លោក ហោ ណាំហុង មានប្រសាសន៍ថា បន្ទាប់ពីកិច្ចពិភាក្សានៅខេត្តសៀមរាប ក៏មានការដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារយ៉ាងច្រើន ដែលលោកចាត់ទុកថា ជាជំហានទៅមុខធំណាស់ ៖ «ក្រោយពីការប្រជុំនៅសៀមរាប ថ្ងៃ២៨ កក្កដា កន្លងមកនេះ មានការដកកងទ័ពមួយចំនួនយ៉ាងធំ ទុកសល់តែបន្តិចបន្តួចបំផុត នៅក្នុងវត្តកែវសិក្ខាគិរីស្វារៈ ១០នាក់ ហើយ ២០នាក់ នៅជុំវិញវត្តតែប៉ុណ្ណោះ។ ពី ៤00-៥00នាក់ នៅសល់តែ ៣០នាក់ ដូច្នេះជាជំហានទៅមុខធំណាស់»។
ស្តីពីកិច្ចចរចានៅហួហ៊ិន ស្រុកឆៈអាំ ខេត្តប្រាជួបឃិរីខាន់ កាលពីថ្ងៃ១៨-១៩ សីហានោះ លោកក៏ចាត់ថា ជាការបោះមួយជំហានទៅមុខមួយទៀតដែរ ៖ «ហើយការប្រជុំនៅឯឆៈអាំ ហួហ៊ីន កាលពីម្សិលមិញនេះ ក៏បានបោះមួយជំហានទៅមុខទៀត គឺយើងសម្រេចឲ្យក្រុមការងារពិសេស ហៅថា task force របស់ខ្មែរយើង ដែលដឹកនាំដោយឯកឧត្តមឧត្ដមសេនីយ៍ នាង ផាត ធ្វើការជាមួយនាយភូមិភាគរបស់ថៃ មេបញ្ជាការភូមិភាគរបស់ថៃ ដើម្បីបោះជំហានទី២ទៀត ឈានទៅការរៀបចំកងទ័ពឡើងវិញ។ ដូច្នេះ ខ្ញុំសង្ឃឹមថា ទៅអនាគត នឹងអាចដកទាហានដែលសេសសល់ចុងក្រោយនៅក្នុងវត្តព្រះវិហារនេះ និងនៅតំបន់ជុំវិញវត្តនេះជាស្ថាពរ»។
លោករដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរ ក៏បានឲ្យដឹងដែរថា លោកឯកភាពគ្នានឹងលោករដ្ឋមន្ត្រីការបរទេសថៃអំពីការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ៖ «ខ្ញុំបានជម្រាបឯកឧត្ដមរដ្ឋមន្រ្តីការបរទេស[ថៃ]ហើយថា ក្នុងយុគសម័យយើងនេះ ដោះស្រាយបញ្ហាមានទំនាស់បន្តិចបន្តួចតាមព្រំដែន តាមវិធីយោធា វាហួសសម័យហើយ។ ឯកឧត្ដមរដ្ឋមន្រ្តីការបរទេស[ថៃ] ក៏បានឯកភាពចំពោះបញ្ហានេះដែរ»៕
