តំណាងសហគមន៍ លោក ថាត់ មិម មានប្រសាសន៍ថា ការគំរាមនេះកើតឡើងកាលពីថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១០ បង្កឡើងដោយបុរសឈ្មោះ ជ្រឺយ បាន់នី រស់នៅភូមិកាទៀង ឃុំល្បាំង២ ដែលដឹកនាំកម្មករស៊ីឈ្នួលអាររំលំដើមឈើធ្នង់និងឈើក្រំ នៅព្រៃស្រែកាលង ក្នុងឃុំល្បាំង១ ដើម្បីប្រគល់ឲ្យមន្ត្រីអាវុធហត្ថម្នាក់ឈ្មោះ ហុង ដែលជាអ្នកជួលពួកគេឲ្យអារឈើនោះ។
លោក ថាត់ មិម បានឲ្យដឹងដូច្នេះ ៖ «...វាថា ថ្ងៃនេះពួកអ្ហែងបានជិះឡានជុំគ្នា ថ្ងៃក្រោយពួកអ្ហែងចៀសមិនផុតពីកណ្ដាប់ដៃអញទេ។ វាថា បើវាប្រហារជីវិតមនុស្សមិនបានទេ វាបំផ្លាញទ្រព្យសម្បត្តិប្រជាជន»។
ចំណែកតំណាងសហគមន៍ម្នាក់ទៀត លោក ដាំង ហៀង បញ្ជាក់ដែរថា ក្រុមអ្នកកាប់ឈើខុសច្បាប់មានកំហឹងនឹងក្រុមសហគមន៍ចាប់យកម៉ាស៊ីនកាត់ឈើពួកគេមួយគ្រឿងទើបក្រុមអ្នកកាប់ឈើយកអំណាចមន្ត្រីអាវុធហត្ថមកគំរាមអ្នកភូមិ ៖ «ចាស់ទុំ មេភូមិ ជំទប់ មេឃុំក៏ដឹង។ អារច្រើនដងដែរ អារជាង១០-២០ដើមដែរ»។
វិទ្យុអាស៊ីសេរីមិនអាចស្វែងរកឈ្មោះ ជ្រឺយ បាន់នី និងឈ្មោះ ហុង ដើម្បីបំភ្លឺករណីនេះបានទេនៅថ្ងៃអង្គារ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១០។
ទោះបីជាយ៉ាងនេះក្តី មន្ត្រីកងរាជអាវុធហត្ថខេត្តមួយរូបសុំមិនបញ្ចេញឈ្មោះមានប្រសាសន៍ថា ឈ្មោះ ហុង ដែលក្រុមអ្នកកាប់ឈើអះអាងថាជាមន្ត្រីអាវុធហត្ថខេត្តនោះ បានលុបឈ្មោះចេញពីបញ្ជីមន្ត្រីកងរាជអាវុធហត្ថខេត្តច្រើនឆ្នាំហើយ។
មេឃុំល្បាំង១ លោក ប៉េវ វិល មានប្រសាសន៍ថា នេះជាអំពើកាប់បំផ្លាញព្រៃឈើសហគមន៍និងគំរាមប្រមាថអ្នកភូមិដែលចូលរួមទប់ស្កាត់ថែមទៀត ៖ «យើងកាប់ព្រៃឈើខុសហើយនៅគំរាមតទៅទៀត។ ពីរករណីហើយខុសហ្នុង»។
មន្ត្រីផ្នែកអង្កេតសមាគមអាដហុក ខេត្តរតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា ការកាប់បំផ្លាញព្រៃឈើគ្រប់ប្រភេទមិនអាចកាត់បន្ថយបានទេ ដោយសារតែមន្ត្រីពាក់ព័ន្ធមួយចំនួនមិនបានអនុវត្តតួនាទីបានត្រឹមត្រូវ។
លោក ប៉ែន ប៊ុណ្ណា មានប្រសាសន៍ដូច្នេះ ៖ «យើងធ្លាប់បានប្រតិកម្មច្រើនដងហើយរឿងប្រើប្រាស់តួនាទីរបស់សមត្ថកិច្ចកងរាជអាវុធហត្ថ ប៉ូលិសហ្នឹង ដើម្បីកាងបទល្មើសព្រៃឈើ កាប់ឈើប្រណីតហ្នឹង ហើយដែលត្រូវប្រើដោយប្រជាពលរដ្ឋធម្មតា ក៏ប៉ុន្តែគាត់អះអាង យកតួនាទីហ្នឹងទៅគំរាមកំហែងប្រជាពលរដ្ឋសហគមន៍ដែលលោកប្រឹងប្រែងការពារការកាប់បំផ្លាញព្រៃឈើហ្នឹង។ សូមទាមទារវែករកមុខអ្នកដែលនៅពីក្រោយខ្នង ហើយចំពោះជនល្មើសផ្ទាល់ក៏ត្រូវតែផ្តន្ទាទោសតាមផ្លូវច្បាប់ដែរ»។
កាលពីសប្តាហ៍មុននៅឃុំប៉ុង ស្រុកវ៉ឺនសៃ ក្រុមអ្នកលាក់ស្តុកឈើប្រណីតខុសច្បាប់បានគំរាមភ្លាមៗមកលើសហគមន៍អ្នករកឃើញទីតាំងលាក់ទុកឈើ ហើយរាយការណ៍ឲ្យមន្ត្រីមូលដ្ឋាននិងមន្រ្តីជំនាញព្រៃឈើចុះបង្ក្រាបនិងរឹបអូសឈើរបស់ពួកគេ។
ក្រុមសហគមន៍បញ្ជាក់ថា ពួកគាត់ទាមទារឲ្យមានការស៊ើបអង្កេតទៅលើក្រុមជនពាក់ព័ន្ធនិងក្រុមមន្ត្រីឃុបឃិតដើម្បីដាក់ពិន័យនិងផ្តន្ទាទោសពួកគេតាមច្បាប់ និងទាមទារឲ្យដុតកម្ទេចចោលម៉ាស៊ីនកាត់ឈើដែលរឹបអូសបាន៕
