សង្គម​ស៊ីវិល​ប្រតិកម្ម​ចំពោះ​ការ​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត

អង្គការ-​សមាគម​ក្រៅ​រដ្ឋាភិបាល​ចំនួន ៤០ រួម​​មាន​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ បាន​ថ្កោលទោស​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល ដែល​បាន​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត​មិន​ឲ្យ​បន្ត​បេសកកម្ម​ជួយ​ទាមទារ​សិទ្ធិ​ជូន​ពលរដ្ឋ​ក្រីក្រ ឬ​ពលរដ្ឋ​ត្រូវ​គេ​រំលោភ​​​​បំពាន។

ក្រសួង​មហាផ្ទៃ​កម្ពុជា ថ្មីៗ​នេះ​បាន​សម្រេច​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត ដែល​ជា​អង្គការ​អន្តរជាតិ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​មួយ ចាប់​ពី​ថ្ងៃ​ទី​២ ខែ​សីហា ដល់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១១ ដោយ​បាន​លើក​ហេតុផល​ថា សមាគម​មួយ​នេះ​មិន​គោរព​តាម​លក្ខន្តិកៈ​ដែល​បាន​ព្រមព្រៀង​ជាមួយ​​​ក្រសួង​មហាផ្ទៃ។

ការ​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត ​បាន​នាំ​ឲ្យ​មាន​ប្រតិកម្ម​ច្រើន​ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ដោយ​​​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​សីហា ឆ្នាំ​២០១១ មាន​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ​ចំនួន ៤០​ស្ថាប័ន បាន​រួម​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​​ទោស​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល ដែល​អនុវត្ត​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ប្រទេស​កម្ពុជា។

សេចក្ដី​ថ្លែងការណ៍​បាន​ចាត់​ទុក​ការ​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត​រយៈពេល ៥​ខែ ថា ជា​ការ​រំលោភ​លើ​សិទ្ធិ​សេរីភាព​ខាង​បញ្ចេញ​​​មតិ និង​សិទ្ធិ​បង្កើត​សមាគម​នៅ​កម្ពុជា ហើយ​ថា ទង្វើ​របៀប​នេះ​​ជា​សកម្មភាព​​​​​គំរាម​កំហែង ឬ​ជា​ការ​បង្ក្រាប​ទៅ​​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ក្រសួង​មហារផ្ទៃ បាន​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត​មិន​ឲ្យ​បន្ត​បេសកកម្ម​របស់​ខ្លួន​នៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​២ ខែ​សីហា ឆ្នាំ​២០១១។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​សមាគម​ធាង​ត្នោត​ដើម្បី​សុំ​សេចក្ដី​អត្ថាធិប្បាយ​ជុំវិញ​ការ​ផ្អាក​សកម្មភាព​សមាគម​ដោយ​ក្រសួង​មហាផ្ទៃ បាន​ទេ តាម​​ទូរស័ព្ទ នៅ​ថ្ងៃ​អាទិត្យ​ទី​១៤ ខែ​សីហា។ ប៉ុន្តែ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ដែល​ស្ថិត​ក្នុង​ចំណោម​អង្គការ-​សមាគម​ក្រៅ​រដ្ឋាភិបាល​ជាតិ​អន្តរជាតិ​ចំនួន ៤០​ស្ថាប័ន នៅ​ថ្ងៃ​អាទិត្យ ទី​១៤ ខែ​សីហា ក្រៅ​ពី​បាន​សម្ដែង​ការ​សោកស្ដាយ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ក៏​បាន​ចាត់​ទុក​ការ​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត ផ្ដើម​ដោយ​ក្រសួង​មហាផ្ទៃ បាន​ធ្វើ​ឡើង​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាប់​​ច្បាស់លាស់។

លោក អ៊ូ វីរៈ បញ្ជាក់​បន្ថែម ៖ «ថ្លែងការណ៍​ថ្កោលទោស​ដោយ​យល់​ថា ការ​សម្រេច​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​បែប​ហ្នឹង គឺ​ជា​រឿង​មួយ​ដែល​មិន​ត្រឹមត្រូវ ហើយ​ជា​ការ​គំរាម​កំហែង​មួយ​ទៅ​ដល់​ការងារ​របស់​សង្គម​ស៊ីវិល អាច​ជា​ការ​គំរាម​កំហែង​មួយ​ទៅ​លើ​ប្រជាធិបតេយ្យ​ទាំង​ស្រុង​ផង​ដែរ ហើយ​យើង​ឃើញ​ថា ការ​រារាំង​នូវ​សកម្មភាព​អង្គការ​មួយ​នេះ គឺ​ទាក់ទង​ការ​បណ្ដេញ​ចេញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ហើយ​ប្រហែល​ជា​អាច​ទាក់ទង​ការ​ព្យាយាម​បណ្ដេញ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​ចេញ​ពី​លំនៅឋាន»

លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ មុន​នឹង​​​ផ្អាក ឬ​បញ្ឈប់​សកម្មភាព​អង្គការ ឬ​សមាគម​ណា​មួយ គួរ​តែ​មាន​កិច្ច​ពិភាក្សា​ជាមួយ​អង្គការ​ពាក់ព័ន្ធ​ជាមុន​ៗ នឹង​ចេញ​សេចក្ដី​សម្រេច​ផ្អាក​សកម្ម​ភាព​អង្គការ ឬ​សមាគម​ណា​មួយ​កើត​ឡើង។

ទោះ​ជា​បែប​នេះ​ក្ដី មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ បាន​អះអាង​ថា ការ​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត ដោយសារ​តែ​សមាគម​នេះ​មិន​គោរព​តាម​លក្ខន្តិកៈ និង​ធ្វើ​ការ​ផ្លាស់ប្ដូរ​អ្នក​គ្រប់គ្រង​សមាគម​មិន​បាន​ឲ្យ​ក្រសួង​មហាផ្ទៃ​ដឹង ព្រម​ទាំង​បាន​ធ្វើ​សកម្មភាព​លួច​បើក​សាខា​នៅ​តាម​ខេត្ត​ក្រុង​មួយ​ចំនួន​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ។

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា មូលហេតុ​ក្រសួង​ផ្អាក​សកម្មភាព​សមាគម​ធាង​ត្នោត​ជា​បណ្តោះអាសន្ន ក៏​ព្រោះ​តែ​សមាគម​នេះ​កន្លង​មក​បាន​ធ្វើ​សកម្មភាព​ញុះញង់​កម្លាំង​ពលរដ្ឋ​ឲ្យ​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​របស់​រដ្ឋាភិបាល។

លោក​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «អង្គការ​សមាគម​ធាង​ត្នោត​ហ្នឹង​បាន​ផ្លាស់ប្ដូរ​ប្រធាន​សមាគម​របស់​ខ្លួន​ចំនួន​បី​លើក​រួច​មក​ហើយ ដែល​ឈ្មោះ​ប្រធាន​សមាគម​នេះ​ខុស​ពី​ឈ្មោះ​ប្រធាន​ដែល​មាន​ចែង​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន ដែល​មាន​តម្កល់​ទុក​នៅ​ក្រសួង។ ទី​២ អង្គការ​សមាគម​ហ្នឹង​ក៏​បាន​បើក​សាខា​មួយ​នៅ​ខេត្ត​កំពត និង​ទី​៣ ជា​មូលហេតុ​មួយ​ដែរ សមាគម​ធាងត្នោត​បាន​ធ្វើ​សកម្មភាព​ញុះញង់​ប្រជាពលរដ្ឋ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល ដូច​ជា​នៅ​ខេត្ត​កំពត និង​នៅ​រាជធានី​ភ្នំពេញ គឺ​គាត់​ទប់​ស្កាត់​ល្បឿន​នៃ​គម្រោង​អភិវឌ្ឍន៍​កសាង​ផ្លូវ​ដែក​កម្ពុជា។ បើ​សិន​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​រាជរដ្ឋាភិបាល​គេ​ព្យួរ​គម្រោង ឬ​ក៏​គេ​បញ្ឈប់​គម្រោង​ជួសជុល ការ​ជួសជុល​ផ្លូវ​ដែក​មិន​ទទួល​បាន​ជោគជ័យ​នោះ​ទេ»

យ៉ាង​ណា​ក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ចាត់​ទុក​ការ​ប្រើប្រាស់​បច្ចេកទេស​រដ្ឋបាល​ស្រពេចស្រពិល​របស់​រដ្ឋាភិបាល ដើម្បី​​ផ្អាក​សកម្មភាព​សមាគម​ធាងត្នោត​ថា ជា​សញ្ញា​ប្រកាស​អាសន្ន​​​​​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា មាន​បំណង​ប្រើប្រាស់​ច្បាប់​ស្តី​ពី​​សមាគម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​រារាំង​សកម្មភាព​របស់​សមាគម​មិន​មែន​រដ្ឋាភិបាល​យ៉ាង​ច្បាស់​ក្រឡែត​នៅ​កម្ពុជា។

ក៏​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ​​មិន​មែន​បិទ​អង្គការ​នោះ​ទេ គឺ​គ្រាន់​តែ​ផ្អាក​សកម្មភាព​បណ្តោះអាសន្ន ព្រោះ​កន្លង​មក​នៅ​ក្នុង​លក្ខន្តិកៈ​របស់​សមាគម​ធាងត្នោត​នោះ ដាក់​មក​តម្កល់​នៅ​ក្រសួង​មហាផ្ទៃ​​ផ្សេង ប៉ុន្តែ​នៅ​ពេល​អនុវត្ត​សមាគម​នេះ​បាន​ធ្វើ​ផ្ទុយ​ពី​លក្ខន្តិកៈ ហើយ​ជា​រឿយៗ​ក្រសួង​មហាផ្ទៃ ធ្លាប់​បាន​ណែនាំ​ឲ្យ​ធ្វើ​តាម​លក្ខន្តិកៈ​របស់​ខ្លួន ប៉ុន្តែ​សមាគម​នោះ​នៅ​តែ​មានៈ​មិន​ព្រម​ធ្វើ​តាម។

មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា សមាគម​ធាងត្នោត​​រយៈពេល​ចុង​ក្រោយ​នេះ ធ្លាប់​បាន​ចូល​រួម​ជួយ​គាំទ្រ​​ជាមួយ​អ្នក​ភូមិ​បឹងកក់ ហើយ​ថែម​ទាំង​បាន​ជួយ​គូសវាស​ប្លង់ ជូន​អ្នក​ភូមិ​បឹង​កក់ សម្រាប់​គម្រោង​អភិវឌ្ឍន៍​នៅ​នឹង​កន្លែង​ក្នុង​តំបន់​បឹងកក់ ដែល​អ្នក​ភូមិ​ជាង ១.០០០​គ្រួសារ បាន​តស៊ូ​តវ៉ា​អស់​ជា​យូរ​ឆ្នាំ​មក​ហើយ​នោះ៕