មន្ត្រី៖ កម្ពុជា​សល់​ស្រូវ​ជាង​៤​លាន​តោន​នៅ​ឆ្នាំ​២០១២

មន្ត្រី​ជំនាញ​កសិកម្ម នៅ​ថ្ងៃ​ទី១៦ ខែ​មករា បាន​បង្ហាញ​ថា លទ្ធផល​បូក​សរុប​នៃ​ការ​បង្កបង្កើន​ផល​ស្រូវ ទាំង​ស្រូវ​រដូវ​វស្សា និង​ស្រូវ​រដូវ​ប្រាំង​សម្រាប់​ឆ្នាំ​២០១២ កន្លង​មក​នេះ គឺ​ប្រមូល​បាន​ចំនួន​ជាង ៩​លាន ៣​សែន​តោន ប្រៀប​ធៀប​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ គឺ​បាន​ប្រមូល​ផល​ស្រូវ​សរុប​ចំនួន​ជាង ៨​លាន ៨​សែន​តោន។

0:00 / 0:00

ការ​បង្ហាញ​នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅ​ឯ​ក្រសួង​កសិកម្ម ផ្ដោត​លើ​លទ្ធផល​បូក​សរុប​បញ្ចប់​បណ្ដោះ​អាសន្ន​នៃ​ការងារ​បង្កបង្កើន​ផល​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣។ កិច្ច​ប្រជុំ​នេះ បាន​ចូល​រួម​ដោយ​ប្រធាន​មន្ទីរ​កសិកម្ម​មក​ពី ២៤​ខេត្ត-ក្រុង។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ច័ន្ទ សារុន នៅ​ថ្ងៃ​ទី១៦ ខែ​មករា បាន​អះអាង​ថា កម្ពុជា នៅ​សល់​ស្រូវ​ចំនួន​ជាង ៤​លាន ៧​សែន​តោន សម្រាប់​ឆ្នាំ​២០១២ ស្មើ​នឹង​អង្ករ​ចំនួន​ជាង ៣​លាន​តោន។

លោក​ថា ចំនួន​កើន​ឡើង​នូវ​ទិន្នផល​ស្រូវ​បែប​នេះ គឺ​ដោយ​សារ​តែ​កម្ពុជា បាន​ពង្រីក​ផ្ទៃដី​ដាំដុះ​នៅ​ឆ្នាំ​២០១២ នៅ​គ្រា​ដែល​ទឹក​ជំនន់​ទឹក​ភ្លៀង និង​គ្រោះ​រាំង​ស្ងួត បាន​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​នៅ​ខេត្ត​ចំនួន​១៤ កន្លង​មក​នេះ ប៉ុន្តែ​ការ​ស្ដារ​កសិកម្ម បាន​ធ្វើ​ឡើង​ទាន់​ពេល​វេលា។

លោក ច័ន្ទ សារុន បាន​មាន​ប្រសាសន៍​ថា អង្ករ​ក្រអូប​របស់​កម្ពុជា មាន សែន​ពិដោរ ផ្ការំដួល និង​ផ្កា​រមៀត ជាដើម កំពុង​តែ​ពេញ​និយម​នៅ​ទីផ្សារ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប កន្លង​មក​នេះ៖ «សុំ​ឲ្យ​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​ស្រូវ​ក្រអូប​នេះ​ទាំង​អស់​គ្នា។ យើង​ចេញ​ពី​សេដ្ឋកិច្ច​ឆ្នាំង​បាយ​សម្រាប់​លក្ខណៈ​គ្រួសារ ទៅ​កាន់​សេដ្ឋកិច្ច​ទីផ្សារ។ អីចឹង​ត្រូវ​គិតគូរ​ពី​រឿង​នេះ​ឲ្យ​បាន​មែន​ទែន។ អស់​លោក​ប្រធាន​មន្ទីរ​កសិកម្ម អស់​លោក​ប្រធាន​នាយកដ្ឋាន​ដំណាំ​ស្រូវ អគ្គនាយកដ្ឋាន​កសិកម្ម​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ពី​បញ្ហា​នេះ​ឲ្យ​មែន​ទែន»

ប្រធាន​នាយកដ្ឋាន​ផែនការ និង​ស្ថិតិ នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហុង ណារឹត បាន​មាន​ប្រសាសន៍​ថា មន្ត្រី​ជំនាញ​កសិកម្ម​កន្លង​មក​បាន​អប់រំ​កសិករ​ឲ្យ​ចេះ​បត់​បែន​ទៅ​តាម​ស្ថានការណ៍​នៅ​មូលដ្ឋាន​នៅ​ពេល​រដូវ​ខ្វះ​ទឹក គឺ​ងាក​មក​ដាំ​បន្លែ​រួម​ផ្សំ​វិញ៖ «ហើយ​ពិនិត្យ​ឡើង​វិញ និង​ត្រៀម​បម្រុង​នូវ​មធ្យោបាយ និង​សម្ភារៈ​សម្រាប់​គាំទ្រ និង​អន្តរាគមន៍​ជា​យថាហេតុ​នៅ​រដូវ​ប្រាំង​យើង​នេះ ហើយ​ផុត​រដូវ​ប្រាំង​ឈាន​ដល់​ដើម​រដូវ​វស្សា​នៅ​ឆ្នាំ​ក្រោយ សម្ភារៈ​មាន​ម៉ាស៊ីន​បូម​បាច​ជាដើម ពូជ​ស្រូវ ពូជ​បន្លែ»

កន្លង​មក ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​កសិករ​ដាំដុះ​ស្រូវ​ពូជ​ល្អ​ចំនួន ១០​ប្រភេទ ដែល​មាន​គុណភាព​ខ្ពស់ និង​ផ្តល់​ផល​ច្រើន​សម្រាប់​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ មាន​ដូច​ជា សែន​ពិដោរ ជលសារ អ៊ីអែរ​៦៦ ផ្កា​រំដួល ផ្កា​រំដេង ផ្កា​រមៀត ផ្កា​ច័ន្ទសែនស រាំង​ជ័យ ខា​៤ និង​ខា​៦។

ជាមួយ​គ្នា​នេះ មជ្ឈមណ្ឌល​សិក្សា និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា ដឹកនាំ​ដោយ​លោក យ៉ង សាំងកុមារ កំពុង​តែ​ជំរុញ​ឲ្យ​កសិករ​បង្កើត​សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​ឲ្យ​បាន​ចំនួន​រវាង ៥០​គ្រឿង ទៅ ១០០​គ្រឿង ក្នុង​រយៈពេល ១០​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២២ នៅ​ក្នុង​ស្រុក​ចំនួន​៦០ ក្នុង​ខេត្ត​ចំនួន​១៣។

សហគមន៍​ម៉ាស៊ីន​កិន​ស្រូវ​សរីរាង្គ​នោះ គឺ​មាន​គោល​ដៅ​នាំ​ចេញ​អង្ករ​សរីរាង្គ​ដែល​មាន​គុណភាព​ខ្ពស់ និង​គ្មាន​ជាតិ​គីមី ទៅ​ទីផ្សារ​នៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។