តុលាការ​ខេត្ត​រតនគិរី​កោះ​ហៅ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​ចូល​បំភ្លឺ

កន្លង​ទៅ​នេះ គេ​សង្កេត​ឃើញ​ភាគ​ច្រើន សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​តែង​រង​នូវ​ការ​ប្ដឹង​តាម​ផ្លូវ​តុលាការ ទាក់​ទិន​បទ​ចោទ​ប្រកាន់​ពី​រឿង​ញុះញង់ ឬ​បរិហារកេរ្តិ៍ ផ្តល់​ព័ត៌មាន​មិន​ពិត​ពី​សំណាក់​មន្ត្រី​អាជ្ញាធរ​រាជ​រដ្ឋាភិបាល។

0:00 / 0:00

ក៏ប៉ុន្តែ ថ្មីៗ​នេះ​នៅ​ឯ​ខេត្ត​រតនគិរី មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ បាន​ប្ដឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តាម​ផ្លូវ​តុលាការ​វិញ ក្នុង​រឿង​ព្រហ្មទណ្ឌ​បទ​គំរាម​កំហែង បរិហារកេរ្តិ៍ បំបិទ​សេរីភាព​បំពេញ​ការងារ​របស់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាមួយ​ប្រជាពលរដ្ឋ។

មន្ត្រី​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​មួយ​រូប នឹង​ចូល​ខ្លួន​ទៅ​ស្ថាប័ន​អយ្យកា​តុលាការ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ពុធ ទី២៤ ខែ​តុលា ឆ្នាំ​២០១២ ខាង​មុខ​នេះ ក្នុង​នាម​ជា​ដើម​បណ្ដឹង​ចោទ​ប្រកាន់​មន្ត្រី​អាជ្ញាធរ​ឃុំ​ប៉ាតាង ចំនួន​ពីរ​រូប។

អ្នក​សម្រប​សម្រួល​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍ លោក ឈឹម សាវុធ បាន​ធ្វើ​ដំណើរ​មក​ដល់​ខេត្ត​រតនគិរី ហើយ កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី២២ ខែ​តុលា តាម​ដីកា​កោះ​ហៅ​របស់​ព្រះរាជ​អាជ្ញា​រង​នៃ​តុលាការ​ខេត្ត​រតនគិរី គឺ​លោក រស់ សារាំ។

លោក ឈឹម សាវុធ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ប្ដឹង​មេ​ឃុំ​ប៉ាតាង គឺ​លោក គិ ចេន និង​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ លោក ប្លាង នា ពី​បទ​បាន​ប្រើប្រាស់​កង​នគរបាល​ប្រដាប់​អាវុធ គំរាម​កំហែង ពោល​ពាក្យ​អសុរោះ ប្រមាថ រារាំង​សកម្មភាព​លោក​ក្នុង​ភារកិច្ច​អប់រំ​ផ្សព្វផ្សាយ​ច្បាប់ និង​សិទ្ធិ​មនុស្ស​ជូន​ប្រជាពលរដ្ឋ និង​រំលោភ​លើ​សារាចរ​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ ស្ដីពី​គោលការណ៍​អនុញ្ញាត​ជួប​ប្រជុំ រៀបចំ​សិក្ខាសាលា និង​ប្រារព្ធ​វេទិកា​របស់​អង្គការ​សង្គម​ស៊ីវិល។

លោក ឈឹម សាវុធ៖ «មាន​ប្រជាពលរដ្ឋ​ច្រើន ដែល​គាត់​ចូល​មក​ធ្វើ​សាក្សី​ឲ្យ​យើង ក្នុង​ហេតុការណ៍​ហ្នឹង។ គាត់​អ្នក​នៅ​ទី​នោះ​ផ្ទាល់ គាត់​អ្នក​រង​ការ​គំរាម​ជាង​ខ្ញុំ​ទៀត គេ​គំរាម​កំហែង និង​ពាក្យ​អសុរោះ​ច្រើន​ទៀត។ គោល​បំណង​ដែល​គេ​ធ្វើ​នេះ ខ្ញុំ​គិត​ថា គឺ​ជា​ការ​បិទ​បាំង​រឿង​ស្អី​មួយ​នៅ​តំបន់​ហ្នឹង ហើយ​មិន​ចង់​ឲ្យ​សង្គម​ស៊ីវិល​ជួប​ជាមួយ​ប្រជាពលរដ្ឋ»

ព្រះរាជ​អាជ្ញា​រង លោក រស់ សារាំ មាន​ប្រសាសន៍​បញ្ជាក់​ថា ការ​កោះ​ហៅ​ដើម​បណ្ដឹង​នេះ គឺ​ដើម្បី​សាកសួរ និង​ស្វែង​រក​វត្ថុ​តាង ឬ​សាក្សី​ដាក់​បន្ទុក​ក្នុង​រឿង​ក្តី​នេះ។ លោក​បន្ត​ថា ការ​សម្រេច​ចោទ​ប្រកាន់​ចុង​ចោទ ឬ​យ៉ាង​ណា លោក​នឹង​សម្រេច​នៅ​ពេល​សាកសួរ​ភាគី​រឿង​ក្តី​នេះ​ចប់​សព្វ​គ្រប់៖ «ការ​កោះ​ហៅ​របស់​ខាង​ស្ថាប័ន​អយ្យកា ដើម្បី​ឲ្យ​មក​បញ្ជាក់​ពី​ជំហរ​របស់​គាត់​ប្ដឹង និង​ព័ត៌មាន​ពាក់ព័ន្ធ​បណ្ដឹង​របស់​គាត់។ ចុង​ចម្លើយ និង​សាក្សី​ពាក់ព័ន្ធ​ក្នុង​រឿង​ក្តី​ហ្នឹង ខាង​អយ្យកា​បាន​កោះ​ហៅ​មក​សាកសួរ​អស់​ហើយ»

មេ​ឃុំ​ប៉ាតាង លោក គិ ចេន មាន​ប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ចូល​ទៅ​បំភ្លឺ​ជូន​មន្ត្រី​ស្ថាប័ន​អយ្យកា​ម្តង​ហើយ កាល​ពី​ចុង​ខែ​កញ្ញា កន្លង​ទៅ ទាក់​ទិន​រឿង​ក្តី​ចោទ​ប្រកាន់​នេះ។ លោក​អះអាង​ថា មិន​បាន​គំរាម​កំហែង​មន្ត្រី​សិទ្ធិ​មនុស្ស​នោះ​ទេ ក៏ប៉ុន្តែ​លោក​មិន​អនុញ្ញាត​ឲ្យ​មន្ត្រី​សិទ្ធិ​មនុស្ស​មក​ជួប​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​សារ​អង្គការ​នេះ​មិន​បាន​សុំ​ច្បាប់​អនុញ្ញាត​ពី​អាជ្ញាធរ​ខេត្ត៖ «ខ្ញុំ​ឆ្លើយ​ជាមួយ​តុលាការ ខ្ញុំ​ថា​អត់​មាន​អ៊ីចឹង​ឯ​ណា យើង​មាន​សិទ្ធិ​ឯ​ណា​គំរាម​កំហែង។ ប៉ូលិស​គេ​កាន់​កាំភ្លើង គេ​ការពារ រក​សុវត្ថិភាព គ្មាន​ការ​អនុញ្ញាត​ផង ម៉េច​ក៏​ឲ្យ​ធ្វើ​ការ»

កាល​ពី​ខែ​កក្កដា អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​មេ​ភូមិ​ប៉ាតាង លោក ផែង ម៉ាំង ពី​បទ​បរិហារកេរ្តិ៍​ក្នុង​រឿង​ក្តី​ជាមួយ​លោក ឈឹម សាវុធ នេះ​ដែរ។ ស្ថាប័ន​អយ្យកា​បាន​ចេញ​ដីកា​កោះ​ហៅ​លោក​ឲ្យ​ចូល​មក​បំភ្លឺ​នៅ​ការិយាល័យ​ព្រះរាជ​អាជ្ញា​រង នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ក៏ប៉ុន្តែ​លោក​សុំ​ពន្យារ​ទៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ វិញ។

យ៉ាង​នេះ​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស​ទាំង​ពីរ​នាក់ បាន​អះអាង​ថា ករណី​ប្ដឹង​នេះ លោក​មិន​ទាម​ទារ​សំណង ឬ​ផ្ដន្ទាទោស​ចុង​ចោទ​នោះ​ទេ។ ប្រសិន​តុលាការ​រក​ឃើញ​ថា មន្ត្រី​អាជ្ញាធរ​ទាំង​នោះ​ពិត​ជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ លោក​ទាម​ទារ​ឲ្យ​មន្ត្រី​មូលដ្ឋាន​ទទួល​ស្គាល់​កំហុស​ជា​ផ្លូវការ និង​ចូល​រួម​សហការ​ជាមួយ​អង្គការ​សង្គម​ស៊ីវិល អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង​មហាផ្ទៃ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។