អង្គការមនុស្សធម៌ដែលបំពេញការងារផ្នែកសុខាភិបាលនៅកម្ពុជា ហៅកាត់ថា MEDICAM បានរិះគន់ថា សកម្មភាពសេវាសុខាភិបាលក្នុងស្រុកកំពុងតែធ្វើឲ្យប្រជាពលរដ្ឋបាត់បង់ជំនឿដោយសារតែតម្រូវការសេវាច្រើនជាងមនុស្សធម៌។
ការរិះគន់បែបនេះបានកើតមានឡើងបន្ទាប់ពីអង្គការនេះបានទទួលរបាយការណ៍ជាច្រើនពីប្រជាពលរដ្ឋតាមរយៈវេទិកាសាធារណៈ ដែលអង្គការនេះបានបង្កើតឡើងជាហូរហែតាមបណ្តាខេត្តនានាជាញឹកញាប់។
នាយកអង្គការ MEDICAM គឺលោកវេជ្ជបណ្ឌិត ស៊ិន សុមុនី បានផ្តល់សម្ភាសន៍ថា លោកចង់ឲ្យមានការពង្រឹងផ្នែកសេវាសុខាភិបាលក្នុងស្រុកឡើងវិញដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ។
លោកវេណ្ជបណ្ឌិត ស៊ិន សុមុនី មានប្រសាសន៍ថា ៖ «ប្រជាជនដែលមានលុយ មានលុយមធ្យម ឬអ្នកមាន គឺគាត់អត់ប្រើប្រាស់សេវាសុខាភិបាលក្នុងស្រុកទេ គាត់ទៅក្រៅស្រុកច្រើនណាស់ ដូច្នេះហើយយើងត្រូវតែចាប់ផ្ដើមពង្រឹងជាចាំបាច់នូវក្រមសីលធម៌របស់គ្រូពេទ្យទំនាក់ទំនងជាមួយអតិថិជន ពង្រឹងពីគុណភាពនៃការផ្ដល់សេវារបស់យើង ហើយម្យ៉ាងទៀត គឺការពង្រឹងគុណភាពរយៈពេលយូរ។ ចាប់ផ្ដើមពិនិត្យមើលជាបន្ទាន់នូវការបណ្ដុះបណ្ដាល ហើយបើសិនជាការបណ្ដុះបណ្ដាលទាំងអស់នោះគ្មានគុណភាព វាជាការគ្រោះថ្នាក់សម្រាប់សង្គមជាតិយើងទៅថ្ងៃក្រោយ»។
លោកវេជ្ជបណ្ឌិត ស៊ិន សុមុនី បានបញ្ជាក់បន្ថែមថា ការលើកស្ទួយវិស័យសុខាភិបាលត្រូវតែមានការចូលរួមពីសហគមន៍និងប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលជាអ្នករៀបចំគោលនយោបាយ ត្រូវតែចាំបាច់គិតគូរផ្តល់ប្រាក់បៀវត្សរ៍ក្នុងកម្រិតណាមួយដើម្បីជូនគ្រូពេទ្យ ឬ គិលានុបដ្ឋាយិកា ដើម្បីឲ្យគាត់បំពេញកាតព្វកិច្ចរបស់គាត់បានពេញលេញ ហើយធ្វើការត្រួតពិនិត្យនិងតាមដានការបំពេញកាតព្វកិច្ចរបស់គ្រូពេទ្យនៅតាមសុខាភិបាលមូលដ្ឋានឲ្យបានជាទៀងទាត់ បើមិនដូច្នោះទេយើងមិនអាចពង្រឹងសេវាសុខាភិបាលបានដែរ។
ប្រជាពលរដ្ឋនៅភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរណ៍ គឺលោក កូវ ឆោម អាយុ ៧១ឆ្នាំ បានផ្តល់សម្ភាសន៍ថា ប្រជាពលរដ្ឋតែពេលណាឈឺហើយតែងតែលក់ ឬ បញ្ចាំរកប្រាក់ដើម្បីមើលខ្លួន តែមិនបានទាន់ចិត្តទេ ហេតុនេះហើយសំណូមពរថាឲ្យមានការយកចិត្តទុកដាក់ព្យាបាលមនុស្សមុននឹងតម្រូវឲ្យបង់ថ្លៃសេវា។
លោក កូវ ឆោម បានឲ្យដឹងដូច្នេះ ៖ «ប្រជាពលរដ្ឋយើងសំណូមពរថា ទោះបីយ៉ាងម៉េចឲ្យយកមនុស្សទៅមើលសិន ចាំគិតគូរសេវាតាមក្រោយ គាត់គ្មានលុយកាក់មែន ប៉ុន្តែដល់ពេលគាត់ទ័ល គាត់លក់គោក្របី ស្អីក៏លក់ដែរ...»។
លោក ស្វាយ ឡន នៅភូមិសណ្តាន់ ឃុំសណ្តាន់ បានរិះគន់ថា គួរតែផ្តល់ការលើកទឹកចិត្តដល់អ្នកជំងឺ ៖ «ខ្ញុំចង់ឲ្យខាងមន្ទីរពេទ្យទទួលអ្នកជំងឺចាំបាច់ មុននឹងគិតគូរតម្លៃសេវា។ បុគ្គលិកពេទ្យហ្នឹងប្រើយុទ្ធសាស្រ្ដខ្លះតម្រូវចិត្តគាត់ ខ្លះអាចលួចរត់ចេញពីពេទ្យក៏មានដែរ។ បុគ្គលិកពេទ្យ ការនិយាយស្ដីឲ្យនិយាយអមនឹងផ្លូវចិត្តគាត់»។
ដោយសារការសង្វាតទៅកម្រៃសេវាមុនការព្យាបាលជំងឺនេះហើយបានជានាយកប្រតិបត្តិអង្គការMedicam គឺលោក ស៊ីន សុមុន្នី បានអះអាងថា បានធ្វើឲ្យប្រជាពលរដ្ឋម្នាក់នៅខេត្តប៉ៃលិន ទទួលរងគ្រោះដល់ស្លាប់។
នាយិកានៃអង្គការខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា ហៅកាត់ថា KAFDOC ដែលធ្លាប់ចុះជួយសង្គ្រោះផ្តល់សេវាខ្លះៗ ដល់អ្នកជំងឺបានជម្រាបថា បើសេវាខ្ពស់ការបម្រើច្រើនតែមានការយកចិត្តទុកដាក់ផងដែរ ហេតុនេះហើយដែលសេវាសុខាភិបាលបានធ្វើឲ្យបាត់ជំនឿនោះ គឺដោយសារពាក់ព័ន្ធទៅនិងសេវាផង ហើយនិងពាក់ព័ន្ធទៅនឹងបច្ចេកទេសផង។
នាយិកានៃអង្គការខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា បានមានប្រសាសន៍ដូច្នេះ ៖ «បុគ្គលិកពេទ្យខ្លះគាត់ធ្វើបែបមិនអនុវត្តទៅតាមក្រមសីលធម៌ គោលការណ៍របស់រដ្ឋាភិបាល ប៉ុន្តែអ្វីដែលយើងបានជួបប្រទះនោះ យើងបានធ្វើការប្រជុំជាមួយនឹងមន្រ្តីសុខាភិបាល ហើយគាត់ក៏ព្យាយាមកែ។ ភាគច្រើនគឺគាត់តែងតែឲ្យទៅធ្វើលិខិតស្នាមឲ្យមានបែបបទគ្រប់គ្រាន់សិនបានព្យាបាលពេលក្រោយ ភាគច្រើនគឺអ៊ីចឹង ហ្នឹងហើយដែលជាបញ្ហាដែលពួកគាត់ខ្លះ គាត់តែងតែរអ៊ូរទាំចំពោះជំងឺ ឬការសង្រ្គោះបន្ទាន់ ដែលគាត់គិតត្រូវតែទៅបង់សិន ត្រូវតែបំពេញសិនចាំព្យាបាលពេលក្រោយ»។
ប្រធានមន្ទីរពេទ្យបង្អែកខេត្ត គឺលោក អ៊ូ ឃីឡាយ បានជម្រាបថា លោកធ្លាប់បានបកស្រាយជូនប្រជាពលរដ្ឋនៅក្នុងវេទិកាសាធារណៈកាលពីថ្ងៃទី ១៩ ឧសភា រួចមកហើយនូវបញ្ហាដែលលើកឡើងទាំងនោះ ពិសេសការលើកឡើងពីបញ្ហាសេវាសុខាភិបាល។
លោក អ៊ូ ឃីឡាយ បានបកស្រាយថា ៖ «ដោយសារគាត់ស្ដាប់ច្រឡំ មិនមែនទារលុយទេ ឲ្យគាត់ទៅសុំឯកសារជំងឺ ចុះឈ្មោះចុះអីនឹងអាលយកឯកសារហ្នឹងយកមកសរសេរ ព្រោះអ្នកជំងឺបើអត់មានឯកសារទេយើងធ្វើម៉េចសរសេរកើត។ គាត់ឲ្យទៅសុំសំបុត្រហ្នឹងនៅកន្លែងបង់លុយ ព្រោះកន្លែងបញ្ជរបង់ប្រាក់គេអ្នកចេញអាហ្នឹង ដល់នេះទៅគាត់ថាមិនគិតមើលជំងឺទេ គិតតែរឿងលុយៗ ហ្នឹងអ៊ីចឹងហើយ។ ហើយខ្ញុំមកធ្វើម៉េចឲ្យតែបានលិខិតមក ខ្ញុំមិនដែលសួរមានលុយមានកាក់អី ដល់រួចរាល់ទៅបានសួរថាមានលុយ ឬ អត់? បើអត់លុយទេទៅសម្ភាសជាមួយអង្គការ ខាងអង្គការគេចេញលុយឲ្យអ៊ីចឹងទៅ»។
នាយិកានៃអង្គការ KAFDOC គឺអ្នកស្រី ងួន សុផានី បានបញ្ជាក់ថា កន្លែងដែលឲ្យប្រជាពលរដ្ឋទៅចុះឈ្មោះនិងផ្តល់ឯកសារជំងឺនោះ គឺជាកន្លែងបង់ថ្លៃសេវាតែម្តង។ ដើម្បីចូលរួមកែលលម្អសេវាសុខាភិបាល អ្នកស្រីបានអះអាងថា មានតែជំរុញឲ្យមានវេទិកាសាធារណៈជាញឹកញាប់ទេ ដែលវេទិកានេះអាចឆ្លុះបង្ហាញពីទស្សនៈពិតៗ របស់ប្រជាពលរដ្ឋដែលជួបប្រទះដើម្បីឲ្យម្ចាស់សេវាផ្ទាល់បានដឹងនិងកែប្រែ។
នាយកប្រតិបត្តិនៃអង្គការ Medicam គឺលោក ស៊ិន សុមុនី បានបញ្ជាក់ថា បើសិនជាវេទិកាសុខភាពសាធារណៈរបស់សហគមន៍ត្រូវបានអនុវត្តដល់មណ្ឌលសុខភាព និងមន្ទីរពេទ្យតាមខេត្តឲ្យបានច្រើន លោកយល់ថាជាការល្អប្រសើរមែនទែនដោយសំខាន់វាកើនទំនាក់ទំនង។
លោកវេជ្ជបណ្ឌិត ស៊ិន សុមុនី បានបញ្ជាក់ដូច្នេះ ៖ «NGOs ឬសង្គមស៊ីវិលហ្នឹង គ្រាន់តែជាអ្នកជួយរៀបចំជាស្ពានចម្លងបានហើយ ធ្វើម៉េចឲ្យប្រជាជនគាត់មានឱកាសប្រឹងប្រែងតវ៉ាដោយខ្លួនគាត់ផ្ទាល់ជាមួយនឹងអ្នកផ្ដល់សេវាហ្នឹង។ ម្យ៉ាងទៀតប្រជាជនក៏អាចយល់ដឹងពីសំឡេងផ្ទាល់របស់អ្នកផ្ដល់សេវាដែរ»។
លោកវេជ្ជបណ្ឌិតបានបញ្ជាក់បន្ថែមថា ឥឡូវនេះលោកកំពុងស្វះស្វែងរកថវិកាពីម្ចាស់ជំនួយដើម្បីត្រៀមចំណាយការរៀបចំវេទិកាសាធរណៈ ដែលមានការសហការជាមួយអង្គការក្រៅរដ្ឋាភិបាលរួមជាមួយសហគមន៍ដើម្បីបង្កើនការយល់ដឹងអំពីសិទ្ធិរបស់អតិថិជននិងសិទ្ធិកាតព្វកិច្ចរបស់អ្នកផ្តល់សេវាសុខាភិបាល៕
