អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល រាយការណ៍ឲ្យដឹងនៅថ្ងៃច័ន្ទ ២៦ ខែកញ្ញា ឆ្នាំ២០១១ ថា កម្មករប្រមាណ២០ ក្នុងចំណោមកម្មករទាំងអស់បានប្រតិកម្មថា ពូកគេនឹងខកខានមិនបានទៅស្រុកកំណើតជួបជុំក្រុមគ្រួសារ ដោយសារតែក្រុមហ៊ុនមិនបើកប្រាក់។
កម្មករមួយរូបសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ឲ្យដឹងថា កម្មករភាគច្រើនខ្លះបានខ្ចីប្រាក់គេ ខ្លះលក់គ្រឿងសម្ភារៈផ្ទាល់ខ្លួនដើម្បីយកប្រាក់ធ្វើដំណើរទៅស្រុកកំណើត ដោយមិនបានបើកប្រាក់ពលកម្មតាមកាលកំណត់ក្នុងរយៈពេលពីរសប្ដាហ៍ត្រូវបើកម្ដង ៖ "ហួសពីថ្ងៃបើកហើយ អត់បើកឲ្យទៀត។ ត្រូវធ្វើពីរអាទិត្យគេបើកអានេះជិតមួយខែហើយថ្ងៃនេះ ថ្ងៃម្ភៃប្រាំ ម្ភៃប្រាំមួយហើយអត់បើកលុយឲ្យទៀត។ ខែបុណ្យខែទានហើយកម្មករបង្ខំហើយក៏គេអត់បើកដែរ។ ខ្លះអត់មានលុយមានកាក់អី នៅហ្នឹងរកតែលុយទិញអីហូបមិនបានផង ពួកខ្ញុំដើរចាប់កាចែចាប់អីហូប"។
មេការគ្រប់គ្រងកម្មករនៃក្រុមហ៊ុនដាក់ឡាក់ គឺលោក ទឿង ក្នុងបទសម្ភាសតាមទូរស័ព្ទបានបំភ្លឺករណីនេះ។ លោកមានប្រសាសន៍ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាយឺតយ៉ាវក្នុងការផ្ទេរប្រាក់បើកសម្រាប់កម្មករពិតមែន។ ក៏ប៉ុន្តែក្រុមហ៊ុនបានផ្ដល់ប្រាក់សម្រាប់កម្មករខ្ចី ២០ម៉ឺនរៀលជាសោហ៊ុយធ្វើដំណើរទៅស្រុកកំណើតជាបណ្ដោះអាសន្នបានមួយចំនួនធំហើយ។ លោកបន្តថា នៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារសប្ដាហ៍នេះនឹងមានប្រាក់សម្រាប់បើកឲ្យកម្មករហើយ។
យ៉ាងនេះក្ដី ក្រុមកម្មករអ្នកតវ៉ាបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនវៀតណាមនេះមិនបានបើកប្រាក់កម្រៃទៀងទាត់តាមការកំណត់ គឺជាច្រើនលើកក្រុមហ៊ុននេះតែងភូតភរកម្មករ ហើយប្រសិនមានអ្នកតវ៉ា អ្នកនោះនឹងត្រូវក្រុមហ៊ុនបញ្ឈប់មិនឲ្យធ្វើការងារតទៅទៀត៕