មន្រ្តីគណៈគ្រប់គ្រងទីលានចាក់សំរាមសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១០ មីនា បានលុបរូបថត និងសំឡេងសម្ភាសន៍អ្នករើសសំរាមពីម៉ាស៊ីនថតរូបនិងម៉ាស៊ីនថតសំឡេងរបស់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីដោយបង្ខំ បើទោះបីជាមានការមិនយល់ព្រមពីអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីក៏ដោយ។
ការលុបចោលរូបភាពឯកសារនិងសំឡេងសម្ភាសន៍ពីម៉ាស៊ីនថតរូបនិងថតសំឡេងកើតឡើងក្រោយពេលមានការចោទប្រកាន់ថា អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីបានសម្ភាសនិងថតរូបដោយមិនមានការយល់ព្រមពីអ្នកគ្រប់គ្រងទីលានចាក់សំរាម និងមិនមានលិខិតអនុញ្ញាតពីសាលារាជធានីភ្នំពេញ។
អ្នកស្រី ខែ សុណង ត្រូវបានគណៈគ្រប់គ្រងទីលានចាក់សំរាមនោះអនុញ្ញាតឲ្យចាកចេញពីការិយាល័យរបស់ខ្លួនវិញ បន្ទាប់ពីគេបានលុបរូបថតនិងសំឡេងនោះចោល ដោយបានលុបទាំងឯកសាររបស់អ្នកព័ត៌មានរូបនេះជាច្រើនទៀត ដោយគេគំរាមថា បើសិនជាមិនឲ្យគេលុបទេនោះ គេនឹងប្រើកម្លាំងសមត្ថកិច្ចដើម្បីដោះស្រាយបញ្ហា។

អ្នកស្រី ខែ សុណង បានបញ្ជាក់ថា ៖ «ពួកខ្ញុំគឺថា មិនព្រមឲ្យគាត់លុបទេ តែគាត់បង្ខំ ហើយគាត់ថា "បើសិនជាអ្នកឯងមិនព្រមប្រគល់ឧបករណ៍ហ្នឹងឲ្យខ្ញុំលុបទេ ខ្ញុំនឹងប្រើកម្លាំង!"។ ពេលហ្នឹងគាត់ហៅមន្ត្រីប៉ូលិសសង្កាត់របស់គាត់មួយរូបទៀតចូលទៅក្នុងហ្នឹងដែរ។ គាត់ហ្នឹងជាអនុប្រធានទីលានចាក់សំរាមមួយដែរ តែគាត់មិនព្រមប្រាប់ឈ្មោះដល់ពួកយើងទេ»។
អ្នកស្រី ខែ សុណង បានមានប្រសាសន៍ថា អ្នកស្រីត្រូវបានគណៈគ្រប់គ្រងទីលានចាក់សំរាមធ្វើការឃាត់ខ្លួននៅម៉ោងប្រមាណ ៤លា្ងច ថ្ងៃទី១០ មីនា ខណៈដែលអ្នកស្រីកំពុងថតរូបអ្នករើសសំរាម និងសម្ភាសអ្នករើសសំរាម ហើយការឃាត់ខ្លួននេះមានវត្តមានប៉ូលិសឯកសណ្ឋានប្រមាណ ១០រូបផងដែរ។
ខែ សុណង បានបញ្ជាក់ថា អ្នកស្រីបានចូលទៅទីលានចាក់សំរាមនោះដោយពុំមានការហាមឃាត់ពីក្រុមសន្តិសុខនៅទីនោះទេ ហើយក្នុងបរិវេណចាក់សំរាមក៏គ្មានដាក់ផ្លាកបំរាមណាមួយមិនឲ្យថតរូបអ្វីដែរ។ អ្នកស្រីអះអាងថា អ្នកស្រីទៅទីនោះគឺគ្រាន់តែចង់សម្ភាសអំពីបញ្ហាជីវភាពរបស់អ្នករើសសំរាមទេ។
អ្នកស្រី ខែ សុណង បានឲ្យដឹងថា ៖ «នៅក្នុងការគំរាមកំហែងហ្នឹងសូម្បីតែការទាក់ទងរបស់ខ្ញុំមកប្រធានរបស់ខ្ញុំពីរឿងថា តើឲ្យខ្ញុំត្រូវដោះស្រាយយ៉ាងម៉េចក្នុងពេលដែលគេកំពុងតែគំរាមកំហែងដកហូតយកឧបករណ៍ខ្ញុំ គឺអត់ឲ្យខ្ញុំទាក់ទងទៀត។ ពួកខ្ញុំបាននិយាយទូរស័ព្ទ គាត់បានគំរាម គាត់ថា "អ្នកឯងមានពេលតែ១នាទីទេសម្រាប់និយាយកិច្ចការហ្នឹង ខ្ញុំអត់មានពេលច្រើនក្នុងការនិយាយកិច្ចការហ្នឹងជាមួយអ្នកឯងទេ! អត់មានតេទៅណារញ៉េរញ៉ៃអីច្រើនទេ គឺសម្រេចថាត្រូវតែលុប"។ ពេលខ្ញុំនិយាយទូរស័ព្ទហ្នឹង គឺថា គាត់ដកទូរស័ព្ទពីដៃយើងគ្រវាត់ទៅលើតុតែម្ដង!»។
ការឃាត់ខ្លួននេះគណៈគ្រប់គ្រងទីលានចាក់សំរាមដែលមិនប្រាប់ឈ្មោះនោះ មិនអនុញ្ញាតឲ្យមេធាវីរបស់វិទ្យុអាស៊ីសេរី និងមន្រ្តីស៊ើបអង្កេតអង្គការសិទ្ធិមនុស្សចំនួនពីរ គឺមន្រ្តីអង្គការលីកាដូនិងអាដហុកចូលទៅការិយាល័យនោះទេ។ បញ្ហានេះត្រូវបានមន្រ្តីសិទ្ធិមនុស្សថ្កោលទោស និងចាត់ទុកថាជាអំពើរំលោភសិទ្ធិមនុស្សនិងបង្ខាំងមនុស្សដោយខុសច្បាប់។
លោកមេធាវី មួង សុគន្ធ បានមានប្រសាសន៍ថា ៖ «ការខុសឆ្គងរបស់ភាគីខាងណោះគឺនៅត្រង់ថា ឃាត់ហើយ ខ្លួនឯងអត់មានសិទ្ធិទុកទេ បញ្ជូនទៅកន្លែងនគរបាលយុត្តិធម៌ដែលមានទីតាំងនៅក្បែរនោះស្របតាមមាត្រា៨៧នៃក្រមនីតិវិធីព្រហ្មទណ្ឌហ្នឹងហើយ។ នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌដដែលត្រង់មាត្រា៨៩ បានបញ្ញត្តច្បាស់ថា ក្រោយពីបានទទួលនូវសេចក្ដីរាយការណ៍ពីខាងប៉ូលិសភ្លាម គឺថា ប៉ូលិសហ្នឹងត្រូវតែរាយការណ៍ទៅព្រះរាជអាជ្ញាដើម្បីធ្វើយ៉ាងណាឲ្យព្រះរាជអាជ្ញាដឹង។ គាត់មិនមែនជាសមត្ថកិច្ចធម្មានុរូបទេ មិនមែនមានតួនាទីសម្រាប់ឃាត់កញ្ឆក់កញ្ឆែង លុបអី គឺអត់ទាំងអស់។ នៅក្នុងច្បាប់ស្ដីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋក៏គេបានបញ្ញត្តដែរថា ជនណាដែលគ្មានអាជ្ញាធរពីខាងតុលាការឲ្យចាប់ខ្លួន ឃុំខ្លួន ជននោះនឹងត្រូវជាប់ពន្ធនាគារពី ៣ឆ្នាំទៅ ៥ឆ្នាំ»។
វិទ្យុអាស៊ីសេរីបានព្យាយាមសម្ភាសជាមួយគណៈគ្រប់គ្រងនោះដើម្បីពន្យល់អំពីការលុបសំឡេងនៅក្នុងម៉ាស៊ីនថតសំឡេងនិងម៉ាស៊ីនថតរូបនោះចោល ប៉ុន្តែគេមិនអនុញ្ញាតឲ្យចូលជួបនោះទេ។
មកទល់នឹងពេលនេះមិនទាន់មានដំណោះស្រាយជាផ្លូវការណាមួយពីមន្រ្តីគណៈគ្រប់គ្រងទីលានចាក់សំរាមសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទាក់ទងជាមួយការលុបរូបថតនិងសំឡេងសម្ភាសន៍, ការឃាត់ខ្លួន, ការបំផ្លាញឯកសារ និងការគំរាមប្រើកម្លាំងមកលើអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីនេះនៅឡើយទេ៕
