មន្ត្រី​កសិកម្ម​ខេត្ត​ពោធិ៍សាត់​៖ ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ​ទទួល​ផល​ទ្វេដង

មន្ត្រី​ជំនាញ​អះអាង​ថា ដំណាំ​ស្រូវ និង​ដំណាំ​រួម​ផ្សំ ក្នុង​ខេត្ត​ពោធិ៍សាត់ ឆ្នាំ​នេះ ទទួល​ផល​លើស​ផែនការ​ទ្វេដង។ តើ​មាន​កត្តា​អ្វី​ខ្លះ ដែល​ជំរុញ​ឲ្យ​ផល​ដំណាំ​ក្នុង​ខេត្ត​នេះ ទទួល​បាន​ផល​ល្អ​ដូច្នេះ?

0:00 / 0:00

មន្ត្រី​ទទួល​បន្ទុក​ការងារ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១២ នេះ ផល​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ ទទួល​ផល​បាន​យ៉ាង​គាប់​ប្រសើរ​ជាង​បណ្ដា​ឆ្នាំ​កន្លង​ទៅ។

អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ពោធិ៍សាត់ គឺ​លោក ឡាយ ពិសិដ្ឋ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី២ តុលា ថា មាន​កត្តា​បី​យ៉ាង ដែល​ធ្វើ​ឲ្យ​ផល​ដំណាំ​កសិកម្ម​ក្នុង​ខេត្ត​ពោធិ៍សាត់ ពិសេស​គឺ​ដំណាំ​ស្រូវ​ឆ្នាំ​នេះ បាន​ទទួល​ផល​លើស​ផែនការ​គ្រោង​ទុក។ លោក​បន្ត​ថា កត្តា​ចម្បង​គឺ​ការ​យល់​ដឹង​ពី​បច្ចេកទេស ក្នុង​ការ​ដាំដុះ​របស់​ប្រជាពលរដ្ឋ គួប​ផ្សំ​និង​អំណោយ​ផល​ពី​ធម្មជាតិ​ផង​ដែរ។

លោក ឡាយ ពិសិដ្ឋ៖ «មក​ដល់​ពេល​នេះ មិន​បញ្ចប់​រដូវ​ផង យើង​ធ្វើ​បាន​ជាង ១១០% រួច​ហើយ។ សំខាន់ គឺ​ឥឡូវ​គាត់​ចេះ​ដូរ​ពូជ​ស្រូវ​ពី​ស្រូវ​ធ្ងន់​ប្រកាន់​រដូវ មក​ស្រូវ​ស្រាល​មិន​ប្រកាន់​រដូវ​វិញ។ ដល់​អ៊ីចឹង​ទៅ គាត់​អាច​ធ្វើ​បាន​គ្រប់​រដូវ ហើយ​ម្យ៉ាង គាត់​មាន​ទីផ្សារ គាត់​អាច​លក់​ស្រូវ​បាន​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​ផង ទើប​គាត់​ខិតខំ​គួប​ផ្សំ​និង​យើង​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​ល្អ​ផង»

យ៉ាង​នេះ​ក្ដី មេ​ឃុំ​ស្វាយដូនកែវ គឺ​លោក ឌឹម គឹមហ៊ាត មាន​ប្រសាសន៍​ថា ភូមិ​មួយ​ចំនួន​ក្នុង​ឃុំ​នេះ បាន​ជួប​គ្រោះ​រាំង​ស្ងួត ដូច​ជា​ភូមិ​ច្រប់ ជាដើម ដែល​មាន​ទីតាំង​ឆ្ងាយ​ពី​ប្រភព​ទឹក។ លោក​ថា ប្រសិន​បើ​មាន​ប្រភព​ទឹក​គ្រប់គ្រាន់ ការ​ដាំដុះ​របស់​អ្នក​ភូមិ អាច​មាន​សន្ទុះ​ខ្លាំង​ជាង​បច្ចុប្បន្ន៖ «ជួប​គ្រោះ​រាំង​ស្ងួត​ដែរ​ហ្នឹង។ នៅ​ខ្ញុំ​នេះ រាំង​ស្ងួត​តាំង​ពី​ថ្ងៃ១៥ ខែ៦ រហូត​មក​ដល់​ថ្ងៃ២០ ខែ៨ បាន​ចាប់​មាន​ភ្លៀង​វិញ។ ដល់​អ៊ីចឹង អា​កន្លែង​ដែល​នៅ​ឆ្ងាយៗ​វា​ខូច​អស់​មួយ​ចំនួន ប៉ុន្តែ​កន្លែង​ដែល​នៅ​ជិត​ទំនប់ យើង​អាច​ជួយ​បាន​ប្រមាណ​ជាង ៦០% ដែរ»

អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ សុខា បាន​ឲ្យ​ដឹង​ថា ជាទូទៅ​ផល​ដំណាំ​ស្រូវ​ក្នុង​ខេត្ត​ពោធិ៍សាត់ មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់។ ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ បើ​ទោះ​បី​ជា​ខេត្ត​ពោធិ៍សាត់ បាន​ជួប​គ្រោះ​រាំង​ស្ងួត​ក្ដី ក៏​ខេត្ត​នេះ​មាន​សល់​ស្រូវ​សម្រាប់​នាំ​ចេញ​ចំនួន ១៧២.០៦២​តោន ផង​ដែរ។ ហើយ​សម្រាប់​ឆ្នាំ​២០១២ នេះ គិត​ត្រឹម​ខែ​កញ្ញា ខេត្ត​ពោធិ៍សាត់ បង្កបង្កើន​ផល​បាន​លើស​ផែនការ​យ៉ាង​ច្រើន បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១១៖ «ឆ្នាំ​នេះ ស្រូវ​សន្ទូង និង​ស្រូវ​ពង្រោះ សម្រេច​បាន​១០៨.២៨៥​ហិកតារ ស្មើ​នឹង ១១០,៤៩% នៃ​ផែនការ គឺ​មាន​កំណើន ១០.២៨៥​ហិកតារ។ ឯ​ដំណាំ​រួម​ផ្សំ សម្រេច​បាន ២៧២,៧១% នៃ​ផែនការ​ប្រចាំ​ឆ្នាំ កើន​ឡើង ៨.១៣០​ហិកតារ»

របាយការណ៍​ស្ដីពី​ស្ថានភាព​ខេត្ត​ឆ្នាំ​២០១០ ដែល​រៀបចំ​ដោយ​មន្ទីរ​ផែនការ​ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​ថា ៨៥,៦៩% នៃ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​នេះ ប្រកប​របរ​កសិកម្ម។ ខេត្ត​នេះ​មាន​ប្រជាជន ៤៣៦.០០១​នាក់ និង​មាន​ផ្ទៃដី​បង្កបង្កើន​ផល​ស្រូវ ៦១១.៨៨០​ហិកតារ ដែល​ក្នុង​នោះ​ចែក​ចេញ​ជា​បី​ប្រភេទ​ដី គឺ​ដី​ស្រែ​ប្រាំង ដី​ស្រែ​វស្សា និង​ផ្ទៃ​ដី​ស្រូវ​ចម្ការ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។