កម្ពុជា​នឹង​ទទួល​បាន​ទិន្នផល​ស្រូវ ៧​លាន​តោន​សម្រាប់​ឆ្នាំ​២០០៨

មន្ត្រី​ជំនាញ​វិស័យ​កសិកម្ម​និយាយ​ថា ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​មាន​កំណើន​តិច​តួច បើ​ធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ ថ្វី​ត្បិត​តែ​សន្ទូង​ដែល​កំពុង​លូតលាស់​ពុំ​មាន​របាយការណ៍​ថា រង​ការ​បំផ្លាញ​ដោយ​សត្វ​ល្អិត​និង​គ្រោះ​ធម្មជាតិ​ធ្ងន់ធ្ងរ​ក៏​ដោយ។

0:00 / 0:00

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា (CEDAC) បណ្ឌិត យ៉ងសាំង កុមារ មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​១០ វិច្ឆិកា​ថា ឆ្នាំ​នេះ ទោះ​បី​ជា​ក្នុង​ទូទាំង​ប្រទេស​កម្ពុជា​គ្រោះ​ធម្មជាតិ​ពុំ​កើត​មាន​ក៏​ដោយ ក៏​ទិន្នផល​ស្រូវ​មាន​ការ​កើន​ឡើង​បន្តិច​បន្តួច​ប៉ុណ្ណោះ បើ​ប្រៀប​ធៀប​នឹង​កាល​ពី​ឆ្នាំ​កន្លង​ទៅ។

បណ្ឌិត យ៉ងសាំង កុមារ មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ស្រូវ​ជា​ទូទៅ ឆ្នាំ​នេះ ហើយ​ឆ្នាំ​កន្លង​មក មិន​សូវ​ជា​ខុស​គ្នា​ទេ ប្រហាក់​ប្រហែល​គ្នា»

បណ្ឌិត យ៉ងសាំង កុមារ មាន​ប្រសាសន៍​ផង​ដែរ​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា កម្ពុជា​អាច​ក្លាយ​ជា​ប្រទេស​មួយ ដែល​មាន​សក្តានុពល​ក្នុង​ការ​ផលិត​ស្រូវ​ប្រចាំ​តំបន់ ប្រសិន​បើ​រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​បង្រៀន​កសិករ​ឲ្យ​ចេះ​ជ្រើសរើស​ពូជ​ស្រូវ​និង​រៀបចំ​ប្រព័ន្ធ​ធារា​សាស្ត្រ​ឲ្យ​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន។

លោក​បណ្ឌិត យ៉ងសាំង កុមារ មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ​ថា ៖ «បើ​សិន​ជា​យើង​ធ្វើ​ដូច​បច្ចុប្បន្ន ជាពិសេស​ការ​វិនិយោគ​ជា​សាធារណៈ​លើ​វិស័យ​កសិកម្ម​នៅ​មាន​កម្រិត​ដូច​បច្ចុប្បន្ន​ហ្នឹង​យើង​ទៅ​អត់​រួច​ទេ មាន​ន័យ​ថា យើង​ត្រូវ​ធ្វើ​ម៉េច​បង្កើន​ការងារ​ផ្សព្វផ្សាយ​ដល់​កសិករ​ឲ្យ​បាន​ទូលំទូលាយ​ទូទាំង​ប្រទេស បង្ក​ការងារ​ឲ្យ​គាត់​ចេះ​ផលិត ចេះ​ជ្រើសរើស​ទុក​ដាក់​ពូជ​ដើម្បី​បាន​ពូជ​ស្រូវ​ល្អៗ​សម្រាប់​ធ្វើ ព្រោះ​ពូជ​ជា​កត្តា​មួយ​ដើម្បី​បង្កើន​ទិន្នផល ហើយ​ជា​ពិសេស​ទៀត ធ្វើ​ម៉េច​យើង​គាំទ្រ​ក្នុង​ការ​រៀបចំ​ឲ្យ​មាន​ដំណើរការ​ឲ្យ​បាន​ល្អ​នូវ​ប្រព័ន្ធ​ធារាសាស្រ្ដ​នៅ​តាម​តំបន់​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ហ្នឹង»

អនុប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ញឹម វណ្ណដា មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​នៅ​ពាក់​កណ្តាល​រដូវ​នា​ឆ្នាំ​នេះ តំបន់​មួយ​ចំនួន​ប្រទះ​គ្រោះ​រាំង​ស្ងួត តែ​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​កែច្នៃ​ពី​ក្រសួង​កសិកម្ម​ដោយ​នៅ​ចុង​រដូវ​មាន​អំណោយ​ផល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​គ្រប​ដណ្តប់​មក​លើ​តំបន់​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា បណ្តាល​ឲ្យ​មាន​ភ្លៀង​ធ្លាក់​មក​ជាប់​គ្នា​ផង​នោះ ធ្វើ​ឲ្យ​ទិន្នផល​ស្រូវ​ឆ្នាំ​នេះ​ទទួល​ផល​បាន​លើស​ផែនការ។

លោក ញឹម វណ្ណដា មាន​ប្រសាសន៍​ថា ៖ «ផែនការ​បង្ក​បង្កើន​ផល​ស្រូវ​ឆ្នាំ​នេះ គឺ​បាន​លើស​ផែនការ ហើយ​ទិន្នផល​ក៏​បាន​ច្រើន ប៉ុន្តែ​លើក​លែង​តែ​វា​ចុះ​តម្លៃ​បន្តិច។ រីឯ​ដំណាំ​រួម​ផ្សំ យើង​ឃើញ​ថា ប្រជាជន​សម្រេច​បាន​លទ្ធផល​ល្អ»

របាយការណ៍​ថ្មីៗ​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​តំបន់​ខ្លះ​នៃ​ខេត្ត​ចំនួន​៣ គឺ​កំពង់ចាម បន្ទាយមានជ័យ និង​ព្រះវិហារ រង​ទឹក​ជំនន់​បណ្តាល​មក​ពី​ទឹក​ភ្លៀង​បង្ក​ឲ្យ​ខូចខាត​ផល​ដំណាំ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី លោក ញឹម វណ្ណដា មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​ទិន្នផល​ស្រូវ ៧​លាន​តោន បើ​គិត​រហូត​ដល់​ចុង​ឆ្នាំ​២០០៨។ តួលេខ​នេះ​បង្ហាញ​ថា ទិន្នផល​ស្រូវ​កើន​ឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៧​ដែល​ទទួល​បាន ៦,៧​លាន​តោន​នោះ៕