ប៉ុន្តែទន្ទឹមនឹងការសម្ដែងក្ដីកោតសរសើរនេះ អង្គការ Amnesty International សម្ដែងក្ដីបារម្ភថា លើសពីករណី ឌុច មានជនសង្ស័យតែពីរ ឬបីនាក់ទៀតប៉ុណ្ណោះ ដែលថា គេអាចនឹងផ្ដន្ទាទោសនោះ។
ចំណែកឯអង្គការ Human Rights Watch ដែលមានទីស្នាក់ការនៅស.រ.អា ក៏ចាត់ទុកការដាក់ទោស ឌុច ថាជាជំហានសំខាន់ក្នុងរឿងរកយុត្តិធម៌ដែរ ប៉ុន្តែស្នើឲ្យអ.ស.ប. និងប្រទេសផ្ដល់ជំនួយ ទាមទារឲ្យបញ្ឈប់ការជ្រៀតជ្រែកខាងនយោបាយទៅក្នុងសវនាការវិនិច្ឆ័យក្ដី នាពេលអនាគត។ អង្គការនេះបានរំឭកអំពីប្រសាសន៍លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងខែមីនា ឆ្នាំ២០០៩ ដែលថា លោកបន់ឲ្យសាលាក្ដីនេះអស់លុយ ហើយឲ្យចៅក្រម និងសហព្រះរាជអាជ្ញាបរទេសដើរចេញទាំងអស់គ្នា។
សាស្ត្រាចារ្យសាលាច្បាប់អាមេរិកាំងនៅសកលវិទ្យាល័យ Chapman នារដ្ឋកាលីហ្វ័រញ៉ា បណ្ឌិត John A. Hall ដែលតាមដានដំណើរការវិនិច្ឆ័យក្ដីមេដឹកនាំខ្មែរក្រហម ប្រាប់កាសែត The New York Times ថ្ងៃច័ន្ទថា សាលាក្ដីនេះបានប្រឹងប្រឈមមុខដោះស្រាយរឿង គេចោទថា មានអំពើទារសំណូកបុគ្គលិកការជ្រៀតជ្រែកខាងនយោបាយយ៉ាងខ្លាំងពីរដ្ឋាភិបាល បុគ្គលិកបង្ហាញឲ្យឃើញភាពអសកម្ម និងអសមត្ថភាព៕
