លោក សុន ឆ័យ អ្នកតំណាងរាស្ត្រពីគណបក្សសមរង្ស៊ី បានប្រតិកម្មដូច្នេះបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើអនុក្រឹត្យមួយចុះថ្ងៃទី២៣ កញ្ញា ២០០៩ បង្គាប់ឲ្យបង្កើតក្រុមជំនួយការក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដែលមានសមាសភាព១១រូប។
នៅក្នុងចំណោមមន្ត្រីទាំង១១រូបនោះ មាន១០រូបគឺជាចៅក្រមនិងព្រះរាជអាជ្ញាដែលកំពុងកាន់តំណែងនៃតុលាការកំពូល។ ចំណែកមួយរូបទៀតគឺអនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក ប៊ុន ហុន ជាសមាជិក។
អ្នកតំណាងរាស្ត្រ សុន ឆ័យ បានសម្តែងការព្រួយបារម្ភដូច្នេះ ៖ «នៅក្នុងការបែងចែកអំណាចដាច់ដោយឡែកពីគ្នារវាងអំណាចនីតិប្រតិបត្តិ នីតិបញ្ញត្តិនិងតុលាការ គឺនៅតែច្របូកច្របល់ ហើយយើងមានការព្រួយបារម្ភថា ការលូកដៃពីមន្ត្រីនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលធ្លាប់បានធ្វើតាំងពីដើមមកក្នុងការប្រើប្រាស់ឥទ្ធិពលជ្រើសរើស ឬក៏តែងតាំងចៅក្រម ឬក៏មានឥទ្ធិពលជាប្រយោលទៅលើក្រុមគណៈមេធាវីអីជាដើមហ្នឹង គឺជាការធ្វើផ្ទុយអំពីគោលការណ៍របស់រដ្ឋធម្មនុញ្ញ ជាទង្វើមួយប៉ះពាល់ទៅលើសកម្មភាព តួនាទីឯករាជរបស់ឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម ហើយវានៅតែរងឥទ្ធិពលជាលក្ខណៈនយោបាយដែលពិបាកធ្វើឲ្យកម្មវិធីឬក៏នយោបាយពង្រឹងស្ថាប័នតុលាការនេះឲ្យមានភាពឯករាជនិងប្រសិទ្ធភាពនេះ គឺពិបាកនឹងធ្វើទៅកើត»។
លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាលនិងជាក្រុមអ្នកនាំពាក្យនៃអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា អនុក្រឹត្យបង្កើតក្រុមជំនួយការក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះ មិនមែនជាការលូកដៃចូលរបស់រដ្ឋាភិបាលទៅក្នុងកិច្ចការរបស់តុលាការទេ ប៉ុន្តែវាជាការជួយទៅដល់តុលាការ។
លោក ទិត សុធា បានបញ្ជាក់ថា ៖ «ក្នុងកិច្ចការងាររបស់តុលាការនេះគឺមានទិដ្ឋភាពពីរបែប។ ទិដ្ឋភាពទី១ គឺកិច្ចការរដ្ឋបាល ហើយទិដ្ឋភាពទី២ គឺនិយាយពីអំណាចយុត្តាធិការ។ ទិដ្ឋភាពទី១ ដែលនិយាយពីកិច្ចការរដ្ឋបាល កិច្ចការរដ្ឋបាលហ្នឹងគឺត្រូវការចាំបាច់ណាស់នូវសម្ភារៈសំបូរបែបសម្រាប់តម្រូវការងារចំពោះមុខហើយនិងបញ្ហាថវិកាផងដែរ។ បើមើលឃើញកង្វះខាតនូវបញ្ហាទាំងអស់ហ្នឹងហើយ ដោយឈរលើស្មារតីផ្ទុយគ្នាហ្នឹង គឺរដ្ឋាភិបាលធ្វើកិច្ចសហការក្នុងបញ្ហានេះ។ មិនមែនបានសេចក្ដីថា រដ្ឋាភិបាលហ្នឹងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តុលាការទេ គឺគ្រាន់តែមានសិទ្ធិនិងកាតព្វកិច្ចជួយគ្នាទៅវិញទៅមកដើម្បីឲ្យតុលាការអនុវត្តការងារមានប្រសិទ្ធភាពតែប៉ុណ្ណោះ»។
ទាក់ទងនឹងការស្នើឡើងនិងការតែងតាំងវិញ អ្នកតំណាងរាស្ត្រ សុន ឆ័យ បានបន្ថែមថា ក្រុមជំនួយការក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះគួរតែត្រូវបានតែងតាំងដោយព្រះរាជក្រឹត្យ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា ៖ «ក្នុងច្បាប់គេបានបញ្ជាក់ថា សមាជិកមួយដែលមានតួនាទីជាប្រធានតុលាការកំពូលនោះ ថាជាប្រធាននៃក្រុមប្រឹក្សាវិន័យនេះ ហើយគួរតែការផ្ដួចផ្ដើមនោះចេញអំពីប្រធានតុលាការកំពូលដែលជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម មិនមែនចេញពីរាជរដ្ឋាភិបាលទេ ហើយវាគួរតែមានការតែងតាំងតាមរយៈរាជក្រឹត្យ ពីព្រោះយើងឃើញថា ប្រធានរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមគឺព្រះមហាក្សត្រហ្នឹងតែម្ដង។ ការធ្វើក្រៅពីហ្នឹងគឺធ្វើឲ្យមានការច្របូកច្របល់ទៅលើអំណាចដាច់ពីគ្នានេះ ហើយយើងមិនទាន់និយាយទៅដល់បុគ្គលជាលក្ខណៈនៃប្រធានតុលាការកំពូលផង គ្រាន់តែនិយាយអំពីការតែងតាំងនេះ វាត្រូវតែមិនត្រូវមានការលូកដៃពីរាជរដ្ឋាភិបាលទេ»។
ទាក់ទងទៅនឹងតួនាទីរបស់ក្រុមជំនួយការក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល បានឲ្យដឹងថា ក្រុមជំនួយការនេះមានតួនាទីត្រឹមរាយការណ៍ជូនក្រុមប្រឹក្សាវិន័យតែប៉ុណ្ណោះ មិនមានសិទ្ធិដាក់ទណ្ឌកម្មនោះទេ។
លោក ទិត សុធា បានថ្លែងថា ៖ «ក្រុមជំនួយការក្រុមប្រឹក្សាវិន័យហ្នឹងគឺអត់មានសិទ្ធិដាក់វិន័យលើចៅក្រមឬក៏ព្រះរាជអាជ្ញាណាម្នាក់នោះទេ។ ជំនួយការទាំង១១រូបនេះគឺគេអនុវត្តការងារនិងតួនាទីភារកិច្ចរបស់គេហ្នឹងស្របតាមវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម»។
សូមជម្រាបថា អនុក្រឹត្យស្តីពីការបង្កើនប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនេះមាន១០មាត្រា។ មានត្រា១ចែងថា អនុក្រឹត្យនេះមានគោលដៅកំណត់អំពីយន្តការបង្កើនប្រសិទ្ធភាពការងាររបស់ក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម អំពីតួនាទី ភារកិច្ច និងសមាសភាព ព្រមទាំងដំណើរការនៃយន្តការនេះ ក្នុងគោលបំណងជួយក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមក្នុងការបំពេញតួនាទីរបស់ខ្លួនជាស្ថាប័នតែមួយគត់ដែលមានសមត្ថកិច្ចចាត់ការតាមនីតិវិធី ស៊ើបអង្កេត ស្រាវជ្រាវ និងដាក់ឬមិនដាក់វិន័យចៅក្រមនិងព្រះរាជអាជ្ញា ស្របតាមច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
មាត្រា៧ចែងថា ក្រុមជំនួយការក្រុមប្រឹក្សាវិន័យដែលកើតចេញពីអនុក្រឹត្យនេះមានសិទ្ធិប្រើប្រាស់ត្រារបស់តុលាការកំពូលឬមហាអយ្យការអមតុលាការកំពូលទៅតាមមុខការ។
គួររំឭកថា កាលពីថ្ងៃទី៤ កញ្ញាកន្លងទៅថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយស្តីពីការបង្កើតក្រុមការងារចម្រុះពិនិត្យចំណាត់ការរឿងក្តីព្រហ្មទណ្ឌនៅតាមអង្គភាពអនុវត្តច្បាប់នានា ក្នុងនោះរួមមានទាំងតុលាការផង។ ភ្លាមៗនោះមន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានសម្តែងក្តីព្រួយបារម្ភអំពីការជ្រៀតចូលនៃឥទ្ធិពលរបស់រាជរដ្ឋាភិបាលទៅក្នុងកិច្ចការរបស់តុលការ៕
