តំណាងសមាគមស្រូវមាស លោក សយ សុភាព ថ្លែងថា ស្រូវប្រភេទលេខមួយជាស្រូវក្រអូប មានស្រូវម្លិះ ស្រូវនាងម៉ិញ ស្រូវរំដួល ដែលទីផ្សារបច្ចុប្បន្នមានតម្លៃប្រហែល៣២០ដុលា្លរក្នុងមួយតោន នឹងអាចឡើងថ្លៃបន្ថែមទៀតរហូតដល់៥០០ដុល្លារក្នុងមួយតោនសម្រាប់ឆ្នាំនេះ។
លោក សយ សុភាព បានបញ្ជាក់ថា ៖ «អ៊ីចឹងមានន័យថា ស្រូវនេះនៅមានតម្លៃថ្លៃទៅទៀត ខណៈពេលដែលពិភពលោកគេបានព្យាករណ៍ការខ្វះស្បៀង ហើយអង្ករអាចឡើង ១តោន ១ពាន់ដុល្លារ។ អ៊ីចឹងស្រូវនៅកម្ពុជាយើងគឺត្រូវការណាស់»។
ការឡើងថ្លៃស្រូវនៅឆ្នំានេះ ដែលឆ្នាំមុនស្រូវ ១តោនថ្លៃប្រហែល ៣០០ដុល្លារប៉ុណ្ណោះសម្រាប់ស្រូវប្រភេទលេខ១ ត្រូវគេអះអាងខុសៗគ្នា ដូចជា ដោយសារមានការប្រកួតប្រជែងគ្នាក្នុងការទិញស្រូវពីសំណាក់ឈ្មួញស្រូវនៃប្រទេសជិតខាងនិងក្នុងស្រុក ការខ្វះស្រូវដែលបណ្តាលមកពីគ្រោះធម្មជាតិកន្លងមក និងការខ្វះស្រូវនៅលើទីផ្សារក្នុងពិភពលោក។
កសិករឈ្មោះ សាន ម៉ៅ នៅស្រុកកំពង់ស្វាយ ខែត្របន្ទាយមានជ័យ មានប្រសាសន៍ថា បើទោះបីជាតម្លៃស្រូវបានថ្លៃក៏ពិតមែនសម្រាប់ឆ្នាំនេះ ដែលជាប្រការគួរឲ្យកសិករត្រេកអរ ក៏ប៉ុន្តែការផលិតស្រូវនៅតែមិនចំណេញដដែល។
លោកបន្តថា សោហ៊ុយនៃការផលិតថ្លៃ ដូចជាជី ប្រេងសម្រាប់បូមទឹក ភ្ជួររាស់ ច្រូតកាត់ថ្លៃ ដែលជាមូលហេតុនាំឲ្យកសិករខ្មែររកចំណេញពីការផលិតស្រូវមិនឃើញ។
លោក សាន ម៉ៅ បានឲ្យដឹងថា ៖ «បើដូចជាស្រូវខ្ញុំវិញដូចជាយ៉ាប់មែនទែនហើយ បានត្រឹម៥០%។ ស្រូវវារាងយូរពេក ហើយដល់ពេលទឹកជន់មក ទឹកស្រកទៅ ក្រាវាធ្វើ។ ឆ្នាំនេះប្រហែលជារកចំណេញមិនឃើញទេ។ ស្រូវឡើងថ្លៃ វាគុណនឹងផ្ទៃជី គុណនឹងកម្មករ ថ្លៃច្រូតថ្លៃកាត់ហ្នឹង វាអស់ច្រើនពេក»។
កសិករម្នាក់ទៀតបន្ថែម ៖ «ចង់ឲ្យជួយកាយប្រឡាយ កាយផ្លូវឲ្យបានស្អាត ជួយឲ្យមានទឹកមានអីទៅ ផលស្រូវហ្នឹងវាកើន មានប្រព័ន្ធលូ ប្រព័ន្ធទឹកអី»។
ប្រធានអង្គការសេដាក់ លោកបណ្ឌិត យ៉ង សាំងកុមារ បានអំពាវនាវបន្ថែម ៖ «គ្រាន់តែចង់អំពាវនាវឲ្យកសិករយើងកុំប្រញាប់លក់ពេក។ ណាមួយយើងចង់ធ្វើម៉េចឲ្យរដ្ឋាភិបាលយើងចេះជួយយ៉ាងម៉េចឲ្យអ្នកម៉ាស៊ីនកិនស្រូវក្នុងស្រុកអាចទិញស្រូវស្តុកទុកបានច្រើនបន្តិច ព្រោះយើងខ្លាចស្រូវវាហូរចេញអស់»។
ក្រសួងកសិកម្មនឹងបើកកិច្ចប្រជុំអំពីទិន្នផលស្រូវនៅក្នុងឆ្នាំនេះមួយក្នុងពេលដ៏ខ្លីខាងមុខ។
របាយការណ៍របស់អង្គការសេដាក់បានឲ្យដឹងថា ក្នុងមួយឆ្នាំៗទិន្នផលស្រូវនៅកម្ពុជាត្រូវគេប៉ាន់ប្រមាណថា មានចំនួនប្រហែល៧លានតោន ហើយការនាំចេញទៅក្រៅប្រទេសមានប្រហែល១លានតោនប៉ុណ្ណោះ ដែលការនាំចេញជាចម្បងគឺទៅប្រទេសថៃនិងវៀតណាម។
មន្ត្រីជំនាញផ្នែកកសិកម្មដដែលបានជំរុញថា កសិករគួរតែកែលម្អដី បន្សុទ្ធពូជស្រូវ និងឈប់ប្រើជីគីមីដើម្បីទទួលបានទិន្នផលខ្ពស់ និងលក់បានថ្លៃថែមទៀតសម្រាប់ឆ្នាំក្រោយ៕
