ប្រតិកម្ម​ជំទាស់​ចំពោះ​​គម្រោងសាង​​សង់​ប្រាសាទ​ចំលង​តាម​អង្គរវត្ត​កម្ពុជា

អង្គការ​សាសនា​មួយ ឈ្មោះ មាហាវីរ មណ្ឌីរ (The Mahavir Mandir Trust) នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ប្រកាស​ពី​គម្រោង​សាងសង់​ប្រាសាទ​ហិណ្ឌូ​សាសនា​មួយ ដោយ​យក​រចនាបថ​តាម​ប្រាសាទ​អង្គរវត្ត​ខ្មែរ។
ដោយ សុ ជីវី
2012-03-10
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រាសាទ​អង្គរវត្ត ៣០៥
មករា-២០១២៖ ប្រាសាទ​អង្គរវត្ត ស្ថិត​ក្នុង​ខេត្ត​សៀមរាប
RFA/Hang Savyouth

ពួក​គេ​អះ​អាង​ថា ប្រាសាទ វីរ៉ាត អង្គរវត្ត រ៉ាម (Virat Angkor Wat Ram) នឹង​ត្រូវ​សាងសង់​រួច​រាល់​ក្នុង​រយៈពេល ១០​ឆ្នាំ។ កាល​ណា​សាង​សង់​រួច នឹង​ក្លាយជា​ប្រាសាទ​ហិណ្ឌូ​សាសនា ដែល​ធំ​ជាង​គេ​នៅ​ក្នុង​ពិភព​លោក។

ភ្លាមៗ​នេះ​មន្រ្តី​វប្បធម៌​​កម្ពុជា និង​អ្នក​ប្រវត្តិសាស្រ្ត​បាន​ប្រតិកម្ម​តប​នឹង​គម្រោង​នេះ ដោយ​ចាត់​ទុក​ថា ជា​ការ​លួច​ចម្លង​ដោយ​ខុស​ច្បាប់​នៅ​ពេល​ដែល​អង្គរវត្ត​គឺ​ជា​ប្រាសាទ​ស្នូល​នៃ​ក្រុម​ប្រាសាទ​ដែល​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ឬ​មាន​ន័យ​ថា អង្គរវត្ត​គឺ​មាន​តែ​មួយ​នៅ​ក្នុង​លោក និង​ជា​កម្មសិទ្ធិ​របស់​កម្ពុជា។

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ហ៊ឹម ឆែម បាន​អោយ​ដឹង​ថា គ្មាន​អ្នក​ណា​អាច​សាងសង់​អង្គរវត្ត​ថ្មី​ឲ្យ​ដូច​ប្រាសាទ​អង្គរវត្ត​របស់​កម្ពុជា ដែល​ត្រូវ​បាន​ចុះ​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​​ រួច​ហើយ​នោះ​បាន​ឡើយ។

លោក​បន្ត​ថា ​ក្នុង​នាម​ជា​ពលរដ្ឋ​ខ្មែរ​ម្នាក់ លោក​ប្រឆាំង​ចំពោះ​ការ​សាង​សង់​ប្រាសាទ​ចម្លង​តាម​ប្រាសាទ​អង្គរវត្ត៖ «ខ្ញុំ​ឥត​ទទួល​ស្គាល់ ហើយ​ក៏​អត់​យល់​​ព្រម​​អោយ​ឥណ្ឌា ធ្វើ​អ៊ីចឹង​ដែរ។ ដូច​នៅ​ប្រទេស​ថៃ គេ​មាន​ធ្វើ​រូប​សំណាក​អង្គរវត្ត​តូច។ បើ​គេ​ធ្វើ​តូច​ចឹង​វា​គ្មាន​បញ្ហា​អី​ទេ។ តែ​អា​នេះ​គេ​ធ្វើ​ធំ ធំ​ជាង​អង្គរវត្ត​ទៅ​ទៀត។ អ៊ីចឹង​ខ្ញុំ​យល់​ថា​មិន​អាច។ ដូច​ខ្ញុំ​ជម្រាប​ខាង​ដើម​ថា អង្គរវត្ត​វា​អត់​មាន​២​ទេ គឺ​វា​មាន​តែ​១»

បើ​ទោះ​ជា​យ៉ាង​ណា​លោក ហ៊ឹម ឆែម បញ្ជាក់​ថា ក្រសួង​ពុំ​មាន​តួនាទី​ក្នុង​ការ​ចាត់​វិធានការ​ចំពោះ​ករណី​នេះ​ទេ គឺ​ជា​សមត្ថកិច្ច​នៃ​អាជ្ញាធរ​អប្សរា និង​អង្គការ​យូណេស្កូ។

ប្រាសាទ​អង្គរវត្ត​ជា​ប្រាសាទ​ដ៏​ល្បី​ល្បាញ​មួយ​ក្នុង​ចំណោម​ប្រសាទ​ជាច្រើន​ក្នុង​តំបន់​អង្គរ ត្រូវ​ចាត់​ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​ឆ្នាំ​១៩៩២។ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៥ មក អង្គរវត្ត​ត្រូវ​ដាក់​អោយ​ស្ថិត​ក្រោម​ការ​មើល​ខុស​ត្រូវ​របស់​អាជ្ញាធរ​អប្សរា ដែល​មាន​តួនាទី​ការពារ​ថែរក្សា អភិរក្ស និង​លើក​តម្លៃ​ផ្នែក​​បុរាណវិទ្យា វប្បធម៌ បរិស្ថាន និង​ប្រវត្តិសាស្ត្រ​តំបន់​សៀមរាប-​អង្គរ​ទាំង​មូល។

អគ្គនាយក​អាជ្ញាធរ​អប្សរា លោក ប៊ុន ណារិទ្ធ មាន​ប្រសាសន៍​ថា ការ​ចម្លង​យក​រចនា​បថ​ទាំង​ស្រុង​ពី​ប្រាសាទ​អង្គរវត្ត ដើម្បី​សាង​សង់​ប្រាសាទ​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា គឺ​ជាទង្វើ​ខុស​ឆ្គង។ លោក​ថា ក្រុម​ការងារ​នៃ​អាជ្ញាធរ​អប្សរា​កំពុង​ពិភាក្សា ស្វែង​រក​មធ្យោបាយ​តាម​ផ្លូវ​ច្បាប់ ដើម្បី​​ដោះស្រាយ​បញ្ហា​នេះ។

លោក ប៊ុន ណារិទ្ធិ៖ «ថាវា​មិនស្រប​ច្បាប់​វា​មិន​ត្រឹម​ត្រូវ​ទេ បេតិកភណ្ឌ​ពិភព​លោក​គេ​មិន​អនុញ្ញាត​អោយ​ចម្លង​អ៊ីចឹង​ទេ ព្រោះ​អា​របស់​ហ្នឹង​វា​ជា​របស់​ទោល​មិន​មាន​ដូច​គ្នា​អ៊ីចឹង​កើត​ទេ។ ក៏​ប៉ុន្តែ​អាការ​តវ៉ា ឬ​តវ៉ា​យ៉ាង​ម៉េច​ហ្នឹង គឺ​បញ្ហា​កំពុង​តែ​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ច្បាប់​ត្រូវ​ធ្វើ​យ៉ាង​ម៉េច ព្រោះ​អា​ហ្នឹង​វា​ផុត​ដៃ​របស់ខ្ញុំ។ ខ្ញុំ​កំពុង​ចាំ​ការ​សម្រេច​របស់​អ្នក​ច្បាប់»

ស្រប​គ្នា​នេះ​​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា និង​គណបក្ស​សិទ្ធិ​មនុស្ស បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​នឹង​​គម្រោង​សាង​សង់​ប្រាសាទ​ចម្លង​ប្រាសាទ​អង្គរវត្ត​ខ្មែរ​នេះ​ដែរ។

សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​៩ ខែ​មីនា ចុះ​ហត្ថលេខា​ដោយ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា បាន​ហៅ​ទង្វើ​នេះ​ថា ជា​​ការ​រំលោភ​សិទ្ធិ​កម្ពុជា និង​អង្គការ​យូណេស្កូ (UNESCO)។

ក្រុមប្រឹក្សា​នេះ​ទាម​ទារ​អោយ​រដ្ឋាភិបាល​កម្ពុជា ប្រាប់​ទៅ​​ប្រទេស​ឥណ្ឌា ​​​អោយ​​បញ្ឈប់​គោល​បំណង​ របស់​ខ្លួន ព្រោះ​វា​ជា​ការ​បំពាន​លើ​ព្រលឹង​​ជាតិ​​ខ្មែរ។ ចំណែក​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សិទ្ធិ​មនុស្ស បាន​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​មិន​អើពើ​នឹង​គោល​បំណង​របស់​ឥណ្ឌា​ទេ គឺ​ជា​ការ​ប្រមាថ​​មួយ​​ដ៏​ធ្ងន់ធ្ងរ​ចំពោះ​ព្រលឹង​ដូនតា​បុព្វបុរស​ខ្មែរ។

អ្នក​ជំនាញ​ផ្នែក​ច្បាប់​បេតិកភណ្ឌ​នៅ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ បាន​ថ្លែង​ដោយ​មិន​បញ្ចេញ​​ឈ្មោះ​ថា បើ​និយាយ​ពី​កម្ម​សិទ្ធិ​បញ្ញា​ ភាគី​ឥណ្ឌា ត្រូវ​មក​សុំ​សិទ្ធិ​ពី​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​​សាងសង់​ដែល​ជា​ការ​ចម្លង​ចេញ​បេះ​បិទ​នេះ៖ «អ្វី​ដែល​ខ្ញុំ​លើក​ខាងដើម​ជា​សំណង់​ពិពណ៌ ដូច​នៅ​ប៉ារីស នៅ​ថៃ ក៏​មាន​ដែរ មិនមែន​ជា​សំណង់​អចិន្រ្តៃយ៍​ទេ។ អ៊ីចឹង​ទេ​ចំណុច​សំខាន់​ត្រូវ​តែ​មាន​ការ​យល់​ព្រម​ពី​រដ្ឋាភិបាល​កម្ពុជា នេះ​បើ​និយាយ​ពី​សិទ្ធិ ប៉ុ​ន្តែ​បើ​និយាយ​ពី​វប្បធម៌​វា​ជា​រឿង​មួយ​ផ្សេង​ទៀត អា​ហ្នឹង​ជា​ការ​ល្អ​ដែរ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ឥទ្ធិពល​សម័យ​អង្គរ​ទៅ​លើ​ប្រទេស​ផ្សេង​ទៀត។ ព្រោះ​អង្គរ​ហ្នឹង​នៅ​លើ​ពិភព​លោក​អ្នកណា​ក៏​ដឹង​ដែរ​ថា វា​ត្រូវ​សាង​សង់​ឡើង​នៅ​សតវត្ស​ទី​១២ នៅ​ក្នុង​ទឹក​ដី​ខ្មែរ»

ទោះ​យ៉ាង​នេះ​ក្តី លោក ហ៊ឹម ឆែម រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ បាន​អះអាង​ថា លោក​មិន​ធ្លាប់​ដឹង​ថា មាន​ភាគី​ឥណ្ឌា បាន​មក​ជួប​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ជជែក​អំពី​គម្រោង​ការ​សាង​សង់​ប្រាសាទ​ចម្លង​​ប្រាសាទ​អង្គរវត្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា នោះឡើយ។

មន្រ្តី​នៅ​អង្គការ​សាសនា The Mahavir Mandir Trust លោក​អាចារ្យ គិសហ័រ គុណាល (Kishore Kunal) បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន ប៊ីប៊ីស៊ី (BBC) ថា ប្រាសាទ​អង្គរវត្ត​ក៏​ជា​ប្រាសាទ​ដែល​កសាង ដើម្បី​​ឧទ្ទិស​ដល់​ហិណ្ឌូ​សាសនា​ដែរ ទើប​តែ​ពេល​ក្រោយ​មក​ទេ បាន​ប្ដូរ​មក​ជា​វត្ត​ព្រះពុទ្ធ​សាសនា។

ប្រភព​ដដែល​បន្ត​ថា ប្រាសាទ វីរ៉ាត អង្គរវត្ត រ៉ាម ដែល​ចម្លង​រចនាបថ​ពី​អង្គរ​នោះ គឺ​ធំ​ជាង​ប្រាសាទ​អង្គរ ទាំង​បរិវេណ ទំហំ និង​កំពស់។ គម្រោង​សាង​សង់​នេះ​មាន​រយៈ​ពេល ១០​ឆ្នាំ និង​ចំណាយ​ប្រាក់​ជាង ២០​លាន​ដុល្លារ។

សម្រាប់​អ្នក​ជំនាញ​ប្រវត្តិសាស្ត្រ​បណ្ឌិត​សភាចារ្យ រស់ ចន្ត្រាបុត្រ មាន​ប្រសាសន៍​ថា ករណី​នេះ​អាច​ជា​មោទនភាព​សម្រាប់​កម្ពុជា ដែល​កម្ពុជា ពី​អតីតកាល​បាន​ទៅ​សិក្សា​ស្វែង​យល់ពី​វប្បធម៌​ឥណ្ឌា តែ​មក​ដល់​ពេល​នេះ​បែរ​ជា​ឥណ្ឌា មក​ចម្លង​ស្នាដៃ​ខ្មែរ​វិញ។ តែ​លោក​ថា ការ​ចម្លង​ដែល​ដូច​បេះ​បិទ ដោយ​មិន​បាន​គិត​ពី​កម្មសិទ្ធិ​បញ្ញា ​ជា​ទង្វើ​ខុស​ឆ្គង​មួយ។

លោក រស់ ចន្ត្រាបុត្រ៖ «ដែល​គេ​ស្រលាញ់ គេ​ចូល​ចិត្ត ឬ​លួច​ចម្លង​ពី​យើង​ហ្នឹង ជា​មោទនភាព ប៉ុន្តែ​អ្វី​ដែល​យើង​ចាត់​ទុក​ថា ជា​អំពើ​អសីលធម៌ ជា​អំពើ​ដែល​ខុស​នឹង​ច្បាប់ ជាន់​ឈ្លី​ច្បាប់ គឺ​ការ​លួច​ចម្លង​អត់​មាន​ការ​អនុញ្ញាតិ»

វិទ្យុ​អាស៊ី​សេរី បាន​ផ្ញើសារ​អេឡិចត្រូនិក​ទៅ​អ្នកស្រី អាន ឡឺម៉េស (Anne LEMAISTRE) នាយក​ការិយាល័យ​តំណាង​ប្រចាំ​កម្ពុជា នៃ​អង្គការ​យូណេស្កូ ដើម្បី​សុំ​ឲ្យ​ពន្យល់​អំពី​បញ្ហា​នេះ ប៉ុន្តែ​អ្នកស្រី​មិន​ទាន់​អាច​ផ្ដល់​ការ​អធិប្បាយ​ពី​ករណី​នេះ​នៅ​ឡើយ។

កាល​ពី​ចុង​ទស្សវត្សរ៍ ឆ្នាំ​១៩៨០ និង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៩០ ក្រុម​អ្នក​បច្ចេកទេស​មក​ពី​ប្រទេស​ឥណ្ឌា បាន​មក​ជួស​ជុល​ប្រាសាទ​អង្គរវត្ត។ ក្រុម​អ្នក​បច្ចេកទេស​ឥណ្ឌា ដែល​មាន​ផ្នែក​បុរាណ​វិទ្យា ស្ថាបត្យកម្ម និង​គីមីវិទ្យា បាន​ជួសជុល​ផ្នែក​ដែល​ខូចខាត និង​សំអាត​ប្រាសាទ។ ក្នុង​ការ​ជួល​ជុល​ក្រុម​ឥណ្ឌា បានរៀប​សម្រេច​រោង​ទង​កូរសមុទ្រ​ទឹកដោះ ដែល​នៅ​រាយ​ប៉ាយ​បន្សល់​ទុក​ដោយ​ការ​ជួស​ជុល​ដោយ​អ្នក​បច្ចេកទេស​បារាំង ជួស​ជុល​អាន​ត្រៃ​ខាង​ជើង ជណ្តើរ​កសិណ​ទឹកខាង​ជើងស្ពាន​នាគ ​ និង​ការ​បំផ្លាញ​រុក្ខជាតិ​ដែក​ចាក់​ឬស​ក្នុង​ថ្ម​ប្រាសាទ។ ប៉ុន្តែ​ក្រុម​នេះ​ត្រូវ​គេរិះ​គន់​ថា បាន​ប្រើប្រាស់​អាស៊ីត និង​ច្រាស​ដែក​ក្នុង​ការ​លាង​សំអាត​ផ្ទាំង​ថ្ម​នៅ​អង្គរ ធ្វើ​អោយ​ប៉ះ​ពាល់គុណ​ភាព​ថ្ម​ប្រាសាទ​អង្គរ។ សកម្មភាព​លាង​សំអាត​ថ្មនៅ​ប្រាសាទ​អង្គរ​របស់​ក្រុម​បច្ចេកទេស​ឥណ្ឌា ត្រូវ​បញ្ឈប់​បន្ទាប់​ពី​មាន​ប្រតិកម្មពី​អ្នក​ជំនាញ និង​អន្តរាគមន៍​របស់​ក្រសួង​វប្បធម៌ ស្រប​ពេល​ដែល​គម្រោង​ជួសជុល​អង្គរវត្ត របស់​ក្រុម​នេះ​បាន​ដល់​ពេល​ត្រូវ​បញ្ចប់​ដែរ​នោះ៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

The same , a na kor douch ana de ,ory ta krousa agn ros agn min kvorl/ It is so petty of Cambodia ,aspecialy the herro who has built the temple , do you know now they never care a bout what all of you done....

Mar 25, 2012 03:00 PM

អ្នក​អាន​អនាមិក

ក្រោយពេលសាងសង់នៅអណ្ឋាហើយរូបអង្ដរនេះអាចជាផ្លាកសែ្បកជើងអណ្ឌា។

Mar 13, 2012 05:14 AM

អ្នក​អាន​អនាមិក

I'll Wait And See!

Mar 12, 2012 09:27 PM

អ្នក​អាន​អនាមិក

i am khmer over sea i disagree what is india try to copy Angkor wat from us. the angko wat is only one in this world, so please Unesco or cambodia government don,t let india copy this.

Mar 12, 2012 09:10 PM

អ្នក​អាន​អនាមិក

On behalf of khmer, we should not react and reply too quickly just we heard from news, we don't know the fact and reality of what. Cambodian experts and govt, unesco experts must study and control precisely, however we should not be late to reply. I think Internation laws, cultural laws, property law and other relevant norms, conventions are very important for this sensitive thing. We are people who have cultural and genetic heritages from civilized Angkor peoples. Living and working with rationality and intelligences can exist on and permanently.

Mar 12, 2012 06:56 AM

មើល​មតិ​ទាំង​អស់.