មេដឹកនាំក្រុមអាវក្រហមរបស់ថៃ ប្រមាណជាង ២០នាក់ បានមកដល់ខេត្តសៀមរាប កាលពីព្រឹកថ្ងៃសៅរ៍ ទី៣១ ខែមីនា បំណងស្វែងរកការរៀបចំកន្លែងទុកជាមុនសម្រាប់ទទួលលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានគំរោងធ្វើដំណើរមកប្រទេសកម្ពុជា នៅពាក់កណ្ដាលខែមេសា ខាងមុខ។
លោក ស៊ូ ភិរិន្ទ ជាអភិបាលខេត្តសៀមរាប។ លោកបានមានប្រសាសន៍កាលពីព្រឹកថ្ងៃសៅរ៍ ថា មេដឹកនាំឈានមុខរបស់ក្រុមអាវក្រហមថៃប្រមាណជាង ២០នាក់ បានមកជួបរូបលោក ដើម្បីទាក់ទងសុំកិច្ចការពារផ្នែកសន្តិសុខ និងការអនុញ្ញាតរៀបចំធ្វើពិធីជួបជុំមួយរបស់ប្រជាពលរដ្ឋថៃ ប្រមាណជាង ១ម៉ឺននាក់ ជាមួយលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ដែលអាចនឹងប្រព្រឹត្តទៅនៅថ្ងៃបុណ្យចូលឆ្នាំខ្មែរផងនោះ។
លោក ស៊ូ ភិរិន្ទ៖ «ប្រជាជនថៃ យើងស្វាគមន៍។ ចុះបើគេមកជាផ្លូវការ វាមិនមានបញ្ហាអីទេអាហ្នឹង គេជួបមេចាស់របស់គេ។ ក្នុងនាមមនុស្សធម៌ យើងធ្វើម៉េចការពារសន្តិសុខឱ្យបងប្អូនបានល្អ។ និយាយឱ្យខ្លីទៅ ឱ្យឃើញភាពស្និទ្ធស្នាលគ្នា អាណិតបងប្អូនប្រជាពលរដ្ឋយើងនៃប្រទេសទាំងពីរ កុំមានបញ្ហាអី ឱ្យព្រំដែនយើងកាន់តែល្អ ដើម្បីអភិវឌ្ឍន៍ព្រំដែនយើងទៅ»។
លោក ស៊ូ ភិរិន្ទ បានមានប្រសាសន៍ថា អាជ្ញាធរខេត្តសៀមរាប មានគំរោងនឹងរៀបចំទីលានដ៏សក្ដិសមមួយទុកសម្រាប់ឱ្យប្រជាពលរដ្ឋថៃ រាប់ម៉ឺននាក់អាចប្រជុំគ្នា ដើម្បីជួបជាមួយលោក ថាកស៊ីន នៅពេលឆាប់ៗនេះ។
លោក ចាក់តុផន ព្រំផាន (Jatuporn Prompan) ជាមេដឹកនាំក្រុមអាវក្រហម និងជាសមាជិកសភានៃគណបក្សភឿថៃ។ លោកបានមានប្រសាសន៍ថា លោកមកខេត្តសៀមរាប ពេលនេះ គឺដើម្បីបានមើលប្រាសាទអង្គរវត្តផង ពីព្រោះតែលោកពុំធ្លាប់ឃើញសោះកាលពីមុនមក ប៉ុន្តែការងាររបស់លោក គឺដើម្បីរៀបចំចាត់ចែងការទទួលដំណើររបស់លោក ថាក់ស៊ីន នៅពេលខាងមុខ៖ «លោក ថាក់ស៊ីន នឹងមកខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមេសា ខាងមុខ ហើយពេលនោះនឹងមានប្រជាពលរដ្ឋថៃ មកពីច្រើនតំបន់ រាប់ម៉ឺននាក់នឹងមកជួបលោក ថាក់ស៊ីន»។
កាសែតបាងកក ប៉ុស្តិ៍ (Bangkok Post) ដែលចេញផ្សាយកាលពីថ្ងៃទី៣០ ខែមីនា បានឱ្យដឹងថា កាលពីសប្ដាហ៍មុន លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានប្រកាសថា លោកនឹងចំណាយថ្ងៃឈប់សំរាក ពេលបុណ្យចូលឆ្នាំថ្មីរបស់លោក ដោយធ្វើដំណើរទៅកាន់ប្រទេសឡាវ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមេសា ហើយនឹងធ្វើដំណើរមកប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមេសា។
លោក ចាក់តុផន ព្រំផាន ដែលជាសមាជិកសភានៃគណបក្សភឿថៃ បានមានប្រសាសន៍ថា លោកអតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៊ីន នឹងរៀបចំអំណោយទុកចំនួន ៣ប្រភេទ សម្រាប់ចែកជូនដល់ក្រុមប្រជាពលរដ្ឋថៃទាំងឡាយណាដែលស្វះស្វែងទៅជួបរូបលោកនៅប្រទេសឡាវ និងនៅប្រទេសកម្ពុជានោះ។
លោក ចាក់តុផន ព្រំផាន បានមានប្រសាសន៍ថា គេរំពឹងថា អាជ្ញាធររបស់រដ្ឋាភិបាលកម្ពុជា នឹងធ្វើការពិភាក្សាមួយ ដើម្បីរៀបចំឱ្យក្រុមអាវក្រហមរបស់ថៃ អាចឆ្លងដែនចូលមកកាន់ប្រទេសកម្ពុជា ដើម្បីជួបជាមួយលោក ថាក់ស៊ីន នៅឯខេត្តសៀមរាប នៅថ្ងៃទី១៤-១៥ ខែមេសា ខាងមុខ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
