ប្រភពពីមេធាវីបានអះអាងថា ពួកគេបានបន្តរឿងក្តីដោយប្តឹងទៅសាលាឧទ្ធរណ៍កាលពីថ្ងៃទី១៦ វិច្ឆិកាកន្លងទៅនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនលោក រស់ សុឃិត បន្តទៀត នៅក្នុងជម្លោះមួយជាមួយអ្នកធ្វើអត្ថាធិប្បាយល្បីល្បាញរបស់ទូរទស្សន៍ខ្មែរស៊ី.ធី.អិន គឺលោក សយ សុភាព កាលពីពេលថ្មីៗនេះ។
លោក សុខ ដារ៉ា មេធាវីរបស់អ្នកកាសែតដែលត្រូវគេប្តឹងដាក់គុកថ្លែងថា គេមិនអាចទទួលយកបានទេចំពោះការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ លោកថា ការផ្ញើសារសួរនាំអំពីព័ត៌មាន គ្មានមូលហេតុអ្វីដែលនាំឲ្យដាក់គុកមនុស្សនោះឡើយ ហើយការផ្ដន្ទាទោសនេះ គឺជាការគំរាមទៅដល់សិទ្ធិមនុស្សទាំងស្រុង ដែលញ៉ាំងឲ្យពលរដ្ឋដទៃទៀតខ្លបខ្លាចក្នុងការនិយាយស្តី។
លោក សុខ ដារ៉ា មានប្រសាសន៍ថា ៖ «ខ្ញុំចង់ការពារដើម្បីជាប្រយោជន៍រួមទៅដល់អ្នកសារព័ត៌មានដទៃទៀត នៅពេលដែលមានបញ្ហាលើកក្រោយកុំឲ្យគេយកបទល្មើសហ្នឹងយកមកចោទប្រកាន់ដាក់ទោសពីបទព្រហ្មទណ្ឌ កន្លែងហ្នឹងហើយដែលខ្ញុំធ្វើហ្នឹង គឺខ្ញុំធ្វើក្នុងនាមការពារផលប្រយោជន៍ទូទៅ»។
កាលពីថ្ងៃទី៦ វិច្ឆិកាកន្លងទៅ លោក រស់ សុឃិត អតីតអ្នកសារព័ត៌មានត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារចំនួនពីរឆ្នាំ ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតទៅតាមច្បាប់អ៊ុនតាក់ មាត្រាទី៦២។
លោក រស់ សុឃិត មុននឹងមានរឿងនេះបានផ្ញើសារតាមទូរស័ព្ទដៃរបស់ខ្លួន ដោយចោទសួរទៅលោក សយ សុភាព អ្នកធ្វើអត្ថាធិប្បាយល្បីល្បាញរបស់ទូរទស្សន៍ស៊ី.ធី.អិន ដែលមានខ្លឹមសារថា "តើលោក សយ សុភាព ពិតជាបានយកលុយរបស់ស្រ្តីទំនើងឈ្មោះ ខៃ តារា នោះមែនឬទេ? បើសិនជាដូច្នេះមែននោះគឺជាសកម្មភាពថោកទាប"។
មេធាវីរបស់លោក រស់ សុឃិត និយាយថា សាររបៀបនេះមិនអាចត្រូវចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិតឡើយ ពីព្រោះកូនក្តីរបស់លោកបានប្រាប់ថា ខ្លួនគាត់ជាអ្នកកាសែត ហើយត្រូវការសាកសួរព័ត៌មានសម្រាប់បម្រើមហាជនតាមវិជ្ជាជីវៈអ្នកសារព័ត៌មាន ប៉ុន្តែបែរជាមកផ្តន្ទាទោសដាក់គុកផ្ទុយនឹងច្បាប់របបសារព័ត៌មាន។
បងស្រីរបស់លោក រស់ សុឃិត អ្នកស្រី រស់ ដារ៉ា បានបន្ថែមថា អ្នកស្រីបានព្យាយាមអង្វរករលោក សយ សុភាព ប៉ុន្តែត្រូវបានបដិសេធ។ អ្នកស្រីរៀបរាប់ទៀតថា អ្នកស្រីកំពុងស្វះស្វែងរកការធានាឲ្យនៅក្រៅឃុំចំពោះរឿងនេះ ៖ «សុំឲ្យឧទ្ធរណ៍ជួយសម្រួលឲ្យនៅក្រៅឃុំ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងលោក សយ សុភាព ដើម្បីសុំអត្ថាធិប្បាយបានទេនៅថ្ងៃដដែលនេះ ទូរស័ព្ទរបស់លោករោទ៍ ប៉ុន្តែគ្មានអ្នកទទួល។
គួរជម្រាបជូនថា លោក រស់ សុឃិត ធ្លាប់បម្រើការងារឲ្យស្ថាប័នព័ត៌មានធំៗជាច្រើនតាំងពីឆ្នំា១៩៩៣មក ដូចជាព្រឹត្តិបត្រ The Cambodia Daily កាសែត Phnom Penh Post, Cambodia Times, វិទ្យុអាស៊ីសេរី ព្រមទាំងទស្សនាវដ្តីអង្គរធំ ហើយចុងក្រោយបំផុតមុននឹងធ្វើការចាប់ខ្លួន លោក រស់ សុឃិត បានធ្វើការនៅកាសែតភាសាអង់គ្លេសមួយឈ្មោះ Southeast Asia Globe៕
