មន្ត្រីរាជការអ្នកនយោបាយ និងប្រជាពលរដ្ឋ ក៏បានសម្ដែងចេញនូវស្វាមីភក្ដិចំពោះព្រះអង្គ ព្រមទាំងចង់ឃើញទ្រង់គង់នៅជាម្លប់ក្នុងមាតុប្រទេសបានយូរអង្វែង។
សេចក្ដីប្រាថ្នានេះ ដោយសារតែពួកគាត់យល់ឃើញថា វត្តមានរបស់ព្រះអង្គ ដែលគេប្រសិទ្ធិនាមថា ជាព្រះបិតាឯករាជ្យជាតិ និងឯកភាពជាតិ នៅប្រទេសកម្ពុជានេះមានសារៈសំខាន់ណាស់សម្រាប់ ឲ្យខ្មែរមានឯកភាពជាតិ និងសន្តិភាព។
អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះអង្គមានបន្ទូលថា ព្រះអង្គនឹងមិនយាងត្រលប់ទៅកាន់ប្រទេសចិនវិញជារៀងរហូត គឺព្រះអង្គគង់នៅប្រទេសកម្ពុជា ជាមួយប្រជារាស្ត្ររបស់ព្រះអង្គ។
ព្រះរាជបន្ទូលរបស់ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ដូច្នេះ នៅក្នុងពិធីអបអរសាទរទិវាខួប ២០ ឆ្នាំនៃការយាងត្រលប់របស់ព្រះអង្គពីបរទេស មកកាន់មាតុប្រទេសវិញ និងក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គគម្រប់ ៨៩ យាងចូល ៩០ ព្រះវស្សានៅថ្ងៃទី ៣១ តុលា ឆ្នាំ ២០១១។
ព្រះមហាវីរក្សត្រព្រះករុណា នរោត្តម សីហនុ មានបន្ទូលថា កម្ពុជាមានសាមគ្គីភាពគ្រប់ស្ថាប័ន រួមមានស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នរដ្ឋាភិបាល ស្ថាប័នព្រះមហាក្សត្រ និងប្រជារាស្ត្រទាំងអស់ មានឯកភាពក្នុងធ្លុងតែមួយ។ ទោះជាយ៉ាងនេះក្ដី ព្រះអង្គអំពាវនាវឲ្យកម្ពុជារួបរួមគ្នាបន្តទៀត ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។
ទោះបីជាព្រះមហាវីរក្សត្រកោតសរសើរថា កម្ពុជាមានសន្តិភាព និងរួបរួមគ្នាក្ដី ប៉ុន្តែ សារធារណជនមួយចំនួន បានលើកឡើងថា សន្តិភាព និងការរួបរួមគ្នានេះ មិនទាន់មានពិតប្រាកដទេ ពីព្រោះគេបានលើកឧទាហរណ៍ ដូចជា ការបោះឆ្នោតលើកទី១ ឆ្នាំ ១៩៩៣ គណបក្សប្រជាជនមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ហើយរហូតដល់មានការបង្កើតរដ្ឋាភិបាលចម្រុះរវាងគណបក្សហ៊្វុនស៊ិនប៉ិច ដែលមានសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជានាយករដ្ឋមន្ត្រីទី១ និងគណបក្សប្រជាជនកម្ពុជាមានលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រីទី២។
ប៉ុន្តែ រដ្ឋាភិបាលចម្រុះត្រូវបានបាក់បែកក្នុងរដ្ឋប្រហារបង្ហូរឈាមមួយ កាលពីថ្ងៃទី ៥-៦ ខែកក្កដា ឆ្នាំ ១៩៩៧ ដោយលោក ហ៊ុន សែន បានទម្លាក់អំណាចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកាលនោះ លោកជានាយករដ្ឋមន្ត្រីទី១។ លោក ហ៊ុន សែន បានចោទប្រកាន់សម្ដេចក្រុមព្រះថា ជាអ្នកបង្កឲ្យមានការបង្ហូរឈាម ថ្ងៃទី ៥-៦ កក្កដា ឆ្នាំ ១៩៩៧។
រដ្ឋប្រហារបង្ហូរឈាមនេះ ធ្វើឡើងក្រោយពីមានព្រឹត្តិការណ៍បោកគ្រាប់បែកទៅលើក្រុមបាតុករគាំទ្រគណបក្សប្រឆាំង កាលពីខែមីនា ឆ្នាំ ១៩៩៧ ដែលបណ្ដាលឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួន ១៦ នាក់ស្លាប់ និងរងរបួសចំនួន ១៤០ នាក់ផ្សេងទៀត។
អ្នករត់ម៉ូតូឌុបមួយរូបមកពីខែត្រព្រៃវែង។ លោក ហែម ហន់ បានរៀបរាប់ថា លោកបានកត់សម្គាល់ ឃើញថា អ្នកនយោបាយមកពីគណបក្សផ្សេងគ្នា តែងតែឈ្លោះគ្នាផ្នែកនយោបាយ និងប្រកាន់បក្សពួកផ្សេងៗ គ្នា ដូចជា ករណីលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងមិនអាចចូលក្នុងស្រុកវិញបានជាដើម។
លោកអះអាងទៀតថា កម្ពុជាឯកភាពគ្នាតែមួយនោះ លុះត្រាតែអ្នកនយោបាយទាំងអស់មិនប្រកាន់បក្សពួក ហើយរួមគ្នាកសាងជាតិតែមួយ។
និស្សិតមួយរួបរួមនៅសាកលវិទ្យាល័យ ន័រតុន (Norton) កញ្ញា យឹម លក្ខណា មានប្រសាសន៍ថា ព្រះវត្តមានរបស់ព្រះអង្គមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ទោះបីជាព្រះអង្គបានយាងចូលនិវត្តហើយក្ដី ពីព្រោះថា ព្រះអង្គជាព្រះរាជបិតាជាតិ ធ្វើឲ្យកម្ពុជាទទួលបានឯករាជ្យ និងសន្តិភាព។
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គបានយាងចូលនិវត្តន៍មកកាន់មាតុប្រទេសវិញ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នំា ១៩៩១ តាមការស្នើសុំរបស់រដ្ឋាភិបាល អតីតរដ្ឋកម្ពុជា ក្រោយពីព្រះអង្គទាំងពីរបានគង់នៅឯបរទេស អស់ រយៈពេលជាង ២០ ឆ្នាំ។
ឧត្ដមសេនីយ៍ទោ ផល សាមន ជានាយកនាយកដ្ឋានកាកសំណល់សង្គ្រាម គ្រឿងផ្ទុះ និងព័ត៌មាននៃមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម លោកបានលើកឡើងថា ប្រទេសកម្ពុជាមានសន្តិភាព ដោយសារតែគោលនយោបាយរបស់រដ្ឋាភិបាល។
នៅក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃការយាងចូលមាតុភូមិរបស់ព្រះអង្គនេះដែរ ក្រសួងព្រះបរមរាជវាំង អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ទីស្ដីការគណៈរដ្ឋមន្ត្រី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋានគ្រប់ខែត្រ រាជធានី កាកបាទក្រហមកម្ពុជា អាជ្ញាធរអប្សរា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរៀបចំពិព័រណ៍រូបភាពស្ដីពីព្រះរាជសកម្មភាពរបស់ព្រះករុណា ព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ គិតពីឆ្នាំ១៩៩១មក នៅទីលានវាលព្រះមេរុ។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកស្រី អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា គោលនយោបាយឈ្នះឈ្នះរបស់ រដ្ឋាភិបាលទទួលបានសុខសន្តិភាពនៅកម្ពុជា ហើយអ្នកស្រីរំពឹងថា សុខសន្តិភាពនេះ នឹងមានយូរអង្វែងសម្រាប់សង្គមកម្ពុជា។
មន្ត្រីនាំពាក្យគណបក្សប្រឆាំង លោក យឹម សុវណ្ណ បានគាំទ្រចំពោះការសម្រេចព្រះទ័យរបស់ព្រះអង្គគង់នៅកម្ពុជានេះ នៅខណៈប្រទេសកម្ពុជានៅមានបញ្ហាបោះបង្គោលព្រំដែនប៉ែកខាងលិច និងខាងកើត និងបញ្ហាជម្លោះដីធ្លីរបស់ប្រជាពលរដ្ឋដោយសារការរំលោភយកពីអ្នកមានអំណាចនោះ។
លោក អ៊ូ វីរៈ ជានាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកមានប្រសាសន៍ថា ការគង់នៅរបស់ព្រះអង្គនេះ ជាសារមួយសម្រាប់ឲ្យអ្នកនយោបាយបង្រួបបង្រួមគ្នា។ លោកបញ្ជាក់ថា សន្តិភាពនៅកម្ពុជាបច្ចុប្បន្ន គឺជាសន្តិភាពបណ្ដោះអាសន្នទេ។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានពន្យល់ថា សន្តិភាពនឹងកើតមានពិតប្រាកដ និងយូរអង្វែងនៅកម្ពុជានោះ លុះត្រាតែអ្នកនយោបាយបញ្ឈប់ការរើសអើងគ្នា បង្រួបបង្រួមគ្នា ដើម្បីកសាងជាតិ លុបបំបាត់នូវអំពើយុត្តិធម៌នៅក្នុងសង្គម និងប្រព័ន្ធតុលាការ ត្រូវឯករាជ្យជាដើម៕
