មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ

សហគមន៍​អន្តរជាតិ​អះអាង​ថា មូលហេតុ​នៃ​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ (FM ១០៥) អាច​បណ្ដាល​មក​ពី​ការ​ផ្សព្វផ្សាយ​អំពី​ដំណើរ​ការ​ដាក់​ពាក្យ​បណ្ដឹង​របស់​ក្រុម​មួយ ដែល​មាន​ឈ្មោះ​ថា ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ។
ដោយ តាំង សារ៉ាដា
2012-08-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សុណង់ដូ ៣០៥
លោក ម៉ម សុណង់ដូ ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ប្រធាន​វិទ្យុ​សម្បុក​ឃ្មុំ ពេល​ប្រារព្ធ​ខួប​២​ឆ្នាំ​នៃ​កំណើត​សមាគម​អ្នក​ប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ២០១២។
RFA/Chor Pisethvicheyanandh

បណ្ដឹង​នេះ គឺ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ។ ប៉ុន្តែ​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល អះអាង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ស្រប​ទៅ​តាម​នីតិវិធី​ច្បាប់ និង​ភស្តុតាង​គ្រប់គ្រាន់។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ចំនួន​បី មាន​អង្គការ Article 19 អង្គការ Forum Asia និង​អង្គការ SEAPA កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កក្កដា បាន​ឲ្យ​ដឹង​ថា គេ​មាន​ការ​សង្ស័យ​អំពី​មូលហេតុ​ចម្បង ដែល​នាំ​អោយ​មាន​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ស្ថិត​នៅ​ជា​ចំណោទ​នៅ​ឡើយ។

មន្ត្រី​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​និយាយ​ថា ប្រសិន​បើ​លោក ហ៊ុន សែន ចាប់​លោក ម៉ម សូណង់ដូ ដោយ​សារ​ការ​ផ្សាយ​អំពី​ដំណើរ​ការ​ប្ដឹង​រូប​លោក ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​មែន​នោះ មជ្ឈដ្ឋាន​ជាច្រើន​នឹង​ចោទ​លោក​ថា រំលោភ​ដល់​សេរីភាព​ក្នុង​ការ​ផ្សាយ​ព័ត៌មាន ឬ​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ហេតុ​ដូច្នេះ​ហើយ ទើប​លោក ហ៊ុន សែន ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ពី​បទ​មេខ្លោង​នៅ​ពី​ក្រោយ​ការ​ញុះញង់​ប្រជាពលរដ្ឋ​អោយ​កាន់​អាវុធ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ទៅ​វិញ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វិរៈ បាន​វាយ​តម្លៃ​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ធ្វើ​ឡើង​ក្នុង​ហេតុផល​ផ្ទាល់​ខ្លួន​របស់​លោក​នាយក​រដ្ឋមន្ត្រី រួម​និង​ការ​ភ័យ​ខ្លាច​អំពី​បដិវត្តន៍​នៅ​កម្ពុជា អាច​ផ្ទុះ​ឡើង​តាម​រយៈ​ជម្លោះ​ដីធ្លី ដែល​គ្មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ។

សហគមន៍​អន្តរជាតិ​អះអាង​ថា កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា លោក ម៉ម សូណង់ដូ បាន​ទៅ​យក​ព័ត៌មាន​ផ្ទាល់​អំពី​ក្រុម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​បាន​យក​ពាក្យ​បណ្ដឹង​ទៅ​ដាក់​ជូន​ព្រះរាជអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្នុង​ទីក្រុង​ឡាអេ ចោទ​ប្រកាន់​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។

នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា លោក ម៉ម សូណង់ដូ បាន​ផ្សាយ​អំពី​ដំណើរ​ការ​ប្ដឹង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ នៅ​លើ​វិទ្យុ​សំបុក​ឃ្មុំ​របស់​លោក។ ហើយ​មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​ផ្សាយ​ដំណឹង​នេះ​រួច លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ជា​សាធារណៈ​ថា ត្រូវ​តាម​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ពី​បទ​ធ្វើ​អបគមន៍​ឲ្យ​ទាល់​តែ​បាន ទោះ​រត់​ទៅ​ដល់​ទី​ណា​ក៏​ដោយ។

នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា លោក ម៉ម សូណង់ដូ បាន​វិល​ពី​ក្រៅ​ប្រទេស ចូល​ទៅ​កម្ពុជា​វិញ​ដោយ​ស្ម័គ្រចិត្ត ហើយ​ថា​លោក​មិន​ខ្លាច​ការ​ចាប់​ខ្លួន​នោះ​ទេ ពីព្រោះ​លោក​គ្មាន​កំហុស ហើយ​ក៏​គ្មាន​អ្នក​ប្ដឹង​រូប​លោក​ថែម​ទៀត។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ ឲ្យ​ដឹង​ថា ការ​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ ពី​បទ​ញុះញង់​ប្រជាពលរដ្ឋ​អោយ​កាន់​អាវុធ​ទាក់​ទង​នឹង​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ខេត្ត​ក្រចេះ នោះ មិន​បាន​ផ្អែក​លើ​មូលដ្ឋាន និង​ភស្តុតាង​ច្បាស់​លាស់។

មេធាវី​របស់​លោក ម៉ម សូណង់ដូ ក៏​បាន​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ មិន​មាន​ការ​ពាក់ព័ន្ធ​ដូច​ការ​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​នោះ​ទេ។ ក្រុម​អង្គការ​ទាំង​នេះ ក៏​បាន​បញ្ជាក់​ថា ព្រឹត្តិការណ៍​កាល​ពី​ខែ​ឧសភា ក្នុង​ខេត្ត​ក្រចេះ នោះ គឺ​ជា​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​ភូមិ និង​កង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល ដោយ​សារ​រឿង​ជម្លោះ​ដីធ្លី មិន​មែន​ជា​រឿង​បំបែក​ខ្លួន​ជា​តំបន់​អបគមន៍ ដូច​ការ​អះអាង​របស់​រដ្ឋាភិបាល​ឡើយ។

អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា តុលាការ​កម្ពុជា​កំពុង​ធ្វើ​កិច្ចការ​របស់​ខ្លួន​ស្រប​តាម​នីតិវិធី​ច្បាប់ ហើយ​ក្រុម​អ្នក​រិះគន់​អំពី​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ នេះ គឺ​ជា​ក្រុម​ដែល​មិន​យល់​អំពី​ដំណើរ​ការ​នីតិរដ្ឋ។

អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា រហូត​មក​ទល់​ពេល​នេះ គេ​នៅ​មិន​ទាន់​ឃើញ​តុលាការ​ទីក្រុង​ភ្នំពេញ​បង្ហាញ​ភស្តុតាង​ជាក់ស្តែង​អំពី​បទ​អបគមន៍ ដែល​រដ្ឋាភិបាល​បាន​ចោទ​ទៅ​លើ​លោក ម៉ម សូណង់ដូ ឡើយ។

លោក​បន្ត​ថា ប្រសិន​បើ​សមត្ថកិច្ច​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​គ្រាន់​តែ​លោក​បាន​ផ្សព្វផ្សាយ​អំពី​ដំណើរ​ការ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​មែន​នោះ វា​គឺ​ជា​ការ​រឹតត្បិត និង​គាប​សង្កត់​ដល់​សេរីភាព​ក្នុង​ការ​ផ្សាយ​ព័ត៌មាន។

លោក ម៉ម សូណង់ដូ អាយុ ៧០ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ទីក្រុង​ភ្នំពេញ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា ពី​បទ​ប៉ុនប៉ង​បង្កើត​ចលនា​ឧទ្ទាម ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី​ប្រកាស​រួច កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មិថុនា កន្លង​ទៅ។

តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ប្រកាន់​បទ​ល្មើស​ចំនួន​បួន​ចំណុច ដោយ​ផ្អែក​លើ​ដីកា​របស់​តុលាការ​ខេត្ត​ក្រចេះ ក្នុង​នោះ​រួម​មាន អ្នក​ផ្ដើម​គំនិត​ប្រឆាំង​រាជការ​សាធារណៈ ធ្វើ​កុបកម្ម ជ្រៀតជ្រែក​ដោយ​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​ការងារ​សាធារណៈ និង​ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​ប្រឆាំង​អាជ្ញាធរ​ស្រប​ច្បាប់ ដែល​បទ​ចោទ​ទាំង​នេះ អាច​នាំ​ឲ្យ​លោក ម៉ម សូណង់ដូ ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ ៣០ឆ្នាំ។ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ សម្រាប់​ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ ដោយ​រដ្ឋាភិបាល។

កាល​ពី​ឆ្នាំ​២០០៣ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​រូប​នេះ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង នាំ​អោយ​មាន​បាតុកម្ម​មហាជន​វាយ​កម្ទេច​ស្ថានទូត​ថៃ។

នៅ​ឆ្នាំ​២០០៥ ត្រូវ​បាន​ចាប់​ខ្លួន​ម្តង​ទៀត ពី​បទ​បរិហារកេរ្តិ៍​ញុះញង់ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​បញ្ហា​ព្រំដែន បន្ទាប់​ពី​លោក​ផ្សាយ​បទ​សម្ភាសន៍ ស្ដីពី​បញ្ហា​ព្រំដែន​វៀតណាម-កម្ពុជា ជាមួយ​លោក ស៊ាង ប៉េងសែ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​ទីស្នាក់ការ​នៅ​ប្រទេស​បារាំង។

អង្គការ Article 19 អង្គការ Forum Asia និង​អង្គការ SEAPA បាន​អះអាង​ថា ការ​ចាប់​ខ្លួន​លោក ម៉ម សូណង់ដូ គ្មាន​អ្វី​លើស​ពី​ការ​ផ្សាយ​ព័ត៌មាន​អំពី​ដំណើរ​ប្ដឹង​លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​នោះ​ទេ ហើយ​បញ្ហា​នេះ កម្ពុជា​កំពុង​រំលោភ​ដល់​អនុសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ដែល​ខ្លួន​ជា​ម្ចាស់​ហត្ថលេខី។ អនុសញ្ញា​អន្តរជាតិ​មួយ​នេះ គឺ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ ដែល​ថែម​ទាំង​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ផង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Everything he does is right for his team only. He never cares the law and everything but to live in power in whole life. If anyone doesn't support him and use his or her rights to act, he still doenn't care. If you object him you will be in jail for sure.

Aug 13, 2012 10:09 AM

ខ្មែរ​​​ នគ

ខ្មែរ​ពូកែបានតែគ្នាឯងបើគ្នាគេឪក្បាល អោបដែ។
ក្នុងនាមខ្នុំជាប្រជាជន​កម្ពុជាសូមសំនូមពរ​ដល់មេដឹកនាំទាំងអស់​​​កុំធ្វើបាប អ្នកទន់ខ្សោយពេក។

Aug 10, 2012 12:06 AM

អ្នក​អាន​អនាមិក

សូមអន្តរជាតិជួយពិនិត្យករណីនេះផង ។ តើមានពីន័យអ្វីទេ ចំពោះប្រទេសហត្ថខី ហើញមិនគោរពតាម​ ៕

Aug 08, 2012 12:07 PM

អ្នក​អាន​អនាមិក

បើខ្មែរបែបនេះតើថ្ងៃមុខយ៉ាងណា??

Aug 07, 2012 07:56 AM

អ្នក​អាន​អនាមិក

ចូលក្រលេកមើលប្រទេស សេរី​ និង​ លីបី លទ្ធផល់ចុងយ៉ាងដូចម្ដេចដែរ?

Aug 07, 2012 02:08 AM

មើល​មតិ​ទាំង​អស់.