មន្រ្តីជំនាញនិងអ្នករកស៊ីខាងវិស័យទេសចរណ៍បានថ្លែងថា ទេសចរមកកាន់ប្រទេសកម្ពុជាបានថយចុះជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ២០០៩នេះ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ មន្រ្តីជំនាញនិងអ្នករកស៊ីវិស័យនេះបានឲ្យដឹងថា វាមិនទាន់មានផលប៉ះពាល់ធ្ងន់ធ្ងរនៅឡើយទេសម្រាប់ប្រទេសកម្ពុជា។
ក្រុមទេសចរបរទេស មកទស្សនាប្រាសាទអង្គរវត្ត នៅខែត្រសៀមរាប ។
លោក ហូ វណ្ឌី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុន World Express Tours and Travel បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា មានមូលហេតុសំខាន់ៗបីដែលបានកើតឡើងនៅលើពិភពលោក បានជះឥទ្ធិពលអាក្រក់ដល់វិស័យទេសចរណ៍នៅប្រទេសកម្ពុជានាពេលនេះ។
លោក ហូ វណ្ឌី ថ្លែងយ៉ាងដូច្នេះ ៖ «កត្តាដែលធ្វើឲ្យមានបាតុភាពរបៀបនេះ មកពីការមានគ្រុនផ្ដាសាយ A/H1N1 ហ្នឹង ទី២ វាស្ថិតនៅក្នុងរដូវកាលដែលមានភ្ញៀវតិច យើងហៅថា រដូវដែលមានភ្ញៀវតិច ឬមួយអង់គ្លេសគេហៅថា low season ឬមួយក៏ក្រសួងទេសចរណ៍បានសំណូមពរ ក៏ដូចជាផ្នែកឯកជនថា គួរតែប្រើពាក្យ Green Season វិញ នេះជាផលប៉ះពាល់កន្លងមក។ ហើយផលប៉ះពាល់ធំជាងគេបំផុតនោះគឺមកពីស្ថានភាពហិរញ្ញវត្ថុពិភពលោកនេះតែម្ដង»។
នៅក្នុងរបាយការណ៍របស់ក្រសួងទេសចរណ៍កាលពីខែកក្កដា បានបង្ហាញឲ្យឃើញថា ចាប់តាំងពីខែមករា រហូតដល់ខែមីនា គឺភ្ញៀវទេសចរមានការធ្លាក់ចុះជាបន្តបន្ទាប់ ហើយខែដែលធ្លាក់ចុះច្រើនជាងគេគឺខែកុម្ភៈ មានការថយចុះជិត ៦,៥៧ភាគរយ បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ២០០៨ គឺមានភ្ញៀវទេសចររហូតដល់ ២១៤.៩០២នាក់ ហើយនៅខែកុម្ភៈ ឆ្នាំនេះ គឺមានជាង ២ម៉ឺននាក់ប៉ុណ្ណោះ។
ប៉ុន្តែនៅខែមិថុនានិងកក្កដាឆ្នាំនេះ សន្ទុះបានឡើងវិញ។ នៅខែកក្កដា ឆ្នាំនេះ មានភ្ញៀវទេសចរបានកើន ១០,៣៥ភាគរយគឺមានភ្ញៀវទេសចរ ១៦៣.៨១៧នាក់ ដែលនៅខែកក្កដា ឆ្នាំ២០០៨ មាន ១៤៨.៤៤៩នាក់។ បើគិតពីតួលេខសរុបក្នុងរយៈពេល ៧ខែនោះវិញ គឺកំណើនចំនួនប្រមាណ ០,៣% បើប្រៀបធៀបនឹង ៧ខែដូចគ្នាឆ្នាំ២០០៨។
ប៉ុន្តែលោក ហូ វណ្ឌី បានមានប្រសាសន៍ពីកំណើនភ្ញៀវនិងស្ថានភាពចំណូលយ៉ាងដូច្នេះ ៖ «បានជម្រាបដែរ ក្រសួងទេសចរណ៍ មានន័យថា ភ្ញៀវវៀតណាម គឺមានការកើនឡើងយ៉ាងគំហុក គឺ ៤៣,៦៦% ហើយភ្ញៀវកូរ៉េ មានការថយចុះ ៣១,២៣% ភ្ញៀវអាមេរិកមានការកើនឡើង ២,២៦% រីឯភ្ញៀវជប៉ុនវិញ មានការថយចុះផងដែរ គឺ ១៤,០៥%។ រីឯខាងទីផ្សារចិន ភ្ញៀវទេសចរចិន គឺមានការថយចុះផងដែរ ១០,២៤%។ ហើយយើងឃើញថា ភ្ញៀវដែលចុះខ្លាំងមួយទៀត គឺភ្ញៀវថៃតែម្ដង និងភ្ញៀវអូស្រ្ដាលី គឺ ២១,០០% និង -៥,៣៨% គឺមកពីអូស្រ្តាលី ប៉ុន្តែនៅក្នុងនោះខាងលាវមានការកើនឡើងគំហុកផងដែរ ដោយសារមានការបើកទូលាយផងដែរនៃការបម្លាស់ប្ដូរនៃរថយន្ត។ អាចរថយន្តខាងលាវ លោកអាចមកខាងកម្ពុជាបាន កម្ពុជាអាចទៅខាងលាវវិញបាន ហ្នឹងមានការកើនឡើងដល់ ១២៦,២៩%»។
លោក ហូ វណ្ឌី ក៏បានមានប្រសាសន៍បន្តបញ្ជាក់ទៀតថា ៖ «យើងថ្លែងការពិតមិនប្រឌិតយកមកជម្រាប នេះជារឿងមួយ ពីព្រោះថា កន្លងមកហ្នឹង បើសិនជាភ្ញៀវមកពីផ្លូវឆ្ងាយ លោកមានការចាយវាយច្រើនជាងភ្ញៀវនៅជិតៗនេះ។ ដូច្នេះចំណូលក៏ដូចគ្នាដែរ ចំណូលចូលរដ្ឋក៏អាចថា តិចតួច ពីព្រោះភ្ញៀវដែលចូលមកនេះគេអាចយកទាំងរថយន្តមក ទី១ ទី២ សាំងរបស់គេផងដែរ»។
លោក សែត កៅ អគ្គនាយកផ្នែកគ្រប់គ្រងសណ្ឋាគារបុរីអង្គរ រីហ្សត អែន ស្ប៉ា នៅខេត្តសៀមរាប បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា ជាទូទៅភ្ញៀវទេសចរនៅតែមានតិចនៅឡើយទេនាពេលនេះ ៖ «តាំងពីចុងខែ៣ ខែ៤ មកម្ល៉េះ ប៉ុន្តែដោយសារតែការធ្លាក់ចុះ ពិសេសភ្ញៀវបរទេសដែលជាជនជាតិអឺរ៉ុប ជនជាតិអាមេរិកាំង ជនជាតិជប៉ុនដែលគាត់ហោះមកពីឆ្ងាយៗហ្នឹង ហ្នឹងគាត់បានធ្លាក់ចុះច្រើន»។
ប៉ុន្តែលោកបានបន្តថា រហូតមកទល់ពេនេះ លោកមិនមានព័ត៌មានថា មានសណ្ឋាគារឬផ្ទះសំណាក់ណាមួយបិទទ្វារដោយសារតែហេតុផលនេះទេ ៖ «ដល់ដំណាក់កាលនេះ ខ្ញុំឃើញថា ពេលដែលទប់មិនបានហ្នឹង វាមិនទាន់ដល់ទេ វានៅតែអាចទប់ឆ្វេងទប់ស្ដាំអីអ៊ីចឹងដែរ គាត់នៅតែរក្សាគុណភាពនិងសេវាកម្មគាត់បន្ថែមទៀតដែរ»។
រីឯលោក សុខ ណារិទ្ធ អនុប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា បានមានប្រសាសន៍ថា ដោយសារតែការធ្លាក់ចុះភ្ញៀវទេសចរនោះ ស្ទើរតែគ្រប់សណ្ឋាគារនិងផ្ទះសំណាក់នៅតំបន់ទេសចរណ៍នានាបានព្យួរ និងផ្អាកការងារបុគ្គលិកកម្មករមួយចំនួន។
លោក សុខ ណារិទ្ធ ថ្លែងយ៉ាងដូច្នេះថា ៖ «កន្លងមកថ្នាក់គ្រប់គ្រងសណ្ឋាគារមួយចំនួនចង់បញ្ឈប់បុគ្គលិកដែរ ប៉ុន្តែសហព័ន្ធទេសចរណ៍យើងព្យាយាមសម្របសម្រួល...»។
លោកបានបន្តថា រហូតមកទល់ពេលនេះលោកមិនទាន់ឃើញមានសញ្ញាណាមួយនៃការហក់ឡើងភ្ញៀវទេសចរវិញទេ ដែលធ្វើឲ្យមានការព្រួយបារម្ភដល់ការងាររបស់កម្មករ។
ដូចគ្នានេះដែរ លោក គង់ អាទិត្យ អគ្គលេខាធិការសហភាពការងារកម្ពុជា បានមានប្រសាសន៍ថា មានបុគ្គលិក កម្មករនៅតាមសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងកាស៊ីណូ ប្រមាណ២០% បានព្យួរនិងផ្អាកការងារ ហើយលោកមានក្តីបារម្ភ បើសិនជាភ្ញៀវទេសចរថយចុះនៅច្រើនខែទៅមុខទៀត។
លោក គង់ អាទិត្យ ថ្លែងយ៉ាងដូច្នេះ ៖ «ខ្ទង់ប្រហែលជា២០% ព្រោះបើតាមយើងប្រៀបធៀបទាំងនៅភ្នំពេញ នៅសៀមរាប ប៉ុន្តែនៅក្នុងហ្នឹងវាបូកទាំងព្យួរ និងបូកទាំងបញ្ឈប់ ភាគច្រើនគឺភ្ជួរមួយរយៈ»។
ទោះជាយ៉ាងណាក៏ដោយ លោក ហូ វណ្ឌី ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងជាប្រធានក្រុមហ៊ុន World Express Tours and Travel បានថ្លែងថា នៅពេលនេះគេឃើញមានសញ្ញានៃការកើនឡើងវិញនៃភ្ញៀវទេសចរសម្រាប់ប្រទេសកម្ពុជា ដោយតាមរយៈការកក់សំបុត្ររបស់ភ្ញៀវទេសចរផ្លូវឆ្ងាយតាមក្រុមហ៊ុនទេសចរណ៍នានា។
លោកបានបញ្ជាក់ថា តាមសញ្ញានោះភ្ញៀវទេសចរអាចនឹងមកកម្ពុជាច្រើនឡើងវិញ ចាប់ពីខែតុលាខាងមុខនេះ ហើយគឺជាភ្ញៀវផ្លូវឆ្ងាយឬជាភ្ញៀវ ដែលនឹងចាយប្រាក់ច្រើនផង៕
ក្រុមហ៊ុនវៀតណាមគ្រោងមករាវរកប្រេងកាតនៅក្នុងបឹងទន្លេសាប
អ្នកដើរកម្សាន្តក្នុងពិធីបុណ្យអុំទូកធ្លាក់ចុះ
WB៖ GDPរបស់កម្ពុជាធ្លាក់ចុះ-២%ក្នុងឆ្នាំ២០០៩
ទេសចរកើនឡើងនៅខែត្រសៀមរាបអំឡុងពេលបុណ្យអុំទូក
កម្ពុជា-ថៃគ្រោងអនុញ្ញាតឲ្យទេសចរចេញចូលដោយពុំចាំបាច់មានទិដ្ឋាការ
ក្រុមហ៊ុនវៀតណាមស្នើសុំអាជ្ញាប័ណ្ណរកដីសម្បទានកាន់តែច្រើនឡើងៗ
អ្នកជំនាញនិយាយពីផលប៉ះពាល់របស់កម្ពុជាក្នុងពេលមានវិបត្តិពិភពលោក
រោងចក្រ៧៧នៅកម្ពុជាបិទទ្វារក្នុងដើមឆ្នាំនេះដោយសារវិបត្តិពិភពលោក
IMF៖ សេដ្ឋកិច្ចកម្ពុជានឹងថយចុះច្រើនជាងការរំពឹងទុក
ស.រ.អា.ផ្ដល់ថវិកាជិត៨លានដុល្លារដើម្បីជំរុញការលូតលាស់ផ្នែកសេដ្ឋកិច្ចនៅកម្ពុជា