា​ពលរដ្ឋ​វៀតណាម ដែល​មាន​ភូមិ​ស្រុក​ជាប់​គ្នា​នោះ។ ក៏​ប៉ុន្តែ មន្ត្រី​ការពារ​ព្រំដែន​មិន​យល់​ព្រម។

លោក រម៉ាម ហ៊ាម ៖ «ខាង​មេ​ប៉ុស្តិ៍​ហ្នឹង គាត់​ធ្វើ​ឈើ​ធ្វើ​អី​ជាមួយ​ពួក​បងប្អូន​យើង​ខាង​វៀតណាម ដែរ​អ៊ីចឹង​បង។ ដល់​អ៊ីចឹង​បង​ប្អូន​តវ៉ាៗ ថា​ម៉េច​ពួក​ខ្ញុំ​ដឹក​អត់​បាន ម៉េច​បើ​យួន​ដឹក​បាន»។

វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ច័ន្ទ​ទី ១៨ ខែ​កក្កដា ឆ្នាំ ២០១១ មិន​អាច​ទាក់ទង​នាយ​នគរបាល​ប៉ុស្តិ៍​ការពារ​ព្រំដែន ផាតាម ដើម្បី​ផ្ដល់​ឱកាស​ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​បានទេ។

ស្នងការ​រង​ប៉ូលិស​ខេត្ត​រតនគិរី ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក ស៊ូ វ៉ាន់ខាំវ៉ាន់ មាន​ប្រសាសន៍​ថា អ្នក​ភូមិ​នៅ​តំបន់​នោះ​បាន​ប្រើប្រាស់​ផ្លូវ​ព្រៃ​នោះ ដើម្បី​ដឹក​ជញ្ជូន​ផលិតផល​ខុស​ច្បាប់​ឆ្លង​ដែន ទើប​ក្រុម​តម្រួត​បិទ​ផ្លូវ ហើយ​ឲ្យ​អ្នក​ភូមិ​ឆ្លង​កាត់​តាម​ច្រក​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​វិញ។

លោក​បដិសេធ​ថា ម៉ូតូ​បី​គ្រឿង ដែល​អ្នក​ភូមិ​រឹបអូស​នោះ គឺ​ជា​ម៉ូតូ​ពលរដ្ឋ​វៀតណាម​ចេញចូល​រក​ស៊ីជាមួយ​អ្នក​ភូមិ​នៅ​តំបន់​នោះ​ជា​ធម្មតា។ មិន​មាន​ដឹក​ឈើ​ដូច​ការ​ចោទ​នោះ​ឡើយ «ចន្លោះ​ហ្នឹង​គឺ​ប្រជា​ពលរដ្ឋ​គាត់​ចេញ​ចូលៗ អត់​មាន​ពី​ណា​គ្រប់គ្រង​បទ​ល្មើស។ គាត់​ឧស្សាហ៍​យក​ទៅ​តាម​ហ្នឹង​ដែរ​ប្រជាពលរដ្ឋ​ហ្នឹង​ណា! ដល់​អញ្ចឹង​យើង​បិទ​ផ្លូវ​ហ្នឹង។ មិន​ថា​ខាង​ណា​ល្អ​ខាង​ណា​អាក្រក់​ទេ បាន​គេ​សហការ​គេ​ជួយ​ទប់ស្កាត់​ខ្ញុំ​ក៏​អរ​មែនទែន។ យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​សហការ​គ្នា​ហ្នឹង​ហើយ»។

អភិបាល​ស្រុក​អណ្ដូង​មាស លោក នង ដារិទ្ធ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា កន្លង​ទៅ​នេះ បាតុភាព​ក្នុង​ការ​លួច​កាប់​ឈើ​អនាធិបតេយ្យ​នៅ​តំបន់​នោះ ធ្វើ​ឲ្យ​មាន​ជម្លោះ​រវាង​តម្រួត​ព្រំដែន សមត្ថកិច្ច​មូលដ្ឋាន និង​ប្រជា​ពលរដ្ឋ​នៅ​តំបន់​នោះ​ទៀត​ផង។

លោក​បន្ត​ថា នឹង​ចាត់​ឲ្យ​មាន​ការ​ស្រាវជ្រាវ​ពី​សេចក្ដី​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ ដើម្បី​រាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​ធ្វើ​ការ​ដោះស្រាយ ៖ «ព្រោះ​គាត់​អត់​ស៊ី​ដែរ ចេះ​រក​អី​តែ​ឯង​អញ​ក៏​រក​ដែរ ហើយ​អា​ហ្នឹង​កើត​សង្គ្រាម​អញ្ចឹង។ បាញ់​គ្នា​ទៀត​ឯ​ណោះ រវាង​ប៉ុស្តិ៍​រដ្ឋបាល និង​ប៉ុស្តិ៍​ព្រំដែន​វា​ដាក់​គ្នា​ទៀត​ណោះ។ ដក​អស់​មួយ​ពីរ​ហើយ​ហ្នឹង»។

កាល​ពី​ឆ្នាំ ២០១០ និង​ក្នុង​ឆ្នាំ ២០១១ អ្នក​ភូមិ​រស់​នៅ​ក្នុង​ឃុំ​ញ៉ាង​ស្រុក​អណ្ដូងមាស បាន​ផ្ដល់​សេចក្ដី​រាយការណ៍​ពី​ពលរដ្ឋ​វៀតណាម​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ និង​រក​ឃើញ​គំនរ​ឈើ​ក្នុង​ព្រៃ​ព្រម​ទាំង​រឹបអូស​បាន​រណា​យន្ត​តូចៗ សម្រាប់​អារ​ច្រៀក​ឈើ ឧបករណ៍​ដឹក​ជញ្ជូន​ឈើ រួម​ទាំង​ឃាត់​ខ្លួន​ពលរដ្ឋ​វៀតណាម​បាន​មួយ​ចំនួន ដែល​បាន​ចូល​មក​ក្នុង​ដី​ខ្មែរ​កាប់​ឈើ។

ករណី​ដូច​គ្នា​ក្រុម​សមត្ថកិច្ច​នៅ​តំបន់​នោះ​ក៏​បាន​ទទួល​ស្គាល់ ហើយ​បាន​អប់រំ​ដោះលែង និង​ប្រគល់​វត្ថុតាង​ល្មើស​ទៅ​វិញ ដើម្បី​ជា​កិច្ច​សហការ​មិត្តភាព​ប្រទេស​ទាំង​ពីរ៕