តំណាងសហគមន៍លោក ខី ខាង មានប្រសាសន៍ឲ្យដឹងនៅថ្ងៃអង្គារ ទី៩ ខែកុម្ភៈ ឆ្នាំ២០១០ថា អ្នកភូមិកំពុងត្រូវការក្រុមសមត្ថកិច្ចដើម្បីសហការរឹបអូសឈើខុសច្បាប់ទាំងនោះនិងស្វែងរកម្ចាស់ឈើខុសច្បាប់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
លោក ខី ខាង បានឲ្យដឹងដូច្នេះ ៖ «បើរកឃើញមានតែចាប់ហ្នឹងហើយ។ ខ្ញុំទៅរាយការណ៍នៅឃុំឲ្យមកធ្វើការ»។
ប្រភពពីអ្នកភូមិឲ្យដឹងថា ឈើប្រណីតដែលគេលាក់ទុកនោះមានប្រភេទឈើនាងនួននិងឈើធ្នង់ មុខកាត់ពី២០សង់ទីម៉ែត្ររហូត៥០សង់ទីម៉ែត្របួនជ្រុង ប្រវែង២,២០ម៉ែត្រ មានបរិមាណប្រហែល៣០ទៅ៤០ម៉ែត្រគូបត្រូវគេលាក់ក្នុងព្រៃជិតភូមិនិងក្នុងចម្ការដើម្បីត្រៀមលួចនាំចេញ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងមន្ត្រីផ្នែកព្រៃឈើស្រុកវ៉ឺនសៃនិងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ដើម្បីអធិប្បាយបញ្ហានេះបានទេនៅថ្ងៃអង្គារ (៩ កុម្ភៈ) ដោយមន្ត្រីទាំងនោះមិនទទួលទូរស័ព្ទ។យ៉ាងនេះក្តីអ្នកសម្របសម្រួលនិងអង្កេតសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ថា សហគមន៍មានសិទ្ធិរួមចំណែកក្នុងការទប់ស្កាត់បទល្មើសព្រៃឈើជាក់ស្តែងនៃការលួចលាក់ទុកឈើប្រណីតដែលគេលួចកាប់ពីព្រៃខុសច្បាប់។ លោកថា អ្នកភូមិត្រូវសុំកិច្ចសហការពីមន្ត្រីអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុតដើម្បីចាប់ឃាត់ឈើនោះ ហើយប្រសិនមិនមានកិច្ចសហការលោកនឹងជួយធ្វើកិច្ចអន្តរាគមន៍បន្តដើម្បីសុំកិច្ចអន្តរាគមន៍ពីស្ថាប័នថ្នាក់កណ្តាលនិងថ្នាក់ជាតិ ដើម្បីរួមចំណែកការពារធនធានព្រៃឈើទ្រពសម្បត្តិជាតិដែលនៅសេសសល់ចុងក្រោយនេះ។
លោក ប៉ែន ប៊ុណ្ណារ៍ មានប្រសាសន៍ដូច្នេះ ៖ «អ្នកដែលពាក់ព័ន្ធជាមួយបទល្មើស អ្នកដែលស៊ុមគ្រលុំ ឬអ្នកដែលប្រព្រឹត្តផ្ទាល់ច្រើនតែជាបុគ្គលនៅក្នុងជួររដ្ឋអំណាច សមត្ថកិច្ចហ្នឹងតែម្ដង ទោះបីជាមានការរាយការណ៍គេមិនដែលអើពើនឹងការទាមទារឲ្យចុះបង្រ្កាបរបស់សហគមន៍ទេ ហើយមានពេលខ្លះប្រជាសហគមន៍ទទួលនូវការគំរាមកំហែងថែមទៀត»។
ចាប់ពីដើមឆ្នាំ២០១០ ប្រជាសហគមន៍នៅតាមមូលដ្នាននានាក្នុងខេត្តរតនគិរីឲ្យដឹងថា ឈើប្រណីតប្រភេទធ្នង់និងនាងនួនរាប់ពាន់ម៉ែត្រគូប ត្រូវគេកាប់ពីព្រៃនៅស្រុកវ៉ឺនសៃ ស្រុកអណ្តូងមាស អូរយ៉ាដាវ និងស្រុកតាវែង នាំចេញតាមរថយន្តជាខ្សែនៅវេលាយប់ចេញទៅកាន់ច្រកទ្វារព្រំដែន ដើម្បីលក់ឲ្យឈ្មួញវៀតណាមដោយគ្មានការទប់ស្កាត់ឡើយ ហើយរហូតមកទល់ថ្ងៃទី៩ កម្ភៈ ចលនាធ្វើអាជីវកម្មឈើប្រណីតខុសច្បាប់នេះមិនទាន់បញ្ឈប់បាននៅឡើយទេ ហើយក៏ពុំមានការស៊ើបអង្កេតរកអ្នកប្រព្រឹត្តអំពើខុសច្បាប់នោះនៅឡើយ៕
