ក្រុមជនជាតិដើមក៏បានវាយបំផ្លាញប៉ុស្តិ៍មន្ត្រីអនុរក្សដែនជម្រកសត្វព្រៃនៅតំបន់នោះ ដោយសាររឿងទំនាស់ដីរ៉ាំរ៉ៃជាមួយគ្រួសារមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។
ទំនាស់នេះបានឈានដល់ហិង្សា ហើយក្រុមជនជាតិបានចាប់ចងមន្ត្រីមានសមត្ថកិច្ចនៅមូលដ្ឋាន ៥នាក់ ជាចំណាប់ខ្មាំង ដើម្បីជាថ្នូរឲ្យរំលាយប៉ុស្តិ៍អនុរក្សដែនជម្រកសត្វព្រៃ និងទាមទារឲ្យបញ្ឈប់គម្រោងផ្ដល់ដីសម្បទានចេញពីតំបន់នោះ។
លោក រដ្ឋា វីសាល ពីខេត្តរតនគិរី រាយការណ៍បន្ថែមពីសកម្មភាពកើតមានបន្តទៀតពីករណីនេះ៖
មិនទាន់មានដំណោះស្រាយណាមួយអាចបញ្ឈប់សកម្មភាពប្រើអំពើហិង្សារបស់ប្រជាពលរដ្ឋជនជាតិដើមភាគតិចទាំងនោះបានទេ។
តាមសេចក្ដីអះអាងរបស់ប្រធានការិយាល័យរដ្ឋបាលក្រុមហ៊ុន ជីង យ្យុង រី ហ្នឹង គឺលោក ឆាយ អែម។ លោកបានបញ្ជាក់ថា មានការប៉ុនប៉ងវាយកម្ទេចទីតាំងក្រុមហ៊ុនជាលើកទីបីនៅថ្ងៃអាទិត្យនេះ ឬថ្ងៃច័ន្ទដើមសប្ដាហ៍ក្រោយ បន្ទាប់ពីអ្នកភូមិប្រើអំពើហិង្សាកាលពីថ្ងៃទី២១ ខែកុម្ភៈ និងនៅថ្ងៃទី២២ ខែកុម្ភៈមួយថ្ងៃក្រោយពេលអ្នកភូមិប្រើអំពើហិង្សាចាប់ចំណាប់ខ្មាំងមក អ្នកភូមិបានគំរាមឲ្យក្រុមហ៊ុនដកគ្រឿងចក្រចេញពីទីតាំងទីពីរ តែនៅយប់នោះ បន្ទាប់ពីក្រុមហ៊ុនដកគ្រឿងចក្រចេញពីទីតាំងទីពីរ ស្រាប់តែរោងស្នាក់នៅ និងប្រព័ន្ធបំពង់បូមទឹកនៅការដ្ឋានទីពីរ ត្រូវគេដុតកម្ទេចចោល។
លោក ឆាយ អែម បានបញ្ជាក់ដែរថា នៅថ្ងៃអាទិត្យនេះ លោកទទួលបានព័ត៌មានថា ក្រុមអ្នកភូមិហ្នឹងបានប្រជុំគ្នាលើកផែនការប្រើអំពើហិង្សាជាថ្មី គឺគ្រោងនាំគ្នាទៅវាយបំផ្លាញទីតាំងដាក់គ្រឿងចក្រក្រុមហ៊ុនមួយកន្លែងទៀត បន្ទាប់ពីក្រុមហ៊ុនបានជម្លៀសគ្រឿងចក្រចេញពីការដ្ឋានចាស់ ដែលអ្នកភូមិទាមទារឲ្យដកគ្រឿងចក្រនោះចេញ ហើយករណីនេះលោកបានរាយការណ៍សុំកិច្ចអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានជួយទប់ស្កាត់បញ្ហានេះហើយ។
យ៉ាងនេះក្ដី រហូតមកទល់នឹងម៉ោង ៤រសៀលថ្ងៃអាទិត្យនេះ មិនមានសេចក្ដីរាយការណ៍ណាមួយថា មានអំពើហិង្សាកើតមានដូចសេចក្ដីរាយការណ៍របស់តំណាងក្រុមហ៊ុននោះនៅឡើយ។
អធិការប៉ូលិសស្រុកលំផាត់ គឺលោក សយ ថាវ។ លោកបានបញ្ជាក់ថា លោកក៏បានទទួលសេចក្ដីរាយការណ៍ថាប្រជាពលរដ្ឋមានគម្រោងនាំគ្នានៅដុតបំផ្លាញគ្រឿងចក្រក្រុមហ៊ុន ជីង យ្យុង រី នោះដែរ ក៏ប៉ុន្តែខាងប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំសេដា បានរាយការណ៍ប្រាប់លោកថា មិនឃើញមានប្រជាពលរដ្ឋប្រមូលផ្ដុំគ្នាដើម្បីធ្វើអំពើហិង្សានោះនៅឡើយ លោកអធិការប៉ូលិសហ្នឹងក៏បានបញ្ជាក់ដែរថា លោកបានណែនាំឲ្យមន្ត្រីប៉ូលិសមូលដ្ឋានឃ្លាំមើល និងធ្វើយ៉ាងណាជួយណែនាំកុំឲ្យប្រជាពលរដ្ឋទាំងនោះប្រើអំពើហិង្សាតទៅទៀត ពីព្រោះក្រុមហ៊ុនបានលើកទីតាំងគ្រឿងចក្រចេញពីដីឃុំសេដា មកដាក់នៅទឹកដីឃុំកាឡែង មានព្រំដីជាប់គ្នានោះ។
ហើយដោយឡែកអភិបាលស្រុកលំផាត់ លោក គង់ ស្រ៊ុន ហ្នឹង លោកក៏បានទទួលស្គាល់ថា ប្រជាពលរដ្ឋជនជាតិដើមឃុំសេដា ពិតជាមានគម្រោងនាំគ្នាមកវាយបំផ្លាញទីតាំងក្រុមហ៊ុននៅថ្ងៃអាទិត្យនោះមែន ហើយលោកក៏បានចាត់វិធានការទប់ស្កាតករណីនេះរួចហើយ។ លោកអភិបាលស្រុកហ្នឹង លោកបានកត់សំគាល់ថា ប្រជាពលរដ្ឋហ្នឹងបានធ្វើជ្រុលខុសកិច្ចសន្យាមុនពេលដោះលែងចំណាប់ខ្មាំងថា ប្រជាពលរដ្ឋឈប់ប្រើអំពើហិង្សាហើយ ក្រុមហ៊ុនក៏យល់ព្រមផ្អាកឈូសឆាយព្រំដីសម្បទានសិន រង់ចាំអាជ្ញាធរស្វែងរកដំណោះស្រាយ។
លោកអភិបាលស្រុកហ្នឹងក៏បានបញ្ជាក់ដែរថា តាមការស្រាវជ្រាវមួយចំណែកដែលអាជ្ញាធរស្រុកបានរកឃើញ គឺមន្ត្រីដែនជម្រកសត្វព្រៃហ្នឹង គឺមានចំណុចខុសឆ្គងខ្លះក្នុងការជួបប្រស្រ័យជាមួយប្រជាពលរដ្ឋជនជាតិដើមនៅតំបន់នោះ ដូចជាប្រើពាក្យសំដីមិនគប្បី ឬអនុវត្តច្បាប់តឹងរ៉ឹងចាប់ប្រជាពលរដ្ឋ ដែលបានចូលទៅអារឈើក្នុងដែនជម្រកសត្វព្រៃជាដើម ជាហេតុនាំឲ្យអ្នកភូមិមានគំនុំ។
ចំណែកអាជ្ញាធរ និងក្រុមហ៊ុនក៏មានចំណុចខ្វះខាតខ្លះដែរ ដូចជាមិនបានផ្សព្វផ្សាយទូលំទូលាយដល់ប្រជាពលរដ្ឋពីគម្រោងសម្បទានរបស់ខ្លូននៅតំបន់នោះ។ លោកអភិបាលស្រុកហ្នឹងបានកត់សំគាល់ទៀតថា ក្នុងនោះដែរប្រជាពលរដ្ឋឃុំសេដាមួយចំនួន គឺពាក់ព័ន្ធទៅនឹងសកម្មភាពកាប់ឈើខុសច្បាប់ ដើម្បីធ្វើអាជីវកម្ម ទើបមានចលនាញុះញង់ឲ្យអ្នកភូមិបណ្ដេញក្រុមហ៊ុនសម្បទាន ឬទាមទារឲ្យដកប៉ុស្តិ៍ក្រុមអនុរក្សដែនជម្រកសត្វនៃក្រសួងបរិស្ថាន កុំឲ្យមាននៅទីនោះ។
ករណីទាំងអស់នេះ លោកអភិបាលស្រុកហ្នឹង គាត់ថា បានពិភាក្សាជាមួយថ្នាក់ខេត្តហើយ ដើម្បីធ្វើវេទិកាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ពីគម្រោងសម្បទាន និងដំណោះស្រាយផលប៉ះពាល់ស្របតាមគោលនយោបាយរបស់លោក ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល។
លោកបញ្ជាក់ថា វេទិកានេះគ្រោងធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ នេះ ប៉ុន្តែដោយសារអាជ្ញាធរខេត្តជាប់ប្រារព្ធសន្និបាតទើបលើកវេទិកាជួបជាមួយប្រជាពលរដ្ឋទៅថ្ងៃទី៣ ខែមិនា គឺខែក្រោយនេះ។
ខ្ញុំក៏បានព្យាយាមទាក់ទងទៅប្រជាពលរដ្ឋឃុំសេដា ដើម្បីសួរបញ្ជាក់ពីករណីរៀបចំគម្រោងប្រើអំពើហិង្សាជាថ្មីនេះ ប៉ុន្តែទូរស័ព្ទអ្នកភូមិមិនអាចភ្ជាប់បាននៅថ្ងៃអាទិត្យនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។