ប្រតិកម្ម​ជុំវិញ​ការដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត​របស់ សម រង្ស៊ី

មន្រ្តី​គណបក្ស​ប្រឆាំង អង្គការ​ក្រៅ​រដ្ឋាភិបាល និង​អ្នក​ច្បាប់​ខ្លះ បាន​សម្តែង​ប្រតិកម្ម​ថា ការលើក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ត​លោក សម រង្ស៊ី កាលពី​ពេល​ថ្មីៗ​នេះ គឺ​ជា​ទង្វើ​ខុស​ច្បាប់​និង​អាច​ជា​ការគំរាម​កំហែង​ដល់​ដំណើរការ​ប្រជាធិបតេយ្យ​កម្ពុជា​នា​ពេល​អនាគត។

0:00 / 0:00

លោក សម រង្ស៊ី មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​លើក​អភ័យ​ឯកសិទ្ធិ​សភា​ក្នុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ​កន្លង​ទៅ​នេះ។

ការសម្រេច​នេះ​គឺ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​ក្រសួង​យុត្តិធម៌​ទាក់ទង​នឹង​រឿង​ក្តី​មួយ​ដោយសារ​តែ​លោក​មិន​ព្រម​បង់​ពិន័យ​តាម​ការសម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំនួន​ទឹក​ប្រាក់​១០​លាន​រៀល​ពី​បទ​បរិហារកេរ្តិ៍​មេ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នា​អំឡុង​យុទ្ធនាការ​បោះឆ្នោត​ជាតិ​កន្លង​ទៅ​នេះ។

លោក សុក សំអឿន ប្រធាន​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការលើក​អភ័យ​ឯកសិទ្ធិ​លោក សម រង្ស៊ី នោះ គឺ​មិន​ស្រប​នឹង​រដ្ឋ​ធម្មនុញ្ញ។

លោក សុក សំអឿន បាន​ឲ្យ​ដឹង​ថា ៖ «បើ​សិន​ជា​ស្រប​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​ក៏​ដោយ បាន​ន័យ​ថា​ច្បាប់​របស់​សភា ផ្ទៃ​ក្នុង​របស់​សភា ក៏​ប៉ុន្តែ​បើ​សិន​ជា​ធ្វើ​ច្បាប់​បែប​ហ្នឹង ហើយ​បកស្រាយ​បែប​ហ្នឹង​ក៏​វា​អត់​ត្រូវ​ជាមួយ​រដ្ឋធម្មនុញ្ញ​ដែរ»

លោក​បាន​មាន​ប្រសាសន៍​បន្ត​ដែរ​ថា ការធ្វើ​ដូច្នេះ​នឹង​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​ដំណើរការ​ប្រជាធិបតេយ្យ ៖ «អ៊ីចឹង​ថ្ងៃ​ក្រោយ​ឲ្យ​តែ​សភា​នេះ​អ៊ីចឹង វា​អាច​ធ្វើ​អី​ផ្ដេសផ្ដាស​បាន បើ​សិន​ជា​អ៊ីចឹង​ខ្ញុំ​ថា​វា​ផ្ទុយ​នឹង​លិទ្ធិ​ប្រជាធិបេតយ្យ»

គួរ​បញ្ជាក់​ថា នៅ​ក្នុង​មាត្រា​៨០​នៃ​រដ្ឋធម្មនុញ្ញ​បាន​ចែង​ថា តំណាង​រាស្ត្រ​មាន​អភ័យ​ឯកសិទ្ធិ។ តំណាង​រាស្រ្ត​រូប​ណា​ក៏​ដោយ​មិន​អាច​ត្រូវ​បាន​ចោទ​ប្រកាន់ ចាប់​ខ្លួន ឃាត់​ខ្លួន​ឬ​ឃុំ​ខ្លួន ដោយ​ហេតុផល​ពី​ការសម្តែង​យោបល់​ឬ​បញ្ចេញ​មតិ​ក្នុង​ការបំពេញ​មុខងារ​របស់​ខ្លួន​សោះ​ឡើយ។

ការចោទ​ប្រកាន់ ការចាប់​ខ្លួន ការឃាត់​ខ្លួន​ឬ​ការឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​រដ្ឋសភា​នឹង​អាច​ធ្វើ​ទៅ​កើត​លុះត្រា​តែ​មាន​ការយល់ព្រម​ពី​រដ្ឋសភា ឬ​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​រដ្ឋសភា​ក្នុង​ចន្លោះ​សម័យ​ប្រជុំ​នៃ​រដ្ឋសភា វៀរលែង​តែ​ក្នុង​ករណី​បទល្មើស​ជាក់ស្តែង។ ក្នុង​ករណី​ខាង​ក្រោម​នេះ​ក្រសួង​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្តី​រាយការណ៍​ជូន​រដ្ឋសភា​ឬ​ជូន​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​រដ្ឋសភា​ជា​បន្ទាន់​ដើម្បី​សម្រេច។

ក្នុង​មាត្រា​របស់​រដ្ឋធម្មនុញ្ញ​ក៏​បាន​បញ្ជាក់​ដែរ​ថា សេចក្តី​របស់​សម្រេច​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​រដ្ឋសភា​ត្រូវ​ដាក់​ជូន​សម័យ​ប្រជុំ​រដ្ឋសភា​ខាង​មុខ​ដើម្បី​អនុម័ត​តាម​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី​នៃ​សមាជិក​រដ្ឋសភា​ទាំងមូល។

ក្នុង​ករណី​ទាំងអស់​ខាង​លើ​នេះ ការឃុំ​ខ្លួន ការចោទ​ប្រកាន់​តំណាង​រាស្រ្ត​ណា​មួយ​ត្រូវ​ផ្អាក ប្រសិន​បើ​រដ្ឋសភា​បាន​បញ្ចេញ​មតិ​ឲ្យ​ផ្អាក តាម​មតិ​ភាគ​ច្រើន បី​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំង​មូល។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការសម្រេច​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​រដ្ឋសភា​លើ​រូប​លោក សម រង្ស៊ី នា​ពេល​នេះ គឺ​ជា​ការគំរាម​កំហែង​មួយ។

លោក អ៊ូ វីរៈ បាន​មាន​ប្រសាសន៍​ថា ៖ «ករណី​ហ្នឹង​វា​ផ្ដល់​ឱកាស​ឲ្យ​បុគ្គល​មួយ​ក្រុម​នៃ​គណៈ​អចិន្រ្តៃយ៍​ហ្នឹង​ទៅ​ជា​ក្រុម​ដែល​មាន​អំណាច​ទៅ​លើ​ភាព​ទុក​ចិត្ត​របស់​សភា​ឬ​មួយ​ការការពារ​របស់​សមាជិក​សភា អា​ហ្នឹង​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​ការគំរាម​កំហែង​ដល់​សេរីភាព​របស់​សភា សមាជិក​សភា ក្នុង​ការបំពេញ​តួនាទី​ទៅ​ហើយ»

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ដែរ​ថា ក្រៅពី​ការរំលោភ​ច្បាប់​ទង្វើ​នេះ​ក៏​អាច​ជា​ការរំលោភ​ដល់​គោលការណ៍​ប្រជាធិបតេយ្យ។

លោក អ៊ូ វីរៈ បាន​បញ្ជាក់​ថា ៖ «យើង​ឃើញ​ថា ...ទី​១ ខុស​ហ្នឹង វា​ធ្វើ​អ៊ីចឹង​អត់​ត្រឹមត្រូវ​ទេ ទី​២ រឿង​ប្រជាធិបតេយ្យ​ស្រុក​ខ្មែរ យើង​ឃើញ​ថា​មិន​សូវ​ជា​ធ្វើ​តាម​ប្រព័ន្ធ​ច្បាប់​និង​គោល​នយោបាយ​ត្រឹមត្រូវ ច្រើន​តែ​ធ្វើ​តាម​កាលៈទេសៈ ហើយ​ការសម្រេច​ចិត្ត​ឬ​មួយ​ក៏​ការសម្រេច​ចិត្ត​របស់​មួយ​ក្រុម​តូច ឬ​មួយ​ក៏​បុគ្គល​ម្នាក់​អី​អ៊ីចឹង ជឿ​ថា​ពាក់ព័ន្ធ​ហើយ បាន​ន័យ ប្រជាធិបតេយ្យ​អត់​មាន​ស្ថិរភាព​ទេ»

រីឯ​លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​គណបក្ស​សមរង្ស៊ី​បាន​មាន​ប្រសាសន៍​ថា ការសម្រេច​នោះ​គឺ​ជា​រឿង​ដ៏​អាក្រក់​មួយ​សម្រាប់​ប្រវត្តិសាស្រ្ត​សភា​ខ្មែរ ៖ «រឿង​ត្រឹម​បញ្ហា​បង់​ប្រាក់​ប៉ុណ្ណេះ មិន​ធ្លាក់​ថ្នាក់​ដល់​ទៅ​ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ដ វា​ធ្វើ​ឲ្យ​តំណាង​រាស្រ្ដ​ហ្នឹង​ថោក។ ថោក​មិន​មែន​តែ​តំណាង​រាស្រ្ដ​បក្ស​ប្រឆាំង​ទេ តំណាងរាស្រ្ដ​១២៣​តែម្ដង ទាំង​សម្ដេច ហេង សំរិន ផង អភ័យ​ឯកសិទ្ធិ​គាត់​ក៏​ថោក​ជាមួយ​យើង​ដែរ ព្រោះ​តែ​រឿង​ប៉ុណ្ណឹង ដក​អភ័យ​ឯកសិទ្ធិ​តំណាង​រាស្រ្ដ​លេង​សើច»

ប៉ុន្តែ​លោក ជាម យៀប អ្នក​តំណាង​រាសស្រ្ត​និង​ជា​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​វិញ បាន​មាន​ប្រសាសន៍​ចំពោះ​ការសម្រេច​នោះ​ថា ៖ «អង្គប្រជុំ​គណៈ​អចិន្រ្តៃយ៍ គ្រាន់តែ​ថា​មិន​សម្រេច​ឯណា​ដូច​នេះ​នោះ​ទេ គឺ​ថា​ដែល​ដាក់​ចូល​ក្នុង​របៀវារៈ​នៃ​សម័យ​ប្រជុំ គឺ​សុំ​ព្យួរ​អភ័យ​ឯកសិទ្ធិ មិន​ទាន់​បាន​ប្រជុំ មិន​ទាន់​បាន​នេះ​ឯ​ណា ប៉ុន្តែ​ឯកឧត្ដម សម រង្ស៊ី គាត់​ភ័យ​ខ្លួន​គាត់​ទេ»

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បណ្ឌិត ឈឹម ផលវរុន នាយក​វិទ្យាស្ថាន​ពលរដ្ឋវិជ្ជា​បាន​មាន​ប្រសាសន៍​ថា ករណី​ការសម្រេច​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​រដ្ឋសភា​លើ​រូប​លោក សម រង្ស៊ី នា​ពេល​នេះ គឺ​ជា​ភាព​មិន​ច្បាស់លាស់​នៃ​ច្បាប់​ខ្មែរ​នៃ​ពេល​បច្ចុប្បន្ន។

លោក​បណ្ឌិត ឈឹម ផលវរុន បាន​មាន​ប្រសាសន៍​ថា ៖ «បទបញ្ញត្តិ​រដ្ឋធម្មនុញ្ញ​ហ្នឹង ការលើក​អភ័យ​ឯកសិទ្ធិ​ហ្នឹង​វា​មាន​ហេតុផល​ច្បាស់លាស់​មួយ ប៉ុន្តែ​នីតិវិធី​គឺ​បាន​កំណត់​ច្បាស់ គឺ​ការសម្រេច​ដោយ​ប្រជុំ​ពេញ​អង្គ​នៃ​រដ្ឋសភា ប៉ុន្តែ​នៅ​ក្នុង​មាត្រា​រដ្ឋធម្មនុញ្ញ​ក៏​បាន​រំលេច​នូវ​ពាក្យ​ក្នុង​ករណី​ដែល​សភា​វ៉ាកង គឺ​ពេល​ហ្នុង​ភារកិច្ច​ទាំងអស់​ត្រូវ​ផ្ដល់​ឲ្យ​គណៈកម្មាធិការ​អចិន្រ្តៃយ៍​សភា។ ប៉ុន្តែ​ឃ្លា​ប្រយោគ​របស់​រដ្ឋធម្មនុញ្ញ​ពុំ​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ថា តើ​ការសម្រេច​របស់​គណៈកម្មាធិការ​អចិន្រ្តៃយ៍​របស់​រដ្ឋសភា​អាច​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​កម្រិត​ណា​ហ្នឹង គឺ​អត់​មាន​និយាយ»

លោក ឈឹម ផលវរុន ក៏​បាន​សម្តែង​ទស្សនៈ​ថា សភា​ជាតិ​គួរតែ​ដោះស្រាយ​បញ្ហា​មិន​ច្បាស់លាស់​បែប​នេះ​សម្រាប់​ពេល​ក្រោយៗ​ទៀត។

នៅ​ពេល​នេះ​ជម្លោះ​រវាង​លោក សម រង្ស៊ី និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បញ្ចប់​ទៅ​ហើយ​ក្រោយ​ពេល​ដែល​លោក សម រង្ស៊ី បាន​សម្រេច​តាម​ការផាក​ពិន័យ​នោះ ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក៏​បាន​ទម្លាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​ផងដែរ ប៉ុន្តែ​បញ្ហា​នោះ​ត្រង់​ថា​តើ​លោក សម រង្ស៊ី អាច​នឹង​ទទួល​បាន​អភ័យ​ឯកសិទ្ធិ​សភា​វិញ​ដែរ​ឬ​ទេ ហើយ​នៅ​ពេល​ណា?។

លោកស្រី ជា វណ្ណាត អ្នក​វិភាគ​នយោបាយ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការផ្តល់​អភ័យ​ឯកសិទ្ធិ​សភា​ជូន​ប្រធាន​គណបក្ស​ប្រឆាំង​វិញ គឺ​ជា​ការចាំបាច់​ដែល​នឹង​អាច​បង្ហាញ​ពី​ភាព​វិជ្ជមាន​នៃ​ដំណើរការ​អនុវត្ត​របប​សេរី​ពហុ​បក្ស​ក្នុង​ប្រទេស​កម្ពុជា​នោះ។

លោកស្រី ជា វណ្ណាត បាន​ឲ្យ​ដឹង​ថា ៖ «ពីព្រោះ​ថា​យើង​ចេះតែ​ថា​ប្រទេស​កម្ពុជា​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ពហុភាព មាន​គណបក្ស​ជំទាស់ ក៏​ប៉ុន្តែ​បើ​សិន​ណា​ជា​ដំណើរការ​គណបក្ស​ជំទាស់​ហ្នឹង​រអាក់​រអួល​ពេក ក៏​យើង​មិន​អាច​មាន​អំណះ​អំណាង​ថា យើង​វា​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុភាព​ដែរ»