មន្រ្តី​តុលាការ​ខេត្ត​រតនគិរី​ទន្រ្ទាន​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ដឹង​ថា លោក ថោ សារ៉ន អនុ​ប្រធាន​តុលាការ​ខេត្ត​រតនគិរី កំពុង​ទន្ទ្រាន​កាន់​កាប់​តំបន់​ដី​ព្រៃ​ទ្រព្យ​សម្បត្តិ​រដ្ឋ បើ​ទោះ​បី​អាជ្ញាធរ​ធ្វើ​ការ​បង្ក្រាប​ពីរ​លើក​រួច​មក​ហើយ​ក្តី។

0:00 / 0:00

លោក ឯម អឿន មេ​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ បញ្ជាក់​ថា មន្ត្រី​តុលាការ​ខាង​លើ​បាន​ជួល​កម្មករ​ឲ្យ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ដី​សាធារណៈ​របស់​រដ្ឋ ហើយ​អាជ្ញាធរ​ស្រុក​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ឃុំ ដាក់​កម្លាំង​រុះរើ​របង​នោះ​ពីរ​លើក​រួច​មក​ហើយ ប៉ុន្តែ​សកម្មភាព​ធ្វើ​របង​នៅ​តែ​បន្ត ដោយ​ពុំ​មាន​ខ្លាច​ក្រែង​ពី​ច្បាប់។

លោក ឯម អឿន បាន​បញ្ជាក់​ដូច្នេះ ៖ «ចៅហ្វាយ​ស្រុក​គាត់​ថា អត់​បាន​ទេ​កន្លែង​ហ្នឹង ស្រាប់​តែ​ឃើញ ថោ សារ៉ន គាត់​ព័ទ្ធ​របង»

នៅ​ថ្ងៃ​ពុធ ទី​៧ ខែ​តុលា ឆ្នាំ​២០០៩ វិទ្យុ​អាស៊ី​សេរី បាន​ទៅ​ដល់​ទី​ដែល​មាន​សេចក្តី​រាយការណ៍​ខាង​លើ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៧៨ ក្នុង​ភូមិ​៣ វាល​ឆ្កែ​ហត់ ក្នុង​ស្រុក​កូនមុំ សង្កេត​ឃើញ​បង្គោល​របង​ឈើ​ថ្មី​ត្រូវ​បាន​កម្មករ​កាប់​ពី​ព្រៃ ហើយ​ហ៊ុមព័ទ្ធ​យក​ដី​ព្រៃ​នៅ​ទីនោះ​តែម្តង។ ជាក់​ស្តែង​របង​ទើប​ធ្វើ​បាន​ជាង​៣០០​ម៉ែត្រ​ពី​ផ្នែក​ម្ខាង​នៃ​ដីព្រៃ​នោះ។

កម្មករ​ម្នាក់​ឈ្មោះ ហួយ ណាក់ កំពុង​មាន​វត្តមាន​នៅ​ក្នុង​រោង​ដែល​ធ្វើ​សម្រាប់​កម្មករ​ស្នាក់​នៅ​ឲ្យ​ដឹង​ថា លោក ថោ សារ៉ន បាន​ជួល​ពួក​គេ​មក​ធ្វើ​របង​ហ៊ុមព័ទ្ធ​ព្រៃ តាម​គម្រោង​មាន​បណ្តោយ​ក្បាល​ដី​២៥០​ម៉ែត្រ និង​ជម្រៅ​ប្រមាណ​១.០០០​ម៉ែត្រ។

លោក ថោ សារ៉ន វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​នៅ​ឡើយ នៅ​រសៀល​ថ្ងៃ​ពុធ ទី​៧ តុលា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

យ៉ាង​នេះ​ក្តី លោក លឿង ចាន់ធៀង អភិបាល​ស្រុក​កូនមុំ មាន​ប្រសាសន៍​បញ្ជាក់​ពី​ករណី​នេះ​ដែរ​ថា ៖ «គាត់​ចេះ​ធ្វើ​អ៊ីចឹង ខ្ញុំ​ទៅ​កាប់​ឲ្យ ទាំង​ពួក​កម្លាំង​ចម្រុះ​ទៅ​អារ​រលំ​ចោល​ទៀត។ ដី​ហ្នឹង​មាន​ដីកា​ដក​ហូត​ចេញ​ពី​ខេត្ត​ហើយ»

លោក ឈឹម សាវុធ មន្ត្រី​ស៊ើប​អង្កេត​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ថា បាន​ចុះ​ធ្វើការ​អង្កេត​ករណី​នេះ​រួច​ហើយ។ លោក​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​ទន្ទ្រាន​យក​ដី​ទ្រព្យ​សម្បត្តិ​រដ្ឋ ដែល​ជាប់​ចោទ​ទៅ​លើ​មន្ត្រី​តុលាការ​ខាង​លើ​មែន។

លោក ឈឹម សាវុធ មាន​ប្រសាសន៍​ដូច្នេះ ៖ «ខាង​រដ្ឋាភិបាល ខាង​អាជ្ញាធរ​បាន​ប្រកាស​ដក​ហូត​តាំង​ពី​ឆ្នាំ​២០០៥ មក​ម្ល៉េះ។ កំពុង​តែ​ធ្វើ​បច្ចុប្បន្ន​នេះ បង្ហាញ​ឲ្យ​ដឹង​ថា លោក ថោ សារ៉ន កំពុង​តែ​រំលោភ​បំពាន​ទៅ​លើ​ដីធ្លី​ដែល​ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០០៩ អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ និង​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រួម​គ្នា ទាមទារ​និង​ផ្តល់​អនុសាសន៍ សុំ​ឲ្យ​ឧត្តម​ក្រុម​ប្រឹក្សា​អង្គ​ចៅក្រម ផ្អាក​ការងារ និង​ស៊ើប​អង្កេត​ទៅ​លើ​ទង្វើ​មិន​ត្រឹម​ត្រូវ​របស់​លោក ថោ សារ៉ន ដែល​ត្រូវ​បាន​រក​ឃើញ​ថា បាន​ស្នើ​សុំ​ដី​ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នក​ភូមិ​ជន​ជាតិ​ដើម ដែល​បាន​ចាប់​ឃុំ​ខ្លួន​ដោយសារ​ប្រឆាំង​តវ៉ា​ការ​ដណ្តើម​ដី​ពី​ក្រុមហ៊ុន​ឌី.អឹម.ហ្គ្រូប (DM Group)។

ដាក់​ឱសានវាទ​ឲ្យ​លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី ចាក​ចេញ​ពី​ខេត្ត និង​ប្រឈម​មុខ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​មាន​ភេរវកម្ម គំរាម​ចាប់​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ ប្រើ​ប្រាស់​រថយន្ត​ដែល​រឹបអូស​បាន​ដោយ​ប៉ូលិស​ក្នុង​អំឡុង​ពេល​ស៊ើប​អង្កេត​ករណី​ប្លន់​សម្លាប់​មនុស្ស​៣​នាក់៕