ក្រុមអ្នករកស៊ីជំនួញជួញដូរដីបានឲ្យដឹងថា សកម្មភាពទិញដូរលក់ដីនៅប្រទេសកម្ពុជាក្នុងរយៈពេល៦ខែដើមឆ្នាំ២០០៩នេះមានសភាពស្ងប់ស្ងាត់និងមិនមានអ្នកទិញដីដើម្បីស្តុកទុកលក់យកចំណេញបន្តដូចពេលមុនទៀតឡើយ។
កម្មករដើរនៅមុខការដ្ឋានសំណង់មួយកន្លែងក្នុងទីក្រុងភ្នំពេញនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០០៨។
លោក សេង សុភ័ក្ត្រ នាយកចាត់ចែងក្រុមហ៊ុនលក់ដូរអចលនទ្រព្យមួយឈ្មោះ ស៊ីភីអែល បានឲ្យដឹងថា ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះបានបណ្តាលឲ្យសកម្មភាពជួញដូរដីមានសភាពស្ងាត់និងមិនមានការទិញដូរដីក្នុងរូបភាពធំៗទៀតឡើយ។
លោក សេង សុភ័ក្ត្រ បានឲ្យដឹងថា ៖ «និយាយទៅមានសភាពស្ងប់ស្ងាត់ច្រើនទាក់ទងជាមួយការលក់ដូរ ទាក់ទងជាមួយការជួលអត់មានបញ្ហាប៉ះពាល់អីទេ តែការលក់ដូររាងស្ងាត់ច្រើន ជាពិសេសដីទទេ បើសិនជាដីមានផ្ទះវាប៉ះពាល់ដែរ តែមិនសូវធ្ងន់ធ្ងរច្រើនដូចការដែលយើងប៉ះពាល់ដី ព្រោះពេលនេះអ្នកដែលទិញ គឺមានន័យថា អ្នកដែលទិញគឺគេមានបំណងមួយក្នុងការយកមកប្រើប្រាស់ឬក៏វិនិយោគធ្វើអីមួយ។ ដូចពេលមុន អ្នកមានលុយចេះតែទិញ ទុកចោលក៏ទិញ ស្អីក៏ទិញ»។
លោក សេង សុភ័ក្រ្ត បានឲ្យដឹងថា តម្លៃដីក្នុងក្រុងមានការធ្លាក់ចុះប្រមាណ៣០%ប្រៀបធៀបជាមួយតម្លៃលក់ពេលមុនសេដ្ឋកិច្ចធ្លាក់ចុះ ហើយដីនៅជាយក្រុងធ្លាក់ចុះប្រមាណ៥០%ប្រៀបធៀបជាមួយតម្លៃលក់ពេលមុនសេដ្ឋកិច្ចធ្លាក់ចុះផងដែរ។
លោក សេង សុភ័ក្រ្ត បានមានប្រសាសន៍ថា ៖ «បើយើងនិយាយពីការធ្លាក់ចុះវាមានតំបន់ផ្សេងគ្នា។ បើសិនជាតំបន់ក្នុងក្រុងយើងចុះប្រហែល៣០%អីទេ តែបើសិនជានៅជាយក្រុងវាអាចចុះដល់៥០%។ តាមខេត្តនិងជាយក្រុងដូចគ្នា បើខេត្តសឹងតែគ្មានហាងឆេងតែម្ដង ព្រោះអត់អ្នកទិញ។ ខេត្តហ្នឹងបើយើងនិយាយទីរួមខេត្តអត់សូវអីទេ វាមិនខុសពីភ្នំពេញ ឬក៏ជាយក្រុងប៉ុន្មានទេ ប៉ុន្តែសម្រាប់ដីពីមុនមកដែលជាដីធំៗ ដែលគេទិញចោលសម្រាប់រង់ចាំអ្នកវិនិយោគធំៗអីអ៊ីចឹង វាអត់មានហាងឆេងតែម្ដង»។
អ្នកជំនួញដីមួយរូបទៀតឈ្មោះ ប៉ូ អៀវគង់ ដែលបំពេញការងារខាងទិញលក់ដីនៅក្រុមហ៊ុនអចលទ្រព្យ ប៊ុណ្ណារៀលធីគ្រូប បានមានប្រសាសន៍ឲ្យដឹងថា ជំនួញដីមានការស្ងាត់ ហើយមកទល់ពេលបច្ចុប្បន្នអ្នកដែលរកទិញដីគឺអ្នកដែលត្រូវការដីពិតប្រាកដដើម្បីសង់ផ្ទះ សង់ការិយាល័យនិងប្រើប្រាស់ជាក់ស្តែង មិនមែនជាអ្នកទិញដីដើម្បីលក់តយកចំណេញឬដើម្បីស្តុកទុកលក់បន្តឲ្យជនបរទេសជាអ្នកវិនិយោគបរទេសដូចមុនឡើយ។
លោក ប៉ូ អៀវគង់ បានថ្លែងថា ៖ «ទាក់ទងនឹងសកម្មភាពនៃការទិញលក់ បើយើងរាប់ គឺវាថយចុះច្រើន បើយើងគិតជាចំនួនទឹកប្រាក់ដែលចាយវាយនៅប្រព័ន្ធ Real Estate ហ្នឹងទៀត វាកាន់តែច្រើន ថយចុះច្រើន។ ពួកខ្ញុំគិតថាប្រហែលជាអាច សព្វថ្ងៃហ្នឹងការទិញលក់នៅមានប្រហែលជា៣០%អីហ្នឹង ខ្ទង់ប៉ុណ្ណឹង ពីមុន១០០ សព្វថ្ងៃតែ៣០%អីទេ។ សព្វថ្ងៃទំនាក់ទំនងនៃការទិញដូរហ្នឹងវាផ្អែកលើតម្រូវការជាក់ស្ដែងរបស់អ្នកនៅភាគច្រើន និយាយទៅវាមិនមែនជាការទិញដូរដូចកាលពីមុន ដីធ្លីដែលឡើងភាគច្រើនទាក់ទងនឹងការទិញសម្រាប់យកចំណេញ ប៉ុន្តែឥឡូវនេះសម្រាប់ជាទូទៅគឺតម្រូវការអ្នកទិញហ្នឹង គឺគាត់ទិញសម្រាប់ស្នាក់នៅឬកន្លែងរកស៊ីល្មមៗអីអ៊ីចឹងតែម្ដង»។
លោក ប៉ូ អៀវគង់ បានមានប្រសាសន៍ឲ្យដឹងទៀតថា មកទល់ពេលនេះមិនមានអ្នកណាហ៊ានខ្ចីលុយធនាគារដើម្បីយកមកទិញដីដើម្បីលក់ចំណេញហើយបង់ការប្រាក់និងបង្វិលដើមរំលោះឲ្យធនាគារវិញឡើយ ព្រោះការប្រាក់ធនាគារក៏មិនថោកងាយរកប្រាក់បង់បានដែរ។
លោក ប៉ូ អៀវគង់ បានបញ្ជាក់ថា ៖ «ជាទូទៅបើតាមខ្ញុំដឹង Policy ក្រុមហ៊ុនស្ទើរតែទាំងអស់ បើទាក់ទងនឹងការទិញ បើសិនជាយើងមាន ដូចជាធនាគារមួយចំនួនគេអត់ឲ្យដូចជាលក្ខណៈយកមកទិញដី គេអត់តែម្ដង តែបើទិញលក្ខណៈជាអគារ ជាផ្ទះ លក្ខណៈដូចអ៊ីចឹងគេឲ្យ ហើយមានក្រុមហ៊ុននិងធនាគារខ្លះគេនៅមានឲ្យ ប៉ុន្តែលក្ខណៈថា ការផ្ដល់ជូននៃការប្រាក់កម្ចី ប្រហែលជាមិនលើស៣០%ទេ តាមខ្ញុំគិតមើលទៅនៃ Capital Asset របស់យើង»។
ទស្សនាវដ្តីអចលនទ្រព្យស៊ីភីអែលដែលចេញផ្សាយសម្រាប់ខែមិថុនាបានឲ្យដឹងថា តម្លៃដីប៉ាន់ស្មាននៅក្រុងភ្នំពេញមានចាប់ពីទាបបំផុតចំនួន២៥០ដុល្លារក្នុងមួយម៉ែត្រការ៉េរហូតដល់៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីដែលមានតម្លៃជាងគេបំផុតគឺដីសង់លំនៅឋាននៅតំបន់ជុំវិញវិមានឯករាជ្យដែលមានតម្លៃចាប់ពី២៥០០រហូតដល់៣៥០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។
អ្នកជំនួញដីមួយរូបឈ្មោះ វុធី បានថ្លែងឲ្យដឹងថា តាមលោកប៉ាន់ស្មានសកម្មភាពជំនួយដីអាចទ្រឹងរយៈពេលយ៉ាងតិច២ឆ្នាំទៅមុខទៀតបានមានសកម្មភាពឡើងថ្លៃជាថ្មីទៀតបាន។ ជាពិសេសនៅពេលដែលមានអ្នកវិនិយោគបរទេសមកបណ្តាក់ទុនរកស៊ីកើនឡើងក្នុងប្រទេស។
លោក សេង សុភ័ក្រ្ត នាយកចាត់ចែងក្រុមហ៊ុនលក់ដូរអចលនទ្រព្យស៊ីភីអែលបានយល់ស្របផងដែរថា ការវិនិយោគទុនរបស់ក្រុមហ៊ុនបរទេសមកពីកូរ៉េខាងត្បូង សិង្ហបុរី ជាដើម បានជំរុញឲ្យមានសកម្មភាពទិញដូរដីយ៉ាងផុលផុស។
លោក សេង សុភ័ក្រ្ត បានមានប្រសាសន៍ថា ៖ «និយាយទៅវាមកពីខាងក្រៅដែរ ពីខាងក្រៅផង ពីខាងក្នុងផង វាផ្សំគ្នា។ កាលពេលឡើងខ្លាំងដោយសារអ្នកវិនិយោគគាត់មកច្រើន កូរ៉េ សិង្ហបុរី ម៉ាឡេអីហ្នឹង គាត់មកទិញច្រើន ដល់ពេលទិញច្រើនទៅ វាធ្វើឲ្យស្ថានភាពហ្នឹង ដូចថាអ្នកដែលគាត់លក់បានម្ដុំនៅក្នុងក្រុងថ្លៃអ៊ីចឹងទៅ គាត់ចាប់ផ្ដើមទៅទិញតនៅខាងជាយទៅ អ្នកនៅជាយលក់ត ចេះតែទិញតគ្នា ដល់អ៊ីចឹងទៅវាធ្វើឲ្យនេះហ្នឹង ហើយមួយចំណែកទៀតដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចយើងក៏រាងប្រសើរគួរសមដែរ អ៊ីចឹងក៏មានអ្នកក្នុងស្រុកខ្លះដែរនិយាយទៅ វាមានទាំងក្រៅ មានទាំងក្នុង តែគ្រាន់តែថាមើលទៅវាឡើងខ្លាំង ក៏ដោយសារអ្នកក្រៅមកច្រើនដែរ។ បើយើងនិយាយពីស្ថានភាពរាល់ថ្ងៃ ប្រហែលជាមិនឆាប់ប៉ុន្មានទេក្នុងការដែលយើង Recover។ វាប៉ះពាល់ហ្នឹងគឺវាជះឥទ្ធិពលមកពីខាងក្រៅ យើងនិយាយថាដោយសារវិបត្តិហិរញ្ញវត្ថុពិភពលោកវារាលដាល»។
លោក គាត ឈន់ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្លាប់បានមានប្រសាសន៍ទទួលស្គាល់ថា ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាមានផលប៉ះពាល់ដោយមិនផ្ទាល់ពីការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ហើយឆ្លងតាមបទពិសោធន៍នេះកម្ពុជាត្រូវតែមានការប្រុងប្រយ័ត្នចំពោះកិច្ចដំណើរការទីផ្សារអចលនទ្រព្យ៕
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
WB៖ GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា
ចៅហ្វាយខេត្តនៃប្រទេសGMSជួបជុំគ្នាអំពីរឿងសេដ្ឋកិច្ច
មតិ
អ្នកអាចបញ្ចេញមតិដោយបំពេញទម្រង់ខាងក្រោមនេះក្នុងទម្រង់ជាអក្សរសុទ្ធ។. មតិត្រូវតែអនុញ្ញាតដោយអ្នកសម្របសម្រួលនិងមិនបង្ហាញភ្លាមៗនៅលើទំព័រនេះទេ។ សូមអញ្ជើញត្រឡប់មកបើកទំព័រនេះម្ដងទៀតដើម្បីមើលថាតើមតិរបស់អ្នកត្រូវបានចុះផ្សាយឬអត់។
មើលមតិទាំងអស់.