កម្ពុជា​បង្កើត​សហព័ន្ធ​នាំ​ចេញ​អង្ករ​ដើម្បី​ជំរុញ​ការ​នាំចេញ

ដើម្បី​ដោះស្រាយ​បញ្ហា​នាំ​ចេញ​អង្ករ ក្រុម​អ្នក​នាំ​ចេញ​អង្ករ​មួយ​ចំនួន​បាន​កំពុង​បង្កើត​ក្រុម​អ្នក​នាំ​ចេញ​អង្ករ ឬ​សហព័ន្ធ​នាំ​ចេញ​អង្ករ​នៅ​កម្ពុជា ដែល​យន្តការ​នេះ​មាន​សារសំខាន់​ចំពោះ​អ្នក​នាំ​ចេញ​អង្ករ ដើម្បី​ឈាន​ដល់​ការ​សម្រេច​បាន​នូវ​គោល​ដៅ​នាំ​ចេញ​អង្ករ​នៅ​ឆ្នាំ​២០១៥ ខាង​មុន​នេះ​ផង​ដែរ។

0:00 / 0:00

កម្ពុជា​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​ការ​នាំ​ចេញ​អង្ករ ១លាន​តោន នៅ​ឆ្នាំ​២០១៥។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ការ​សម្រេច​ឲ្យ​បាន ត្រូវ​បាន​មតិ​ជា​ច្រើន​អះអាង​ថា អាច​ទៅ​រួច ដោយ​រដ្ឋាភិបាល​បាន​ជួយ​សម្រួល​ជា​ច្រើន ដើម្បី​លើក​កម្ពស់​ដល់​ការ​នាំ​ចេញ​នេះ ដូច​ជា​ការ​លើក​លែង​ពន្ធ​នាំ​ចេញ និង​ការ​មិន​យក​ពន្ធ​នាំ​ចូល​បច្ចេកទេស​កសិកម្ម​ជា​ដើម។ ប៉ុន្តែ​មតិ​ខ្លះ​ថា នៅ​កម្ពុជា​ខ្វះ​ម៉ាស៊ីន​កែ​ច្នៃ​ទំនើប ដើម្បី​កែ​ច្នៃ​នាំ​ចេញ រួម​ទាំង​ខ្វះ​ថវិកា​ដើម្បី​ប្រមូល​ទិញ​ស្រូវ​ផង។

ប៉ុន្តែ​បញ្ហា​ទាក់​ទង​ការ​ខ្វះ​ថវិកា​ដើម្បី​ប្រមូល​ទិញ​ស្រូវ​នេះ រដ្ឋាភិបាល​បាន​ជួយ​គាំទ្រ​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ការ​ប្រមូល​ទិញ​ស្រូវ តាម​រយៈ​ធនាគារ​អភិវឌ្ឍ​ជនបទ និង​គម្រោង​ចែក​រំលែក​ហានិភ័យ (Risk Sharing Scheme) ដែល​សហការ​ជា​មួយ​ធនាគារ​ឯកជន​ធំៗ​មួយ​ចំនួន​នៅ​កម្ពុជា ដើម្បី​ឲ្យ​អ្នក​វិនិយោគ​នៅ​កម្ពុជា​ខ្ចី​ទុន​ដើម្បី​ប្រមូល​ទិញ​ស្រូវ និង​កែ​ច្នៃ​អង្ករ​នាំ​ចេញ។

ទោះ​យ៉ាង​នេះ​ក្ដី ដោយ​សារ​ការ​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល បាន​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ និង​កែ​ច្នៃ​អង្ករ​ជា​ច្រើន​បាន​នឹង​កំពុង​ផលិត​ដើម្បី​ទីផ្សារ​នៅ​ខាង​ក្រៅ ជា​ពិសេស សហរដ្ឋអាមេរិក (USA) និង​សហភាព​អ៊ឺរ៉ុប (EU) ជា​ដើម។ ប៉ុន្តែ​បណ្ដា​ក្រុម​ហ៊ុន​នាំ​ចេញ​អង្ករ​ទាំង​នោះ​បាន​អះអាង​ថា ការ​កែច្នៃ​អង្ករ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា ថ្លៃ​អគ្គិសនី​ខ្ពស់​ពេក និង​តម្លៃ​កំពង់​ផែ ក៏​មាន​ការ​ថ្លៃ​ជាង​ឆ្នាំ​មុន។

ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ​ខ្មែរ​ហ្វូត (Khmer Food) លោក ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​ថា តម្លៃ​កំពង់​ផែ គឺ​មាន​តម្លៃ​ខ្ពស់​ជាង​ឆ្នាំ​មុន និង​បញ្ហា​មួយ​ទៀត គឺ​ប្រភេទ​ស្រូវ​របស់​កសិករ​ដែល​ដាំ​រៀង​រាល់​ឆ្នាំ គឺ​ជា​ប្រភេទ​ស្រូវ​ចម្រុះ ជា​មូល​ហេតុ​ធ្វើ​ឲ្យ​ការ​កិន​ជា​អង្ករ​មិន​មាន​គុណភាព​ល្អ​ជា​ដើម។

លោក ឧកញ៉ា គឹម សាវុធ ៖ «ក្រុមហ៊ុន​ដែល​នាំ​ចេញ​អង្ករ សុំ​ឲ្យ​គិត​ភ្លើង​ជា​លក្ខណៈ​ពិសេស កុំ​ឲ្យ​ថ្លៃ​ដូច​តម្លៃ​ធម្មតា ប៉ុន្តែ​ការ​អំពាវ​នាវ​របស់​សម្ដេច មិន​ដឹង​ទៅ​ណា គឺ​តម្លៃ​ភ្លើង​នៅ​តែ​ដូច​គេ ដូច​ឯង​ដែរ ថ្លៃ​ហើយ រលត់​ទៀត គឺ​មិន​ត្រឹម​តែ​ថ្លៃ​ទេ»

លោក ឧកញ៉ា គឹម សាវុធ មាន​ប្រសាសន៍​បន្ត​ថា គោល​នយោបាយ​នាំ​ចេញ​អង្ករ​របស់​រដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​កាល​ពី​ឆ្នាំ​២០១០ គឺ​បាន​ជួយ​យ៉ាង​ច្រើន​ទាក់​ទង​នឹង​ការ​សម្រួល​ដល់​ដំណើរ​ការ​នាំ​ចេញ​ទាក់​ទង​នឹង​រដ្ឋាភិបាល ប៉ុន្តែ​លោក ឧកញ៉ា សង្ឃឹម​ថា ការ​បង្កើត​ក្រុម​អ្នក​នាំ​ចេញ​អង្ករ​នេះ នឹង​ធ្វើ​ឲ្យ​ការ​ចំណាយ​ផ្សេងៗ ត្រូវ​បាន​កាត់​បន្ថយ ដូច​ជា​តម្លៃ​អគ្គិសនី ដឹក​ជញ្ជូន និង​ការ​រក​ទីផ្សារ​ជា​ដើម។

ទីប្រឹក្សា​ឧត្ដម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ លោក បណ្ឌិត ម៉ៃ កល្យាណ មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​ចំនួន​រោង​ម៉ាស៊ីន​ច្រើន​គ្រប់​គ្រាន់​ដែល​មាន​សមត្ថភាព​កិន​អង្ករ​នាំ​ចេញ​បាន ប៉ុន្តែ​ការ​នាំ​ចេញ​អង្ករ​នោះ​ត្រូវ​តែ​មាន​ផល​ចំណេញ ដោយ លោក បណ្ឌិត មាន​ប្រសាសន៍​បន្ត​ថា តម្លៃ​អង្ករ​ធម្មតា មាន​តម្លៃ​ខ្ពស់​ជាង​ប្រទេស​នាំ​ចេញ​ប្រមាណ ៥០ដុល្លារ​អាមេរិក។

លោក បន្ត​ថា តម្លៃ​ដែល​ធ្វើ​ឲ្យ​មាន​ការ​តម្លៃ​នៃ​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា​ឡើង​ខ្ពស់ គឺ​បណ្ដាល​មក​ពី​ដំណើរ​ការ​ផលិត​អង្ករ​តាំង​ពី​ដំបូង​រហូត​នាំ​ចេញ មាន​តម្លៃ​ខ្ពស់។ លោក​បញ្ជាក់​ថា បើ​ទោះ​ជា​តម្លៃ​ទិញ​ស្រូវ​ពី​កសិករ​មាន​តម្លៃ​ទាប ក៏​ប៉ុន្តែ​​​ការ​ឡើង​ថ្លៃ គឺ​ទាក់​ទង​យន្តការ​ផលិត និង​កែ​ច្នៃ​អង្ករ​នាំ​ចេញ​ទាំង​នោះ។

លោក បណ្ឌិត ម៉ៃ កល្យាណ៖ «តាម​ខ្ញុំ​លឺ ម៉ាស៊ីន​កិន​ស្រូវ​សឹង​តែ​មាន​គ្រប់​គ្រាន់ ដើម្បី ១លាន​តោន ក៏​ប៉ុន្តែ យើង​មាន​ម៉ាស៊ីន​កិន​ស្រូវ យើង​មាន​កំពង់​ផែ ប៉ុន្តែ តម្លៃ​ស្រូវ​អង្ករ​វា​ថ្លៃ​ពេក គេ​អត់​ទិញ។ មិន​មែន​គ្រាន់​តែ​យើង​មាន​កំពង់​ផែ​នាំ​ចេញ នាំ​ចេញ​ខាត​ក៏​នាំ​ចេញ​ដែរ គឺ​អត់​កើត​ទេ​អា ហ្នឹង»

លោក បណ្ឌិត ម៉ៃ កល្យាណ មាន​ប្រសាសន៍​ថា ការ​បង្កើត​សហព័ន្ធ​អ្នក​នាំ​ចេញ​នេះ គឺ​រដ្ឋាភិបាល​បាន​លើក​ទឹក​ចិត្ត​ឲ្យ​បង្កើត ដោយ​លោក​បញ្ជាក់​ថា ចំនួន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប គឺ​ត្រូវ​បាន​បង្កើត​ជា​ច្រើន ដែល​កត្តា​នេះ​បញ្ជាក់​ថា គោល​សមត្ថភាព​ផលិត​កែ​ច្នៃ​អង្ករ​នាំ​ចេញ​បាន ប៉ុន្តែ​ឧបសគ្គ​ផ្សេងៗ អ្នក​ដែល​ពាក់​ព័ន្ធ​ផ្សេងៗ​ត្រូវ​ចូល​រួម​ដោះស្រាយ​ទាំង​អស់​គ្នា ដូច​ជា​កាត់​បន្ថយ​ថ្លៃ​អគ្គិសនី​ បែប​បទ​នាំ​ចេញ ថ្លៃ​ដឹក​ជញ្ជូន​ជា​ដើម។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក បណ្ឌិត ម៉ៃ កល្យាណ បញ្ជាក់​ថា ការ​បង្កើត​សហព័ន្ធ​អ្នក​នាំ​អង្ករ​នោះ គឺ​ត្រូវ​តែ​បង្កើន​សមត្ថភាព​របស់​ខ្លួន ដើម្បី​ចរចា និង​ស្វែង​រក​ទី​ផ្សារ​ដោយ​ខ្លួន​ឯង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មាន​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ក៏​បាន​គាំទ្រ​ចំពោះ គោលការណ៍​នាំ​ចេញ​អង្ករ របស់​រដ្ឋាភិបាល ដែល​បាន​ដាក់​ចេញ​នេះ​ដែរ។

លោក បណ្ឌិត ម៉ៃ កល្យាណ៖ «ការ​បង្កើត​សហព័ន្ធ​នាំ​ចេញ​នេះ គឺ​ជា​រឿង​សំខាន់ ប៉ុន្តែ​គេ​ធ្វើ​បាន ឬ​មិន​បាន​ខ្ញុំ​អត់​ដឹង​ទេ។ ការ​ងារ​ហ្នឹង មិន​មែន​ធ្វើ​ភ្លាម​បាន​ភ្លាម​ទេ វា​មាន​មនុស្ស​ចេះ​ដឹង​ឬ​អត់ ធ្លាប់​ទៅ​រក​ទីផ្សារ​ឬ​អត់ ចេះ​អង់គ្លេស​ឬ​អត់។ ខ្ញុំ​ធ្លាប់​ទៅ​ជា​មួយ​ម៉ាស៊ីន​កិន​ស្រូវ​មួយ​ចំនួន ទៅ​បរទេស ពួក​ហ្នឹង​ អង់គ្លេស ក៏​អត់​ចេះ ចេញ​ទៅ​ដល់​បរទេស អា Name Card ក៏​អត់​មាន។ មិន​បាច់​និយាយ​ឡើយ អា Sample អង្ករ​ទៅ​លក់​ឲ្យ​គេ គឺ​ថា​អត់​ចេះ​ប្រូ។ ដល់​យើង​រក​ស៊ី​ជា​មួយ​បរទេស​អញ្ចឹង ម៉េច​កើត គឺ​យើង​ខ្វះ​សមត្ថភាព ខ្វះ​Experience ហ្នឹង​ខ្លាំង»

សេដ្ឋវិទូ​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក ប្រចាំ​កម្ពុជា លោក ជា ហួត មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​ គោល​នយោបាយ​នាំ​ចេញ​អង្ករ​នេះ ឃើញ​មាន​សញ្ញា​វិជ្ជមាន​ជា​ច្រើន ហើយ​ធនាគារ​ពិភពលោក​នឹង​ចាំ​គាំទ្រ​ចំពោះ​គោល​នយោបាយ​នេះ ឲ្យ​មាន​ភាព​ជោគ​ជ័យ​នៅ​ពេល​អនាគត ។

រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក បណ្ឌិត ហង្ស ជូនណារុន បាន​ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ពិភពលោក​មាន​វិបត្តិ​ផ្សេង ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ក្នុង​ឆ្នាំ​២០១១ កន្លង​ទៅ ដោយ​សារ​តែ​គោល​នយោបាយ​នាំចេញ​អង្ករ​នេះ អនុវត្ត​បាន​ជោគ​ជ័យ ជា​ពិសេស​ការ​នាំ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប។

លោក បណ្ឌិត ហង្ស ជូនណារុន៖ «គោល​នយោបាយ​នាំ​ចេញ​អង្ករ​ហ្នឹង អនុវត្តន៍​ទៅ​ជោគ​ជ័យ ហើយ​យើង​ផលិត​ស្រូវ​ឥឡូវ​នេះ មាន​ចំនួន ៨.៥លាន​តោន និង​ការ​នាំ​ចេញ​អង្ករ​នោះ គឺ​កើន​ឡើង​បី​ដង និង​៨០% នាំ​ចេញ​ទៅ​សហគមន៍​អ៊ឺរ៉ុប»

របាយការណ៍​របស់​ធនាគារ​ពិភព​លោក ឆ្នាំ​២០១២ ការ​ចាប់​យក​កំណើន​ថ្មី បាន​បង្ហាញ​ថា​ការ​នាំ​អង្ករ ចេញ បាន​កើន​ឡើង​យ៉ាង​លឿន​ក្នុង​ឆ្នាំ​២០១១ ដែល​កំណើន​ប្រចាំ​ឆ្នាំ​មាន​ចំនួន ២៥០​ភាគរយ ដែល​បាន​នាំ​ចេញ​ចំនួន ១សែន ៨ម៉ឺន​តោន​ ក្នុង​ឆ្នាំ​កន្លង​ទៅ ទោះ​បី​មាន​គ្រោះ​ទឹក​ជំនន់​កន្លង​ទៅ ក៏​ផលិតកម្ម​ស្រូវ​បាន​គេ​រំពឹង​ថា ទិន្នផល​ស្រូវ​កើន​ឡើង​ទាំង​រដូវ​ប្រាំង និង​វស្សា ព្រម​ទាំង​កើន​ឡើង​នៃ​ផ្ទៃ​ដី​ដាំ​ដុះ​ផង​ដែរ។

របាយការណ៍​ដដែល​បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​នោះ ដោយ​សារ​ចំនួន​រោង​ម៉ាស៊ីន​កិន​ស្រូវ​ទំនើប​ជា​ច្រើន ដែល​បាន​បង្កើន​បរិមាណ​ផលិត​ផង​ដែរ។

អ្នក​សេដ្ឋកិច្ច​កម្ពុជា​យល់​ឃើញ​ថា ថ្វី​ត្បិត​តែ​ការ​នាំ​ចេញ​អង្ករ ទៅ​សហគមន៍​អឺរ៉ុប ទទួល​បាន​ការ​លើក​លែង​ពន្ធ​ក៏​ដោយ ប៉ុន្តែ​ការ​លើក​លែង​មិន​មាន​ជា​រៀង​រហូត​នោះ​ទេ។ ដូច្នេះ​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស តាម​រយៈ​ការ​ប្រកួត​ប្រជែង គឺ​ជា​កត្តា​សំខាន់​ដើម្បី​ទទួល​បាន​ស្ថិរភាព​នៃ​ការ​នាំ​ចេញ​អង្ករ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។