ប្រមុខរដ្ឋាភិបាលកម្ពុជា បានថ្លែងថា កម្ពុជាត្រូវដោះស្រាយបញ្ហាប្រឈមប្រមាណ ៨ចំណុចជាសំខាន់ ដើម្បីជំរុញដល់ផែនការនាំអង្ករចេញរបស់រដ្ឋាភិបាលទៅកាន់ទីផ្សារអន្តរជាតិឲ្យបានជាងមួយលានតោននៅឆ្នាំ២០១៥ ខាងមុខនោះ។
ថ្លែងនៅក្នុងពិធីបើកវេទិកានៃកិច្ចពិភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាលលើកទី១៦ នៅថ្ងៃពុធ ទី២៣ វិច្ឆិកា នៅវិមានសន្តិភាព រាជធានីភ្នំពេញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីបញ្ហាប្រឈមដែលនឹងត្រូវដោះស្រាយប្រមាណ ៨ចំណុចនោះ ចំពោះមុខមន្ត្រីពាក់ព័ន្ធ និងអ្នកវិនិយោគទុនធំៗនៅកម្ពុជា និងបានជំរុញឲ្យមានយន្តការដោះស្រាយជាបន្ទាន់។
លោក ហ៊ុន សែន៖ «ជារួម ការវិនិយោគជាច្រើនពាក់ព័ន្ធនឹងការកែច្នៃស្រូវ ប៉ុន្តែទំហំ និងល្បឿននៃការកែច្នៃស្រូវនេះមិនទាន់មានសន្ទុះដូចការចង់បានរបស់រដ្ឋាភិបាលឡើយ»។
ក្រៅពីបញ្ហាបង្កើតកន្លែងបច្ចេកទេសកែច្នៃស្រូវ និងបញ្ហាជាច្រើនទៀតនោះ គឺបញ្ហាកង្វះខាតផ្នែកហិរញ្ញប្បទាននៅតែជាបញ្ហាចម្បងដែលត្រូវខិតខំដោះស្រាយឲ្យបាន ពីព្រោះបញ្ហាជាការធ្វើឲ្យរាំងស្ទះដល់ម្ចាស់រោងមាស៊ីនកិនស្រូវ ពុំមានលទ្ធភាពទិញស្រូវ ឬអង្ករពីប្រជាកសិករបានគ្រប់គ្រាន់តាមតម្រូវការ ហើយបញ្ហានេះបានបណ្តាលឲ្យទិន្នផលស្រូវរបស់កម្ពុជា បានហូរចេញទៅប្រទេសជិតខាង។
លោកបន្តថា ទន្ទឹមនឹងនេះ យន្តការដាក់ចេញរបស់រដ្ឋាភិបាលលើបញ្ហានេះកន្លងមកនៅមិនទាន់គ្រប់គ្រាន់នៅឡើយ។ ម្យ៉ាងទៀតការដោះស្រាយបញ្ហាទាំងនេះកំពុងមានលក្ខណៈស្មុគស្មាញ ហើយត្រូវមានការដោះស្រាយបន្ទាន់។
បញ្ហានេះក៏ទាមទារឲ្យមានការចូលរួមពីធនាគារពាណិជ្ជ និងការស្វែងរកអ្នកវិនិយោគក្នុង និងក្រៅប្រទេស។ ក្រៅពីនេះទៀតបញ្ហាការសិក្សាពីទីផ្សារ តម្លៃអគ្គិសនី និងបញ្ហាសមាគមកែច្នៃអង្ករ នៅមិនទាន់មានកិច្ចសហការគ្នាឲ្យបានល្អនៅឡើយនោះក៏ជាបញ្ហាចោទជាសំខាន់ និងជាការដាក់កំហិតមួយដល់សមត្ថភាពនៃផែនការផលិតអង្ករនាំចេញនេះដែរ។
បញ្ហាទីផ្សារ និងការប្រកួតប្រជែងជាអន្តរជាតិ ការទទួលបានព័ត៌មានទីផ្សារអង្ករនៅតែជាឧបសគ្គ ដោយសារអង្គភាពព័ត៌មានស្រូវ អង្ករ មិនទាន់បានបង្កើតឡើងនៅឡើយ៖ «ផ្នែកទីផ្សារ ទោះបីក្រសួង និងផ្នែកពាក់ព័ន្ធបានយកចិត្តទុកដាក់ និងបានខិតខំរកទីផ្សារសម្រាប់ទីផ្សារអង្ករកម្ពុជាក្ដី ប៉ុន្តែបញ្ហាទីផ្សារនៅតែជាបញ្ហាប្រឈមមួយដែលចាំបាច់ត្រូវទាមទារត្រូវដោះស្រាយលើបញ្ហាមួយចំនួន ដូចជាការបើកច្រកទ្វេភាគី»។
ទាក់ទិននឹងបញ្ហានេះ លោក ឆុង សុផល អ្នកសម្របសម្រួលក្រុមផលិតស្រូវរបស់អង្គការសេដាក។ លោកមានប្រសាសន៍ថា បញ្ហាគ្រោះធម្មជាតិនៅតែជាឧបសគ្គដល់គម្រោងដាំដុះនានា ជាពិសេសការផលិតស្រូវអង្ករនាំចេញ បើសិនជាគ្រោះធម្មជាតិនេះនៅតែបន្តគំរាមកំហែងនៅឆ្នាំខាងមុខទៀត៖ «ដោយសារផ្ទៃដីកសិកម្មយើងអត់ទាន់បានពង្រីកច្រើនទេ គឺនៅតែ ២,៧លានហិកតារដដែលទេ ហើយត្រូវការឲ្យរដ្ឋាភិបាលកែលំអប្រព័ន្ធដឹកជញ្ជូនអីអ៊ីចឹងដែរ»។
អគ្គនាយកក្រុមហ៊ុននាំអង្ករចេញមួយឈ្មោះ បៃតង (Green Trade) លោក ធន់ វីរៈ មានប្រសាសន៍ថា បញ្ហាគ្រោះធម្មជាតិមិនអាចប៉ះពាល់ដល់ដំណើរការនាំអង្ករចេញនោះទេ។ តែទោះយ៉ាងណា ក្នុងដំណើរការនេះនៅតែមានឧបសគ្គមួយចំនួននៅឡើយ ដូចជាបញ្ហាការស្វែងរកពូជស្រូវតម្រូវតាមទីផ្សារអន្តរជាតិ និងការបញ្ចុះបញ្ចូលឲ្យកសិករប្ដូរឥរិយាបថពីទម្លាប់ចាស់មកទទួលនូវបច្ចេកទេសថ្មី។
លោក ធន់ វីរៈ៖ «ចំពោះខ្ញុំជាក្រុមហ៊ុនសំខាន់បំផុតគឺបញ្ហាពូជ ពីព្រោះពូជវាពាក់ព័ន្ធនឹងតម្រូវការរបស់ទីផ្សារទីមួយ។ ទី២ បញ្ហាម៉ាស៊ីនសម្ងួត ដើម្បីយើងធ្វើម៉េចទិញឲ្យទាន់នៅទីផ្សារ ដើម្បីប្រកួតប្រជែងជាមួយឈ្មួញក្រៅប្រទេសទាំងពីរ។ មួយទៀតដែលវាពាក់ព័ន្ធនឹងម៉ាស៊ីនហ្នឹង គឺតម្លៃអគ្គិសនី។ តម្លៃអគ្គិសនីវាថ្លៃ ធ្វើឲ្យតម្លៃនាំចេញយើងវាកើនធ្វើឲ្យពិបាកប្រកួតប្រជែងនៅលើទីផ្សារ»។
ដើម្បីដោះស្រាយបញ្ហាទាំងនេះ ប្រមុខរដ្ឋាភិបាលបានដាក់ចេញនូវវិធានការបន្ទាន់ជាច្រើន ក្នុងនោះបានតម្រូវឲ្យក្រសួងកសិកម្មរៀបចំកម្មវិធីផ្ដល់ហិរញ្ញប្បទាន ដើម្បីបង្កើនការផលិតគ្រាប់ពូជសុទ្ធល្អ ដែលមានទិន្នផលខ្ពស់ ផ្សព្វផ្សាយពីបច្ចេកទេសឲ្យបានទូលំទូលាយ និងដោះស្រាយបញ្ហាពាក់ព័ន្ធដទៃទៀតឲ្យបានមុនដំណាច់ឆ្នាំ២០១១ នេះ។ ជំរុញឲ្យក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងក្រុមហ៊ុនអគ្គិសនីនានា ការតភ្ញាប់បណ្ដាញថាមពលអគ្គិសនី ឲ្យបានទៅដល់តំបន់កែច្នៃស្រូវ និងត្រូវពិនិត្យតម្លៃតភ្ជាប់ និងតម្លៃប្រើប្រាស់ចរន្តអគ្គិសនីដោយកែសម្រួលតម្លៃទៅតាមកម្រិតនៃការប្រើប្រាស់របស់រោងម៉ាស៊ីនកិនស្រូវនីមួយៗ៖ «ហ្នឹងត្រូវពិនិត្យលទ្ធភាពបន្ថយតម្លៃតភ្ជាប់ និងតម្លៃប្រើប្រាស់ចរន្តអគ្គិសនី ដោយកែសម្រួលតម្លៃទៅតាមកម្រិតនៃការប្រើប្រាស់សម្រាប់រោងម៉ាស៊ីនកិនស្រូវ»។
ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានជំរុញលើវិស័យគមនាគមន៍ ដូចជាស្តារផ្លូវដែរ និងជំរុញការប្រើប្រាស់កំពង់ផែ ក្រុងភ្នំពេញ ឲ្យក្លាយជាច្រកនាំអង្ករចេញមួយដ៏សំខាន់។ ហើយទន្ទឹមនេះ ក្រសួងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធត្រូវស្វែងរកការចរចាជាមួយប្រទេសវៀតណាម ដើម្បីឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀង លើពិធីស្ដីពីការដឹកទំនិញឆ្លងកាត់តាមដងទន្លេមេគង្គ ដែលអាចនាំអង្ករកម្ពុជាចេញ ដោយប្រើប្រាស់ច្រកឆ្លងកាត់តាមកំពង់ផែរបស់វៀតណាម បានដោយងាយស្រួលផង និងបានរួចកាតព្វកិច្ចបង់ពន្ធផ្សេងៗផង៕