ក្រុម​សហគមន៍​ខក​ចិត្ត​ដោយសារ​​មិន​បាន​ប្រគល់​ញត្តិ​ដល់​នាយករដ្ឋមន្ត្រី

ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​នៅ​ស្រុក​ចំនួន​៦ នៃ​ខេត្ត​រតនគិរី សម្ដែង​ការ​ខក​ចិត្ត​ដែល​មិន​បាន​ប្រគល់​ញត្តិ​របស់​ពួកគេ​ដោយ​ផ្ទាល់​ជូន​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុង​ពិធី​សម្ពោធ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៨ នៅ​ថ្ងៃ​១៨ មីនា ឆ្នាំ​២០១០​នោះ​ទេ ដើម្បី​ជា​សារ​បង្ហាញ​ពី​ក្ដី​កង្វល់​និង​ទុក្ខ​លំបាក​របស់​អ្នក​ភូមិ។

0:00 / 0:00

ការ​ខកខាន​នេះ​កើត​មាន​ឡើង​ដោយសារ​តែ​តំណាង​សហគមន៍​និង​តំណាង​ក្រុម​មន្ត្រី​អាជ្ញាធរ​ទាំង​នោះ​មិន​មាន​ប័ណ្ណ​ចូល​រួម​ពិធី ហើយ​ក្រុម​ការពារ​សន្តិសុខ​ធ្វើការ​រឹត​បន្តឹង​ការពារ​មិន​អនុញ្ញាត​ឲ្យ​ជន​ណា​គ្មាន​ប័ណ្ណ​ចូល​ទៅ​ក្នុង​បរិវេណ​ប្រារព្ធ​ពិធី​នោះ​ឡើយ។

យ៉ាង​នេះ​ក្ដី​ញត្តិ​ទាំង​អស់​របស់​មន្ត្រី​មូលដ្ឋាន​និង​សហគមន៍​មួយ​ច្បាប់​បាន​ដាក់​ជូន​អាជ្ញាធរ​ខេត្ត​កាល​ពី​រសៀល​ថ្ងៃ​ពុធ (១៧ មីនា) បន្ទាប់​ពី​អភិបាល​ខេត្ត​បញ្ជាក់​ថា ញត្តិ​គួរ​ប្រគល់​ជូន​ថ្នាក់​ខេត្ត​ដើម្បី​ធ្វើការ​ដោះស្រាយ។

តំណាង​សហគមន៍​ចំនួន ១២​ក្រុម​មក​ពី​ស្រុក​ចំនួន ៦​នៅ​ខេត្ត​រតនគិរី លោក ម៉ា ប៊ុនឃុន មាន​ប្រសាសន៍​ថា អ្នក​ភូមិ​រាប់​ពាន់​គ្រួសារ​មាន​ការ​សោកស្ដាយ​មិន​បាន​ប្រគល់​ញត្តិ​ផ្ទាល់​ដល់​លោក​នាយករដ្ឋមន្ត្រី ៖ «សហគមន៍​នីមួយៗ​ដែល​បញ្ជូន​ឲ្យ​តំណាង​សហគមន៍​ទាំង​អស់​ហ្នឹង គេ​សង្ឃឹម​ថា បាន​ជួប​នាយករដ្ឋមន្ត្រី​ផ្ទាល់។ ក្នុង​ការ​ដាក់​ញត្តិ​នៅ​សាលា​ខេត្ត​ខ្ញុំ​អត់​សង្ឃឹម​ថា បាន​ជា​ផ្លូវការ​ទេ»

តំណាង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្រុក​ទាំង​៦ ដែល​គ្រោង​ដាក់​ញត្តិ​ទៅ​លោក​នាយករដ្ឋមន្ត្រី​ដែរ​នោះ លោក កែវ ឡុត មាន​ប្រសាសន៍​ដែរ​ថា ៖ «ខាង​ខេត្ត​គេ​ថា មិន​ទាន់​អាច​ទេ គេ​​នឹង​ព្យាយាម​ដាក់​ជូន​ទៅ​តាម​(លេខា)​របស់​គាត់»

នៅ​ក្នុង​សន្ទរកថា​លោក ហ៊ុន សែន នៅ​ខេត្ត​រតនគិរី នៅ​ថ្ងៃ​១៨ មីនា នេះ មិន​បាន​ថ្លែង​ដល់​អ្វី​ដែល​ទាក់ទិន​រឿង​រ៉ាវ​ដីធ្លី ព្រៃ​ឈើ​និង​ផល​ប៉ះពាល់​ដោយសារ​វារីអគ្គិសនី​ដែល​អ្នក​ភូមិ​និង​មន្ត្រី​មូលដ្ឋាន​ស្រុក​ទាំង​៦ ប៉ុនប៉ង​ផ្ញើ​សារ​ជូន​លោក​ទេ ពោល​គឺ​លោក​មាន​ប្រសាសន៍​បញ្ជាក់​តែ​ពី​សារសំខាន់​នៃ​ផ្លូវ​ដែល​ទើប​សាងសង់​រួច​ថា នឹង​ផ្ដល់​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ​ភាគ​ឦសាន​និង​ប្រទេស​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ មាន​ប្រទេស​កម្ពុជា វៀតណាម និង​លាវ និង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី ដើម្បី​ទាញ​យក​ថាមពល​អគ្គិសនី​ប្រើ​ប្រាស់​ក្នុង​ប្រទេស​និង​លក់​ចេញ​ទៅ​ប្រទេស​ជិត​ខាង។

អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន កាល​ពី​ថ្ងៃ​ពុធ (១៧ មីនា) មាន​ប្រសាសន៍​បញ្ជាក់​ថា ញតិ្ត​ទាមទារ​ទាំង​អស់​គួរ​ដាក់​ចូល​មក​អាជ្ញាធរ​ខេត្ត​ដើម្បី​ធ្វើ​ការ​ដោះស្រាយ។

មន្ត្រី​ផ្នែក​គាំពារ​មតិ​នៃ​អង្គការ​អនុផល​ព្រៃ​ឈើ មាន​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី លោក ជុំ ឈាន មាន​ប្រសាសន៍​ទាក់ទិន​ករណី​នេះ​ដែរ​ថា ៖ «នេះ​ជា​វិធីសាស្ត្រ​ដែល​ល្អ​មួយ​ក្រោយ​ពី​គាត់​បាន​ទទួល​សារ​ពី​ខាង​សហគមន៍​ហ្នឹង។ មាន​សង្ឃឹម​ថា ចៅហ្វាយ​ខេត្ត​នឹង​ចូល​រួម​ធ្វើការ​ដោះស្រាយ»

មុន​មួយ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន មក​កាន់​ខេត្ត​រតនគិរី លោក អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​ធ្វើ​ពិធី​ចុះ​បញ្ជី​ដី​កម្មសិទ្ធិ​សមូហភាព​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច ភូមិ​ល្អឺនក្រែន ឃុំ​អូរជុំ ជា​ភូមិ​ទី​១​ដែល​បាន​ចុះ​បញ្ជី​ដីធ្លី​មុន​គេ​បង្អស់​លើ​ផ្ទៃ​ដី​ជាង ៩០០​ហិកតារ​នៅ​ខេត្ត​រតនគិរី ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​លើក​ស្ទួយ​និង​គាំទ្រ​សហគមន៍​ជនជាតិ​ដើម​ភាគតិច។

ក្រុម​សហគមន៍​អ្នក​ដាក់​ញត្តិ​បញ្ជាក់​ថា ពួកគេ​នឹង​រក​ឱកាស​បញ្ជូន​ញត្តិ​ទៅ​ខុទ្ទកាល័យ​លោក ហ៊ុន សែន ម្តង​ទៀត ប្រសិន​អាជ្ញាធរ​ខេត្ត​មិន​បាន​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់៕