អាជ្ញាធរខ្មែរបានចោទថា គឺដោយសារប្រទេសវៀតណាមបើកបង្ហូរទឹកទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើ។
អ្នកស្រី ណយ សុខាន់ ជាប្រជាពលរដ្ឋរស់នៅឃុំម៉ាលិក ស្រុកអណ្ដូងមាស។ គាត់កត់សំគាល់ថា ទឹកចាប់ជន់លិចភូមិ និងផលដំណាំនៅវេលាយប់ថ្ងៃសៅរ៍ ហើយក្នុងរយៈពេលមួយយប់ ទឹកទន្លេឡើងកម្ពស់ពីសាមសិបសង់ទីម៉ែត្រ ទៅហាសិបសង់ទីម៉ែត្រ។ អ្នកស្រីបន្តថា ក្រុមអាជ្ញាធរស្រុកបានប្រកាសប្រាប់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេឲ្យប្រុងប្រយ័ត្នកាលពីដើមសប្ដាហ៍នេះថា នឹងមានការបើកទំនប់វារីអគ្គិសនីចំនួនពីរពីប្រទេសវៀតណាម ចន្លោះពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១១ នេះ ៖ "ឥឡូវលិចហើយលិចផ្ទះតាមដងទន្លេ ហើយដំឡូងអីពោតសណ្ដែកអី តាមដងទន្លេហ្នឹងលិចអស់ហើយ ទើបលិចពីយប់មិញចាប់ពីម៉ោងដប់មួយមក។ពេលនោះជ្រួលរៀនអីវ៉ែអីវ៉ាន់អ្នកខ្លះជញ្ជូនទូកជញ្ជូនអីតាំងពីម៉ោងម៉ាដណ្ដប់។ ពីយប់មិញលឿង ឥឡូវរាងយឺតបន្តិច ប៉ុន្តែនៅតែឡើងអត់ស្រកទេ"។
ប្រធានមន្ទីរធនធានទឹក គឺលោក អ៊ូឡាង បានបញ្ជាក់ដែរថា វៀតណាមមានគម្រោងរំដោះទឹកប្រមាណជាង ៥០០ម៉ែត្រគីប ពីទំនប់វារីអគ្គិសនីនៅតំបន់ខ្សែទឹកខាងលើ។ លោកបន្តថា ទឹកជំនន់ក្នុងទន្លេសេសាន្តពេលនេះមិនមានអ្វីគួរឲ្យព្រួយបារម្ភទេ ពីព្រោះកម្រិតទឹកនៅទាបច្រើនពីកម្រិតទឹកប្រកាសអាសន្ននៅស្ថានីយវាស់ទឹកស្រុកវ៉ឺនសៃ៕