ប្រតិកម្ម​មន្ត្រី​សិទ្ធិ​មនុស្ស​ជុំវិញ​ការស្លាប់​ជនសង្ស័យ​ក្នុង​គុក

កាលពីថ្ងៃ​ច័ន្ទ ទី២៨ មេសា នេះ ជន​ជាប់​សង្ស័យ​ពី​បទ​កាប់​ទន្ទ្រាន​ដីរដ្ឋ​កាលពី​ឆ្នាំ​មុន នៅ​ខែត្រ​ព្រះវិហារ ឈ្មោះ យ៉ាន់ សុគា បាន​ស្លាប់​ដោយ​សារ​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បាន​ព្រងើយ​កន្តើយ​ដោយ​មន្ត្រី​ពន្ធនាគារ ។

ទាក់ទង​នឹង​បញ្ហានេះ អ្នកស្រី​វេជ្ជបណ្ឌិត ពុង ឈីវកេក ប្រធាន​អង្គការ​លីកាដូ បាន​សម្ដែង​ការសោកស្តាយ​យ៉ាង​ខ្លាំង ព្រោះ​ហេតុការណ៍​នោះ​កើត​ឡើង​បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​ចេញ​បញ្ជា​ឲ្យ​ការពារ​សិទ្ធិ​ពលរដ្ឋ កាលពី​ខែ​មុន ។

អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ញុំ​ក្រៀមក្រំ អាណិត​អាសូរ ព្រោះ​អី​រឿង​ដីធ្លី​នេះ​យើង​តែងតែ​ឮ​ថា​ ដក​យក​ដី​ហើយ​ចោទ​ប្រកាន់​ដាក់​ក្នុង​ពន្ធនាគារ នៅ​ក្នុង​ពន្ធនាគារ​មាន​ការ​ឈឺថ្កាត់​រហូត​ដល់​ស្លាប់​អ៊ីចឹង គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​របស់​ជន​ដែល​រង​គ្រោះ​ហ្នឹង​ធ្ងន់ធ្ងរ​ណាស់ ។ តុលាការ​គួរ​តែ​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់ ហើយ​បើ​ល្អ​ធ្វើ​ម៉េច​កុំ​ឲ្យ​នគរបាល ដែល​បង្រ្កាប​រឿង​ដីធ្លី​ហ្នឹង​កុំ​ឲ្យ​មាន​ការ​ចាប់​ចង​ទៀត ។ ខ្ញុំ​មិន​យល់​រឿង​ហ្នឹង ព្រោះ​អី​សម្ដេច​នាយក​បាន​មាន​ប្រសាសន៍​ច្បាស់លាស់ កាល​ថ្ងៃ ១៥ ខែ​មីនា ដែល​ពួក​ខ្ញុំ ១០​អង្គការ​ទៅ​ជួប​លោក​នោះ លោក​មាន​ប្រសាសន៍​ថា លោក​លែង​ឲ្យ​ចាប់​អ៊ីចឹង​ហើយ រួច​ឥឡូវ​នៅ​តែ​ឃើញ​ចាប់​ពី​រឿង​ដីធ្លី​ហ្នឹង​ទៀត ។ រួច​យក​ទៅ​ដល់​ដាក់​ក្នុង​ពន្ធនាគារ មិន​បាន​ស៊ើបអង្កេត​ឲ្យ​បាន​ឆាប់​ដើម្បី​ដោះ​លែង​ចេញ ទុក​ដល់​ស្លាប់​អ៊ីចឹង ឥឡូវ​តើ​អ្នកណា​ទទួល​ខុសត្រូវ​រឿង​អស់​ហ្នឹង ?»

ចំណែក​លោក អ៊ូ វីរៈ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា មើល​ឃើញ​ថា ប្រព័ន្ធ​យុត្តិធម៌​សព្វថ្ងៃ ពលរដ្ឋ​គ្មាន​ជំនឿ​ទេ ៖ «ប្រព័ន្ធ​យុត្តិធម៌​ទាំង​មូល អត់​មាន​ដែល​ស្វែង​រក​យុត្តិធម៌​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ក្នុង​ករណី​ដែល​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ​ជា​អ្នក​ប្រឈម​នូវ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ​យើង គឺ​អាជ្ញាធរ​អត់​យក​ចិត្ត​ទុកដាក់ ។ ហើយ​មាន​រឿង​ច្រើន​ណាស់​ដែល​ជន​ជាប់​ចោទ ដែល​បាន​ជាប់​ឃុំឃាំង​ហួស​ពេល​កំណត់ គ្មាន​ដំណោះស្រាយ​យុត្តិធម៌ ចំពោះ​អ្នក​ដែល​ជាប់​ចោទ​ទាំងអស់​នោះ ។ ហើយ​ក្នុង​ករណី​ពន្ធនាគារ​នេះ វា​មាន​បញ្ហា​ច្រើន ខ្ញុំ​ដឹង​ថា​អ្នក​អត់​មាន​លុយ​ទៅ​សូក​អ្នក​យាម ឲ្យ​នាំ​របស់​របរ ឬ​មួយ​ទឹក​ស្អាត​យក​ទៅ​ឲ្យ​អ្នក​ជាប់​ចោទ​នោះ អ្នក​នៅ​ពន្ធនគារ​ខ្លះ​ផឹក​ទឹក​អូរ ផឹក​ទឹក​ស្អុយ ទឹក​កខ្វក់ ជា​ប្រភព​នៃ​មូស ប្រភព​នៃ​ការ​ចម្លង​មេរោគ ។ ដូច្នេះ​ក្នុង​ករណី​ទាំងអស់​នេះ អត់​មាន​យុត្តិធម៌​ទាល់​តែសោះ ពិសេស​ចំពោះ​ជន​ជាប់ចោទ​មិន​ទាន់​បាន​កាត់​ក្ដី​នៅ​ឡើយ ។ ខ្ញុំ​ឃើញ​ថា​បញ្ហា​ទាំងអស់​នេះ ជា​បញ្ហា​តុលាការ ប៉ុន្តែ​ក៏​ជា​តុលាការ​របស់​ប៉ូលិស និង​មន្ត្រីពន្ធនាគារ ហើយ​ខ្ញុំ​ថា​ចុង​បញ្ចប់​គឺ​រដ្ឋាភិបាល​ទាំងមូល​ជា​អ្នក​ទទួល​ខុស​ត្រូវ»

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​លោក​ឧត្តមសេនីយ៍ ហេង ហាក់ មេគុក​ព្រៃស ដើម្បី​សុំ​សេចក្តីបញ្ជាក់​ពី​លោក ចំពោះ​ករណី​ឃុំឃាំង​យុវជន យ៉ាន់ សុគា ដែល​មាន​ជំងឺ​រលាក​ស្រោមខួរ​ដ៏ធ្ងន់ធ្ងរ រហូត​ដល់​បាត់បង់​ជីវិត​ដោយសារ​មិន​បាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ទាន់​ពេល​វេលា​នេះ បាន​ឡើយ ៕