បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ពិនិត្យ​សំណើ​សុំ​ផ្លាស់​ប្ដូរ​សមាសភាព​គ.ជ.ប

គណបក្ស សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី នៅ​តែ​ទាម​ទារ​ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ​ឡើង​វិញ ចំពោះ​ការ​ស្នើសុំ​របស់​ខ្លួន ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ដើម្បី​ឲ្យ​លទ្ធផល​ការ​បោះ​ឆ្នោត​ខាង​មុខ​មាន​តម្លាភាព និង​ទទួល​យក​បាន​ទាំង​អស់​គ្នា។

0:00 / 0:00

ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​ជូន​ដំណឹង​ជា​ផ្លូវ​ការ​ថា ក្រសួង​មហាផ្ទៃ មិន​អាច​ទទួល​យក​សំណើ​របស់​គណបក្ស​ប្រឆាំង ចំពោះ​ការ​សុំ​ឲ្យ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប នោះ​បាន​ទេ ដោយ​សារ​តែ​សំណើ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ​នៅ​កម្ពុជា។

ប្រធាន​គណបក្ស សម រង្ស៊ី ស្ដីទី និង​ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស បាន​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ​ជា​ថ្មី​ទៀត ស្នើ​សុំ​ជួប​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ឬ​តំណាង​របស់​លោក ដើម្បី​ពិភាក្សា​ស្ដីពី​ការ​ផ្លាស់​ប្ដូរ​សមាសភាព​គណៈកម្មាធិការ​ជាតិ​រៀបចំ​បោះ​ឆ្នោត។

ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស លោក កឹម សុខា និង​ជា​អនុប្រធាន​ចលនា​សម្ព័ន្ធ​ប្រជាធិបតេយ្យ​សង្គ្រោះ​ជាតិ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ កញ្ញា លោក​បាន​ធ្វើ​លិខិត​រួម​គ្នា​ជាមួយ​លោក គង់ គាំ ប្រធាន​គណបក្ស សម រង្ស៊ី ស្ដីទី ទៅ​ក្រសួង​មហាផ្ទៃ ក្នុង​គោល​បំណង​ពិគ្រោះ​យោបល់ ពិភាក្សា​រក​ការ​ឯកភាព​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌។ លោក កឹម សុខា អះអាង​ថា ការ​ជួប​គ្នា​ផ្ទាល់​ប្រសើរ​ជាង​ការ​ឆ្លើយ​ឆ្លង​គ្នា​តាម​លិខិត។

មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា ក្រសួង​មហាផ្ទៃ​បាន​ទទួល​លិខិត​ស្នើសុំ​របស់​គណបក្ស​ទាំង​ពីរ​ហើយ នៅ​ថ្ងៃ​ទី​១៣ កញ្ញា នេះ។ លោក ខៀវ សុភ័គ បញ្ជាក់​ថា ក្រសួង​កំពុង​រៀបចំ​បែប​បទ​ដាក់​ទៅ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស្ដីទី ដើម្បី​សម្រេច​ចំពោះ​ការ​ស្នើ​សុំ​នោះ។

ការ​ដាក់​លិខិត​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើសុំ​ជួប​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឬ​អ្នក​តំណាង​នោះ នៅ​បន្ទាប់​ពី​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ចេញ​លិខិត​បដិសេធ​មក​គណបក្ស​ប្រឆាំង​វិញ កាល​ពី​ថ្ងៃ​ទី​៧ កញ្ញា ចំពោះ​លិខិត​ស្នើសុំ​របស់​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស ដែល​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃ​ទី​៣០ សីហា ស្នើ​ឲ្យ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប។

លិខិត​របស់​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ចុះ​ថ្ងៃ​ទី​៧ កញ្ញា បាន​ឆ្លើយ​តប​ថា ការ​ស្នើសុំ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​នោះ នឹង​នាំ​ឲ្យ​មាន​ភាព​ជាប់​គាំង​ក្នុង​ការ​បង្កើត គ.ជ.ប ដែល​ភាព​ជាប់​គាំង​នេះ នឹង​មិន​អាច​ធានា​ឲ្យ​ការ​បោះ​ឆ្នោត​ប្រព្រឹត្តិ​ទៅ​បាន​ឡើយ។ ម្យ៉ាង​ទៀត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថិរភាព​នយោបាយ សង្គម និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា បាន​លើក​ឡើង​ថា ការ​ស្នើសុំ​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប នេះ ជា​ការ​ប្រជែង​គ្នា​មួយ​ឆ្ពោះ​ទៅ​រក​ការ​បោះ​ឆ្នោត រវាង​គណបក្សជំទាស់ និង​គណបក្ស​កាន់​អំណាច។

លោក ហង្ស ពុទ្ធា បាន​បន្ត​ថា ករណី​នេះ ត្រូវ​តែ​មាន​គណៈកម្មការ​ឯករាជ្យ​ដាច់​ដោយ​ឡែក​មួយ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ទៅ​លើ​ការងារ​របស់​ស្ថាប័ន គ.ជ.ប ពីព្រោះ​ថា តាម​រដ្ឋធម្មនុញ្ញ គ.ជ.ប ត្រូវ​អនុវត្ត​ការងារ​ប្រកប​ដោយ​សេរី និង​យុត្តិធម៌ ប៉ុន្តែ​ការ​អនុវត្ត​ការងារ​កន្លង​មក គ.ជ.ប មិន​ទាន់​អនុវត្ត​ការងារ​ឯករាជ្យ និង​ល្អ​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក កឹម សុខា បាន​អះអាង​ថា លោក​នឹង​ទាម​ទារ​ទាល់​តែ​មាន​ការ​យល់​ព្រម​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប ពីព្រោះ​ថា ការ​បោះ​ឆ្នោត​កន្លង​មក មាន​ភាព​មិន​ប្រក្រតី​ជាច្រើន ចំពោះ​ការ​រៀបចំ​ការ​បោះ​ឆ្នោត។ បើ​សិន​ជា​ក្រសួង​មហាផ្ទៃ ឬ​រដ្ឋាភិបាល មិន​ព្រម​ផ្លាស់​ប្ដូរ​សមាសភាព គ.ជ.ប ទេ គណបក្ស​ប្រឆាំង​របស់​លោក​នឹង​ពិចារណា​ចំពោះ​ការ​ចូល​រួម​បោះ​ឆ្នោត នៅ​អាណត្តិ​ទី៥ ឆ្នាំ​២០១៣ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។