ការដាក់​អំពូល​ភ្លើង​ជាប់​នឹង​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​រង​ប្រតិកម្ម​រិះ​គន់

ក្រុម​មគ្គុទ្ទេសក៍​និង​ភ្ញៀវ​ទេសចរណ៍​បរទេស​មួយចំនួន​បាន​សម្តែង​ប្រតិកម្ម​យ៉ាង​ចំហ​ដោយ​ខឹង​សម្បា​ខណៈ​ដែល​គេ​បាន​ប្រទះ​ឃើញ​អំពូល​ភ្លើង​ហ្វា​អគ្គិសនី​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​ភ្ជាប់​ជញ្ជាំង​ថ្ម​ប្រាសាទ​អង្គរវត្ត​ដែល​ជា​ថែវ​ឆាក​រាមកេរ្តិ៍​នៅ​ភាគ​ខាង​លិច​ឆៀង​ខាង​ជើង​ដោយគេ​ជឿ​ថា​ការដាក់​នោះ​បាន​ដាប់​ឲ្យ​ខូច​ថ្ម​ប្រាសាទ​បូរាណ។

0:00 / 0:00

លោក ស៊ិន សុគន្ធា ជា​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អង់គ្លេស​មួយ​រូប​ដែល​កំពុង​នាំ​ភ្ញៀវ​ដើរ​ទស្សនា​អង្គរវត្ត​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៣ ខែ​ឧសភា បាន​មាន​ប្រតិកម្ម​ខ្លាំងៗ​ថា លោក​មិន​យល់ព្រម​ទេ​ចំពោះ​ការដាក់​ភ្លើង​អគ្គិសនី​នៅ​ក្នុង​ប្រាសាទ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ថ្ម​ប្រាសាទ​ដ៏​មាន​តម្លៃ ហើយ​ក្នុង​នាម​លោក​ជា​កូន​ខ្មែរ​មួយ​រូប​គឺ​សូម​ជំទាស់​នឹង​ទង្វើ​បែប​នោះ។

លោក ស៊ិន សុគន្ធា បាន​ឲ្យ​ដឹង​ថា ៖ «ថ្ម​ប្រាសាទ​របស់​ខ្មែរ​ដែល​មាន​អាយុ​រាប់​កាល​ឆ្នាំ​មក​ហើយ ចេះ​មក​ដាប់​អ៊ីចឹង​វា​អត់​ត្រូវ​ទេ។ លោក​ឃើញ​ទេ នេះ​អាជ្ញាធរ​អប្សរា​បាន​រៀបចំ​ធ្វើ​មិន​ឲ្យ​ប្រជាជន​ប៉ះ ព្រោះ​យល់​ថា​ធ្វើ​ឲ្យ​ខូចថ្ម»

ស្ត្រី​អ្នក​ទេសចរណ៍​ដែល​និយាយ​ភាសា​អង់គ្លេស​មួយ​រូប​បាន​សម្ដែង​ការភ្ញាក់​ផ្អើល​នៅ​ពេល​ដែល​ឃើញ​ជញ្ជាំង​ប្រាសាទ​ត្រូវ​បាន​គេ​ដាក់​ភ្លើង​អគ្គិសនី​និង​មាន​កំណាត់​ឈើ​ខ្លីៗ​ត្រូ​វបាន​គេ​ដាក់​បញ្ចូល​ទៅ​ក្នុង​រន្ធ​ថ្ម​ដែល​មាន​ប្រហោង​ដាប់ ដោយ​គាត់​មាន​ប្រសាសន៍​ថា វា​គឺ​អាក្រក់​ណាស់​ដែល​ប្រាសាទ​បូរាណ​ចំណាស់​រាប់​រយ​ឆ្នាំ​ជា​បេតិកភណ្ឌ​ពិភពលោក​ត្រូវ​បាន​គេ​ធ្វើ​ដូច្នេះ។

ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា ៖ "វា​គឺ​អាក្រក់​ណាស់​ដែល​មាន​ការធ្វើ​បែប​នេះ​មក​លើ​បេតិកភណ្ឌ​ពិភពលោក​ដែល​គួរតែ​មាន​ការការពារ​និង​ថែរក្សា​ដ៏​ត្រឹមត្រូវ​ពី​អង្គការ​យូណេស្កូ"។

ក៏​ប៉ុន្តែ​មន្ត្រី​អាជ្ញាធរ​អប្សរា​ទទួល​បន្ទុក​ការពារ​ប្រាសាទ​បូរាណ​នៅ​តំបន់​អង្គរ​បាន​បដិសេធ​ថា ការដាក់​ភ្លើង​បំភ្លឺ​ពេល​យប់​នៅ​ថែវ​អង្គរវត្ត​នោះ វា​មិន​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ដល់​ប្រាសាទ​បូរាណ​ទេ ហើយ​ក៏​គ្មាន​ការដាប់​ថ្ម​ប្រាសាទ​ដើម្បី​ដាក់​អំពូល​និង​ខ្សែ​ភ្លើង​អគ្គិសនី​ដែរ។

លោក ប៊ុន ណារិទ្ធិ អគ្គ​នាយក​អាជ្ញាធរ​អប្សរា បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​អប្សរា​មាន​គម្រោង​សាកល្បង​ដាក់​ភ្លើង​អគ្គិសនី​បំភ្លឺ​ប្រាសាទ​នៅ​ពេល​យប់​នា​ជ្រុង​តូច​មួយ​ប៉ុណ្ណោះ ហើយ​មិន​បាន​ដាប់​ថ្មី​ប្រាសាទ​ដើម្បី​ចាប់​អំពូល​ភ្លើង​ទេ ដោយ​ក្រុមហ៊ុន​ស៊ូជីង​ជា​អ្នក​ទទួល​ធ្វើ​បាន​យក​ឈើ​ទៅ​ដាក់​ក្នុង​រន្ធ​ថ្ម​ដែល​មាន​ស្រាប់​ដោយ​មាន​អ្នក​ជំនាញ​របស់​អង្គការ​យូណេស្កូ​ណែនាំ​ផង។

លោក ប៊ុន ណារិទ្ធិ បាន​មាន​ប្រសាសន៍​ថា ៖ «អត់​មាន​ចោះ​អី​ទេ។ អ្នក​ធ្វើ​ហ្នឹង​គឺ​ក្រុមហ៊ុន​ស៊ូជីង តែ​គេ​ធ្វើ​ក្រោម​ការដឹកនាំ​របស់​អាជ្ញាធរ​អប្សរា​ហើយ​ដែល​មាន​អ្នក​បច្ចេកទេស​ណែនាំ​ដោយ​អង្គការ​យូណេស្កូ​មក​ធ្វើ»

ទោះ​យ៉ាង​ណា​បុគ្គលិក​គម្រោង​របស់​អាល្លឺម៉ង់​ដែល​ទទួល​បន្ទុក​អភិរក្ស​ចម្លាក់​ទេព​អប្សរ​នៅ​ថែវ​ប្រាសាទ​នោះ​បាន​ឡើង​ពិនិត្យ​ហើយ​អះអាង​ថា ការដាក់​អំពូល​ភ្លើង​នោះ​បាន​ធ្វើ​ឲ្យ​បែក​បំណែក​ជញ្ជាំង​ថ្ម​ប្រាសាទ​បូរាណ​ខ្លះ​នៅ​ពេល​ដែល​គេ​ញាត់​កំណាត់​ឈើ​រឹង​បញ្ចូល​ទៅ​ក្នុង​ប្រហោង​ថ្ម។

សូម​បញ្ជាក់​ថា ក្រុម​មគ្គុទេ្ទសក៍​អង្គរ​អ្នក​ទេសចរណ៍​បរទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ​មួយចំនួន​បាន​សម្ដែង​ប្រតិកម្ម​មិន​សប្បាយ​ចិត្ត​ជាង​មួយ​ឆ្នាំ​មក​ហើយ​ចាប់​តាំង​ពី​មាន​ការអនុញ្ញាត​ឲ្យ​ដាក់​អំពូល​ភ្លើង​ហ្វា​កម្លាំង​រាប់​រយ​វ៉ាត់​បាញ់​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​បំភ្លឺ​នា​ពេល​យប់ ហើយ​មាន​ការលក់​សំបុត្រ​តាម​របៀប​រាត្រី​សមោសរ​ផង​នោះ៕