លទ្ធផល​នៃ​កិច្ចប្រជុំ​របស់​រដ្ឋមន្ត្រី​ការបរទេស​ខ្មែរ​-ថៃ​នៅ​ខេត្ត​សៀមរាប

ថ្វី​បើ​កិច្ចប្រជុំ​រវាង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​និង​ថៃ ត្រូវ​គេ​មើល​ឃើញ​ថា មិនទាន់​អាច​ដោះស្រាយ​បញ្ហា​អ្វី​ចេញ​នៅ​ឡើយ​ក្តី ប៉ុន្តែ​លោក ម៉ាយ៉ារិទ្ធ អ្នក​រាយការណ៍​ព័ត៌មាន​យើង​ពី​កិច្ចប្រជុំ​នោះ​ឲ្យ​ដឹង​ថា តំណាង​ប្រទេស​ទាំង​ពីរ បាន​ពណ៌នា​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​ថា បាន​ទទួល​ជោគជ័យ​ក្រៃលែង។

0:00 / 0:00

សំ បូរិន្ទ ៖ លោក ម៉ាយ៉ារិទ្ធិ សូម​អភ័យ​ទោស ដោយសារ​តែ​ខ្ញុំ​ត្រូវ​ដាស់​លោក ក៏​ប៉ុន្តែ​ដើម្បី​ជា​ប្រយោជន៍​ដល់​អស់​លោក​អ្នក​នាង​មិត្ត​អ្នក​ស្ដាប់ ខ្ញុំ​សូម​លោក ម៉ាយ៉ារិទ្ធិ ធ្វើ​សេចក្ដី​ពិពណ៌នា​អំពី​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​-ថៃ នៅ​ខេត្ត​សៀមរាប ។

ម៉ាយ៉ារិទ្ធិ ៖ សូម​ជម្រាប​ថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការបរទេស​ប្រទេស​ទាំងពីរ កម្ពុជា​-ថៃ​នេះ គឺ​ដំណើរការ​អស់​រយៈពេល​១២​ម៉ោង ដែល​ចាប់​ផ្ដើម​តាំង​ពី​ម៉ោង ១០​ព្រឹក​រហូត​ដល់​ម៉ោង ១០​យប់ ហើយ​អត់​ទាន់​ចប់​ទៀត តាម​ពិត​ទៅ រហូត​ដល់​ម៉ោង ១១​ឯណោះ ។

ភាគី​ទាំង​ពីរ​បាន​សម្រេច​ចំណុច​ជា​ច្រើន ហើយ​ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ​ក្ដី ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ខ្មែរ​ក្ដី គឺ​បាន​ចាត់ទុក​ថា លទ្ធផល​នៃ​ការជួប​នោះ​ជា​ជោគជ័យ​ដ៏​ក្រៃលែង ។ ចំណុច​ដែល​បាន​ឯកភាព​ជាមួយ​គ្នា គឺ​រួមមាន សូម​ឲ្យ​រក្សា​ភាព​អត់ធ្មត់​ជា​អតិបរមា គឺ​ថា មិន​ឲ្យ​មាន​ការប្រើ​កម្លាំង​ទ័ព​ទេ ហើយ​ការដោះស្រាយ​បញ្ហា​ចំពោះ​មុខ គឺ​ការដោះស្រាយ​ដោយ​សន្តិវិធី ដូចជា ការប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ពីរ និង​គណៈកម្មការ​ព្រំដែន​កម្ពុជា​-ថៃ​ហ្នឹង នឹង​បន្ត​ទៅ​ទៀត ។

ហើយ​ជាមួយ​គ្នា​នោះ​ដែរ រដ្ឋមន្ត្រី​ការបរទេស​នៃ​ប្រទេស​ទាំងពីរ បាន​ឯកភាព​ផង​ដែរ​ថា​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​របស់​គេ​រៀង​ៗ​ខ្លួន ទី​មួយ គឺ​សូម​ឲ្យ​មាន​ការប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​ជា​បន្ត​ទៀត ទី​ពីរ គឺ​បន្ត​កិច្ចប្រជុំ​នៃ​គណៈកម្មការ​ព្រំដែន និង​ចំណុច​ដែល​សំខាន់​មួយ ដែល​គួរ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ហ្នឹង គឺ​គណៈប្រតិភូ​បាន​លើក​ថា គេ​នឹង​ស្នើ​ទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ឲ្យ​រៀបចំ​ធ្វើការ​ដោះ​មីន​នៅ​តាម​ព្រំដែន​ដែល​កំពុងតែ​វាស់វែង និង​តាម​តំបន់​ព្រំដែន​ដែល​នឹង​ត្រូវ​បោះ​បង្គោល​រវាង​កម្ពុជា​និង​ថៃ ។ ហើយ​ចំណុច​ពិសេស​និង​សំខាន់​បំផុត នៅក្នុង​ការពិភាក្សា​ហ្នឹង គឺ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ថា សូម​ឲ្យ​ដក​ទ័ព​ទាំង​ទាហាន​ខ្មែរ ទាំង​ទាហាន​ថៃ ចេញ​ពី​វត្ត​«កែវ​សិក្ខា​គិរី​ស្វារៈ» ជា​វត្ត​ដែល​កំពុង​មាន​ជម្លោះ​ហ្នឹង ហើយ​ក្បែរ​បរិវេណ​ប្រាសាទ​ព្រះវិហារ ក៏​ឲ្យ​ដក​ចេញ​ទ័ព​ចេញ​ដែរ ហើយ​ការដក​ចេញ​នោះ គឺ​គេ​បាន​ព្រមព្រៀង​គ្នា​ថា នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ការបោះ​បង្គោល​ព្រំដែន​នោះ​ទេ ។ ដោយឡែក​ទៀត បញ្ហា​ដែល​សេស​សល់ គេ​នឹង​ដោះស្រាយ​រវាង​ទ្វេ​ភាគី​ជា​បន្ត​ទៅ​ទៀត។ ទាំង​នេះ​ជា​ចំណុច​ដែល​ភាគី​នៃ​ប្រទេស​ទាំង​ពីរ​បាន​យល់​ស្របគ្នា នៅ​ក្នុង​ការចរចា​ជាមួយ​គ្នា​ក្នុង​រយៈពេល​១២​ម៉ោង​នេះ ។

សំ បូរិន្ទ ៖ លោក ម៉ាយ៉ារិទ្ធិ លោក​មាន​ប្រសាសន៍​អម្បាញ់​មិញ លើ​ចំណុច​សំខាន់​យ៉ាង​ហោច​ណាស់ ២ ដែល​ខ្ញុំ​ចង់​ឲ្យ​លោក​បញ្ជាក់ គឺ​ចំណុច​ទី​មួយ ទាក់ទង​នឹង​ការប្រកាស​លទ្ធផល​ថា ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ ទី​ពីរទាក់​ទង​នឹង​ការដក​ទ័ព​នៃ​ប្រទេស​ទាំង​ពីរ ។ ខ្ញុំ​ស្ដាប់​អត់​ទាន់​យល់ ក្នុង​ន័យ​ថា ប្រទេស​កម្ពុជា​ត្រូវ​ប្រទេស​ថៃ​ឈ្លានពាន​ទឹកដី​របស់​ខ្លួន ហើយ​ការប្រកាស​ថា ជា​ជោគជ័យ​ដ៏​អស្ចារ្យ មាន​ន័យ​ថា ទ័ព​ថៃ​សុខចិត្ត​ដក​ចេញ​ពី​កន្លែង​ដែល​ខ្លួន​កាន់កាប់​បច្ចុប្បន្ន​នេះ ហើយ​បើ​សិន​ជា​ដក​ចេញ តើ​ដក​ចេញ​នៅ​ពេល​ណា?

ម៉ាយ៉ារិទ្ធិ ៖ ចំណុច​នេះ គឺ​មាន​អ្នកកាសែត​បាន​សាកសួរ​ទៅ​លោក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ហោ ណាំហុង ថា​តើ​ចំណុច​ជោគជ័យ គឺ​បកស្រាយ​យ៉ាង​ម៉េច ហើយ​មាន​ជោគជ័យ​អ្វី​ខ្លះ ។ លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង មាន​ប្រសាសន៍​ថា ចំណុច​ដែល​គេ​បាន​ចាត់ទុក​[ថា​ជា​ជោគជ័យ] គឺ​ដោយសារ​ថា ភាគី​ទាំង​ពីរ​ឯកភាព​លើ​ការដក​កម្លាំង​ទាហាន​ដែល​កំពុង​តែ​ប្រឈមមុខ​គ្នា ចេញ​ពី​តំបន់​ដែល​កំពុង​តែ​មាន​ជម្លោះ ។

ខាង​វិទ្យុ​អាស៊ីសេរី ក៏​បាន​សួរ​ដែរ នៅ​ពេល​ដែល​ដក​កម្លាំង​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​ហ្នឹង បាន​ន័យ​ថា រដ្ឋាភិបាល​[ខ្មែរ] ទទួល​ស្គាល់​ថា តំបន់​ហ្នឹង​ជា​តំបន់​ត្រួត​ស៊ី​គ្នា ហើយ​តើ​ថៃ​គិត​ថា អ៊ីចឹង​ដែរ​ឬ​ទេ? លោក​រដ្ឋមន្ត្រី ហោ ណាំហុង មិន​បាន​ឆ្លើយ​ចំ​នឹង​សំណួរ​នេះ​ទេ លោក​មាន​ប្រសាសន៍​ថា កម្ពុជា​និង​ថៃ​កំពុង​តែ​ជជែក​លើ​បញ្ហា​នេះ ហើយ​នឹង​ដោះស្រាយ​ដោយ​សន្តិវិធី ។ នេះ​គឺ​ជា​ចំណុច​មួយ ។ ហើយ​រឿង​ចំណុច​ដែល​ថា នឹង​ដក​នៅ​ពេល​ណា​នោះ នឹង​ពិភាក្សា​បន្ត​ទៀត គឺ​អត់​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ត្រឹមត្រូវ​ថា នឹង​ដក​នៅ​វេលា​ថ្ងៃ​ណា​នោះ​ទេ ។

សំ បូរិន្ទ ៖ លោក ម៉ាយ៉ារិទ្ធិ លោក​ជ្រាប​ស្រាប់​ថា ក្នុង​សន្ធិសញ្ញា​ទាំង​ឡាយ​ទាំង​ពួង​រវាង​កម្ពុជា​-ថៃ កន្លង​ផុត​មក​ហ្នឹង គឺ​មាន​ភាព​ច្បាស់លាស់​ដែល​ប្រទេស​ទាំងពីរ​ទទួល​ស្គាល់​គ្នា​ទៅ​វិញ​ទៅមក​ហើយ តាមរយៈ​សន្ធិសញ្ញា​ឆ្នាំ ១៩០៤, ១៩០៧ និង ១៩៦២ ដែល​ថា ព្រំដែន​ហ្នឹង​គឺ​មាន​ភាព​ច្បាស់លាស់​ទៅ​ហើយ ។ ខ្ញុំ​ចង់​ដឹង​ថា ចំណុច​អ្វី​ដែល​ថៃ​លើក​យក​មក​ជា​មូលដ្ឋាន​នៃ​ការបញ្ជូន​ទ័ព​ចូល​មក​គ្រប់គ្រង​វត្ត កែវ​សិក្ខា​គិរី​ស្វារៈ ហ្នឹង?

ម៉ាយ៉ារិទ្ធិ ៖ ចំណុច​នេះ ក្រោយ​មក ខ្ញុំ​ក៏​បាន​សាកសួរ​ទៅ​លោក​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​ខ្មែរ លោក កៅ គឹមហួន គឺ​វិទ្យុ​អាស៊ីសេរី បាន​សួរ​ថា ចុះ​ហេតុអ្វី​បាន​ជា​ចាំបាច់​ត្រូវ​ដក​ទ័ព​ចេញ​ពី​តំបន់​ដែល​ប្រទេស​កម្ពុជា​គិត​ថា ជា​ដី​របស់​ខ្លួន​ទៅ​ហើយ​នោះ តើ​នេះ​មិន​បាន​ន័យ​ថា ទទួល​ស្គាល់​ថា​ជា​តំបន់​ត្រួតស៊ី​គ្នា​ទៅ​ហើយ​មែន​ឬ​ទេ? លោក​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​មាន​ប្រសាសន៍​តប​មក​វិញ​ថា អ្វី​ដែល​ជជែក​គឺ​មិន​បាន​ជជែក​អ្វី​ឲ្យ​បាន​ស៊ីជម្រៅ​ទេ ក្រៅ​ពី​សុំ​ឲ្យ​មាន​ការដក​ទ័ព​ចេញ​តែ​ប៉ុណ្ណឹង ក៏​ប៉ុន្តែ​ភាគី​កម្ពុជា​នៅ​តែ​ប្រកាន់​ខ្ជាប់​នូវ​ការដោះស្រាយ​បញ្ហា​ព្រំប្រទល់​អ្វី​ទាំងអស់ គឺ​ផ្អែក​តាម​សន្ធិសញ្ញា​និង​ផែនទី​ដែល​អន្តរជាតិ​ទទួល​ស្គាល់ គឺ​ផែនទី​ឆ្នាំ​១៩០៧ ផែនទី​ឆ្នាំ ១៩០៤ ដែល​នាំ​ឲ្យ​មាន​ការឈ្នះ​ក្ដី​នា​ឆ្នាំ​១៩៦២ គឺ​ថា ផ្អែក​ទៅតាម​សន្ធិសញ្ញា​និង​ផែនទី​ដែល​អន្តរជាតិ​ទទួលស្គាល់​ទាំង​អស់ ។

សំ បូរិន្ទ ៖ លោក ម៉ាយ៉ារិទ្ធិ លោក​ក៏​បាន​ដឹង​ហើយ​ថា ការប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​មិន​មែន​ប្រឹងប្រែង​ត្រឹម​លំដាប់​ទ្វេ​ភាគី រវាង​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា​ខ្លួនឯង​ប៉ុណ្ណឹង​ទេ តែ​បាន​ប្រឹងប្រែង​នៅ​ថ្នាក់​តំបន់ លំដាប់​អន្តរជាតិ​រហូត​ទៅ​ដល់​អង្គការ​សហ​ប្រជាជាតិ​ទៀត ។ លោក​ដឹង​ហើយ​ថា ថៃ​ក៏​បាន​ព្យាយាម​ធ្វើ​យ៉ាងណា​ដើម្បី​ឲ្យ​ការចរចា​ធ្វើ​ឡើង​តែ​ក្នុង​របៀប​ទ្វេ​ភាគី​រវាង​ថៃ​-កម្ពុជា​ទេ ហើយ​មិន​ចង់​ឲ្យ​រឿង​នេះ​ឡើង​ទៅ​កាន់​ថ្នាក់​តំបន់ ឬ​ថ្នាក់​អន្តរជាតិ​ទេ ។ តើ​ហេតុអី​បាន​ជា​ថៃ​មិន​ចូលចិត្ត​ថ្នាក់​តំបន់ ថ្នាក់​អង្គការ​សហប្រជាជាតិ តើ​ហ្នឹង​មក​ពី​ហេតុអី​ទៅ?

ម៉ាយ៉ារិទ្ធិ ៖ មន្ត្រី​រដ្ឋាភិបាល​ដែល​បាន​ជជែក​ជាមួយ​កាលពី​ព្រឹកមិញ ប៉ុន្តែ​លោក​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ទេ លោក​បាន​មាន​ប្រសាសន៍​ថា ភាគី​ថៃ​ខំ​ព្យាយាម​រាំង​ខ្ទប់​ទាំង​អស់ មិន​ឲ្យ​មាន​ការជជែក​នៅ​ថ្នាក់​តំបន់ និង​មិន​ចង់​ឲ្យ​មាន​ការជជែក​ទៅ​ដល់​អង្គការ​សហប្រជាជាតិ​ទៀត ដោយសារ​គិត​ថា បើ​បង្ហាញ​ទៅ វា​នឹង​ជា​ការអាម៉ាស់​មួយ​របស់​ថៃ​ទៅ​វិញ ដូច្នេះ​គេ​ចង់​ឲ្យ​មាន​ការជជែក​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ថៃ​តែ​ប៉ុណ្ណឹង ។ មន្ត្រី​រដ្ឋាភិបាល ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា ដោយសារ​តែ​បំណង​ពី​ប្រទេស​ដទៃ​ផង ថា ឲ្យ​ដោះស្រាយ​ទ្វេ​ភាគី​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំង​ទៅ មុន​នឹង​ឈាន​ទៅ​ដល់​ថ្នាក់​តំបន់ និង​ទៅ​ដល់​អង្គការ​សហ​ប្រជាជាតិ​នោះ ទើប​កម្ពុជា​បាន​ព្យាយាម​អស់​លទ្ធភាព​ដើម្បី​ដោះស្រាយ​បញ្ហា​ទ្វេ​ភាគី ជាមួយ​នឹង​ប្រទេស​ថៃ​ជាមុន​សិន ។

សំ បូរិន្ទ ៖ ដើម្បី​ជា​ជំនួយ​ដល់​អស់​លោក​មិត្ត​អ្នកស្ដាប់ ខ្ញុំ​សូម​ធ្វើ​ការសង្ខេប​នូវ​សេចក្ដី​រាយការណ៍​របស់​លោក អម្បាញ់មិញ ទាក់ទង​នឹង​ការយល់​ព្រមព្រៀង​គ្នា រវាង​ប្រទេស​កម្ពុជា​និង​ថៃ​ក្នុង​ការជជែក​ពី​ម្សិលមិញ ។ គឺ​ថា ប្រទេស​ទាំង​ពីរ​យល់​ថា ត្រូវ​មាន​ការជជែក​គ្នា​ជា​បន្ត​ទៀត នៅ​លំដាប់​រដ្ឋមន្ត្រី​និង​លំដាប់​គណៈកម្មការ​ព្រំដែន នេះ​ចំណុច​ទី​មួយ ។ ចំណុច​ទី​ពីរ ទាក់ទង​នឹង​ការតាំង​ចិត្ត​ថា ភាគី​ទាំង​សងខាង គឺ​ត្រូវ​ដក​ទ័ព​ជា​ចាំបាច់ ក៏​ប៉ុន្តែ​ពេលវេលា​នៃ​ការដក​ទ័ព​នោះ​មិន​ទាន់​ច្បាស់លាស់​ទេ តែ​ភាគី​ទាំង​ពីរ​ត្រូវ​យក​កិច្ចប្រជុំ​ម្សិលមិញ​ហ្នឹង​ទៅ​រាយការណ៍​ជូន​រដ្ឋាភិបាល​រៀង​ខ្លួន​សិន ៕