លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ បានបើកការចរចាទ្វេភាគីផ្ដោតលើការស្ដារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ និងការដកកងទ័ពចេញពីតំបន់គ្មានកងទ័ព តាមដីកាបង្គាប់របស់តុលាការយុត្តិធម៌អន្តរជាតិ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១១ និងដោះស្រាយបញ្ហាសំខាន់ៗ មួយចំនួនទៀត។
ការចរចានេះបានធ្វើឡើងរយៈពេលជាង ១ម៉ោង នៅឯវិមានសន្តិភាពនៅក្នុងអំឡុងពេលបំពេញទស្សនកិច្ចរបស់អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ ជាផ្លូវការរយៈពេល ១ថ្ងៃ នៅប្រទេសកម្ពុជា។
ការបំពេញទស្សនកិច្ចនេះ គឺក្រោយពេលដែលអ្នកស្រី បានក្លាយជានាយករដ្ឋមន្ត្រីថៃ ជាស្ត្រីទី១ ក្រោយការបោះឆ្នោតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ។
រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ហោ ណាំហុង និងជាឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្រោយពីជំនួបនោះថា ការចរចានេះបានផ្ដល់លទ្ធផលវិជ្ជមាន និងផ្លែផ្កាល្អ ៖ «លោកស្រី យ៉ីងឡាក់ បានស្នើឲ្យមានការបើកការតាំងពិព័រណ៍ពាណិជ្ជកម្មថៃ និងកម្ពុជា គឺសម្ដេចតេជោបានឯកភាពលើបញ្ហានេះ។ លោកស្រី យ៉ីងឡាក់ ក៏បានលើកអំពីបញ្ហា វីរៈ ស៊ុំក្វាមឃីត និង រ៉ាត់ទ្រី ដែលជាប់គុកនៅកម្ពុជានេះ។ សម្ដេចលើកថា យើងកំពុងតែពិនិត្យមើល សម្តេច និងរាជរដ្ឋាភិបាលកំពុងតែពិនិត្យមើល។ យើងអាចស្នើទៅព្រះមហាក្សត្រ បន្ថយទោសជាជំហានៗ រួចទៅយើងនឹងពិនិត្យតទៀត ដោយសារតែកម្ពុជា ត្រូវតែគោរពច្បាប់របស់តុលាការយើងដែលត្រូវជាប់ទោស ២ ភាគ ៣សិន។ អំពីបញ្ហាព្រំដែន សម្ដេចបានឯកភាពជាមួយលោកស្រី យ៉ីងឡាក់ ថា ធ្វើយ៉ាងណាឲ្យកងទ័ពទាំងពីរជួបគ្នាសម្របសម្រួល។ យើងមិនអាចដកកងទ័ពរបស់យើងចេញពីទឹកដីយើងទេ ចាំបាច់ត្រូវឲ្យមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី»។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍ថា នេះគឺជាការបន្តការដោះស្រាយជម្លោះដែលនៅសេសសល់កន្លងមក ៖ «ខ្ញុំជឿជាក់ថា ដំណោះស្រាយនឹងរកឃើញ ប៉ុន្តែក៏ទាមទារឲ្យប្រទេសថៃ គោរពនូវច្បាប់របស់ខ្លួនវិញដែរថា រាល់ការខុសឆ្គងរបស់កម្ពុជា ឆ្លងដែន ត្រូវតែមិនធ្វើការបាញ់ប្រហារ»។
កម្មវិធីទស្សនកិច្ចជាផ្លូវការបានឲ្យដឹងថា នាយករដ្ឋមន្ត្រីថៃ អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រ ជួបគាល់ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង នៅយប់ថ្ងៃទី១៥ ខែកញ្ញា នៅមុនពេលចាកចេញពីប្រទេសកម្ពុជា នៅយប់ថ្ងៃដដែលនោះ។
សម្ភាសលោក ឡៅ ម៉ុងហៃ អំពីដំណើរទស្សនកិច្ចរបស់អ្នកស្រី យីងឡាក់
អ្នកវិភាគឯករាជ្យ គឺលោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការជួបពិភាក្សាគ្នានេះនឹងនាំមកនូវភាពវិជ្ជមានច្រើនជាងអវិជ្ជមាន។
ទាក់ទងនឹងការស្នើសុំឲ្យដោះលែងអ្នកទោសថៃ លោកគូសបញ្ជាក់ថា កម្ពុជាគួរតែទាមទារឱ្យភាគីថៃ ដោះលែងពលរដ្ឋខ្មែរជាច្រើននាក់ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសថៃ។
ចំពោះបញ្ហាព្រំដែនរវាងប្រទេសទាំងពីរនៅតំបន់ប្រាសាទព្រះវិហារ ដែលអូសបន្លាយតាំងពីឆ្នាំ២០០៨ នោះ ភាគីថៃកន្លងមកតែងបានទាមទារឲ្យមានការចរចាទ្វេភាគី។ ប៉ុន្តែភាគីកម្ពុជា បានទាមទារឲ្យមានការចរចាក្នុងលក្ខណៈជាត្រីភាគី។
នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទ ទី១៥ ខែកញ្ញា លោក ហ៊ុន សែន បានឯកភាពជាមួយអ្នកស្រី យ៉ីងឡាក់ ថា ធ្វើយ៉ាងណាឲ្យកងទ័ពទាំងពីរជួបគ្នាសម្របសម្រួល។ ប៉ុន្តែលោកបានបញ្ជាក់ថា កម្ពុជានឹងមិនអាចដកកងទ័ពខ្លួនចេញពីទឹកដីរបស់ប្រទេសខ្លួនឯងនោះទេ គឺចាំបាច់ត្រូវឲ្យមានអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី ចូលរួម។
លោកបណ្ឌិត ឡៅ ម៉ុងហៃ បានផ្ដល់នូវការវិភាគថា ការទាមទាររបស់ភាគីថៃ គឺសំដៅទាញយកប្រយោជន៍ដល់ប្រទេសជាតិរបស់គេ ដែលប្រការនេះកម្ពុជា គួរតែពិចារណាឱ្យបានដិតដល់មុននឹងព្រមព្រៀងគ្នា។
សូមស្ដាប់កិច្ចសម្ភាសន៍ពិស្ដាររវាងលោក អ៊ួន ឈិន និងលោកបណ្ឌិត ឡៅ ម៉ុងហៃ៖