«កម្មករគ្នាលំបាកដែរ ព្រោះអីប្រាក់ខែមិនឡើងថ្លៃ បាយឡើងថ្លៃ មុនលក់តែ ៥០០ទេ ឥឡូវមួយចាន ១ពាន់ជាង វាមានការលំបាកដែរ ខ្លះគ្មានលុយហូបដែរ» ៖ នេះគឺជាសម្ដីរបស់ស្រ្តីម្នាក់ដែលសុំមិនបញ្ចេញឈ្មោះហើយដែលប្រកបរបរលក់បាយសម្លដល់កម្មករនៅតំបន់រោងចក្រកាត់ដេរក្នុងខណ្ឌឫស្សីកែវ ក្រុងភ្នំពេញ ។
ស្ត្រីដដែលបានបន្តទៀតថាការដែលអង្ករនិងទំនិញសព្វសារពើឡើងថ្លៃខ្ពស់ក្នុងអំឡុងពេលប៉ុន្មានខែកន្លងទៅនេះ បានធ្វើឲ្យរូបគាត់ក៏ដូចជាអ្នកលក់ដូរដទៃទៀតមានការពិបាកយ៉ាងខ្លាំង មានខែខ្លះគាត់ត្រូវបង់ខាតបាត់ដើមបាត់ចុង ៖ «ទូទាត់ទៅមិនទៀងដែរ ជួនកាលខាត ជូនកាលទប់ទល់ ។ បានឲ្យតែកូនរៀនទៅបានហើយ គ្មានសល់លុយទេ ទំនិញឡើងថ្ងៃ ស្អីឡើងថ្លៃមួយចប់» ។
អ្នកនាង ប៉ិច ហ៊ន ជាកមុ្មការិនីដែលកំពុងតែរស់នៅនិងធ្វើការក្នុងរោងចក្រមួយនាតំបន់នោះដែរ បានឲ្យដឹងថា ចាប់តាំងតែពីអង្ករឡើងថ្លៃខ្ពស់មកនោះ អ្នកនាងពុំដែលបានទិញអង្ករនៅទីក្រុង ភ្នំពេញទេ ដោយអ្នកនាងបានសុំឲ្យម្ដាយរបស់អ្នកនាងផ្ញើអង្ករពីស្រុកកំណើតនៅឯជនបទមកផ្គត់ផ្គង់ការហូបចុករបស់អ្នកនាងនៅទីក្រុងភ្នំពេញទៅវិញ ៖ «យើងធ្វើការក៏បានតិច មិនគ្រប់គ្រាន់ទេមើលទៅ ។ អង្ករមិនដែលទិញទេ យកតែពីផ្ទះមក» ។
រូបកាយស្គមស្គាំងទម្រេតខ្លួនក្នុងរ៉ឺម៉កម៉ូតូកង់បីរង់ចាំម៉ូយប្រកបដោយក្ដីអស់សង្ឃឹម លោក ធួក យ៉យ បានប្រាប់វិទ្យុអាស៊ីសេរីថា ដោយមានដីស្រែតិចតួចពេក លោកព្រមទាំងក្រុមគ្រួសារបានសម្រេចចិត្តចាកចេញពីផ្ទះសម្បែងនៅឯខេត្តព្រៃវែង មកប្រកបរបររត់ម៉ូតូកង់បីនៅទីក្រុងភ្នំពេញ ។
លោក ធួក យ៉យ បានឲ្យដឹងថា ៖ «អង្ករ សាំង វាឡើងថ្លៃ ដល់អ៊ីចឹងប្រពលរដ្ឋខ្មែរយើងពិបាកវេទនាណាស់ ក្រីក្រអ៊ីចឹង រកព្រឹកបានព្រឹក រកល្ងាចបានហូបល្ងាច អត់មានសល់លុយតម្កល់ឈឺចាប់ទៅថ្ងៃក្រោយ!» ។
ចំណែកឯអ្នកស្រី ទី ពិសី ជាអ្នកប្រកបរបរលក់បាយសម្លនៅតាមដងផ្លូវក្នុងទីក្រុងភ្នំពេញ បានមានប្រសាសន៍ថា ការដែលអង្ករឡើងថ្លៃមិនបានបង្ករការលំបាកដល់ការលក់ដូររបស់អ្នកស្រីប៉ុន្មានទេ ព្រោះថាអង្ករឡើងថ្លៃ អ្នកស្រីក៏លក់បាយសម្លឡើងថ្លៃទៅតាមនោះដែរ ៖ «បាយលក់ធម្មតាតែដំឡើងលុយ កាលមុនបាយមួយចាន ៥០០ ឥឡូវ១ពាន់បាយស» ។
អ្នកស្រី ដា ជាអ្នកលក់អង្ករនៅផ្សារបឹងកេងកង ក្រុងភ្នំពេញ បានឲ្យដឹងថា ការដែលអង្ករឡើងថ្លៃពិតជាបានបង្ករការលំបាកដល់មុខរបររបស់អ្នកស្រី ៖ «ខ្ញុំយកមកថ្លៃ មិនអាចទិញលក់បានច្រើន ហើយណាមួយទិញគេជំពាក់ត ទារអត់បាន ពិបាកលក់» ។
ជាមួយនឹងការលំបាកនេះស្វាមីរបស់អ្នកស្រី ដា គឺលោក សែ គឹមសន ដែលកំពុងតែឈរលក់អង្ករនៅក្បែរអ្នកស្រីដែរនោះបានធ្វើសំណូមពរសូមឲ្យរដ្ឋាភិបាលជួយរកដំណោះស្រាយចំពោះបញ្ហានេះ ។
លោក សែ គឹមសន បានមានប្រសាសន៍ថា ៖ «សូមឲ្យរដ្ឋាភិបាលជួយទប់ស្កាត់កុំឲ្យអង្ករ និងទំនិញគ្រប់ប្រភេទឡើងថ្លៃ ព្រោះប្រជាជនថ្ងូរគ្រប់គ្នា ប្រជាជនដែលគ្នាក្រ កូនច្រើនរកលុយទិញអង្ករលែងចង់បានហូបហើយ មួយថ្ងៃមិនបានមួយរៀលទេ ខ្វះខាតមែនទែន» ។
អ្នកស្រី ដា ក៏បានឲ្យដឹងដែរថាគិតមកត្រឹមថ្ងៃទី២១ ខែឧសភា ឆ្នាំ២០០៨នេះ តម្លៃអង្ករលក់រាយគឺ ៖ អង្ករល្អលេខមួយគឺអង្ករផ្កាម្លិះលេខមួយ តម្លៃ៤២០០រៀលក្នុងមួយគីឡូក្រាម, អង្ករផ្កាម្លិះលេខពីរ តម្លៃ៣៧០០រៀលក្នុងមួយគីឡូក្រាម, អង្ករបីកំណាត់ តម្លៃ៣៧០០រៀល ក្នុងមួយគីឡូក្រាម, អង្ករផ្កាខ្ញី តម្លៃ៣៣០០រៀលក្នុងមួយគីឡូក្រាម, អង្ករនាងមិញ តម្លៃ ២៩០០រៀលក្នុងមួយគីឡូក្រាម និងអង្ករធម្មតា តម្លៃ២២០០រៀលក្នុងមួយគីឡូក្រាម ។
ចំណែកលោក ង៉ើយ ហឺង ជាអាជីវកររស់នៅឯខេត្តបាត់ដំបងដែលប្រកបរបរនាំអង្ករចេញទៅប្រទេសថៃ និងប្រទេសវៀតណាម បានមានប្រសាសន៍ថាក្នុងគ្រាដែលអង្ករឡើងថ្លៃ ការជួញដូររបស់លោកមានការធ្លាក់ចុះ ។ ក្នុងនាមរូបលោកជាអ្នកជំនួញផងនិងជាកសិករផងនោះ លោកបានអំពាវនាវសូមឲ្យរដ្ឋាភិបាលចាត់វិធានការលើកទឹកចិត្តដល់កសិករ ។
លោក ង៉ើយ ហឺង បានឲ្យដឹងថា ៖ «បើសិនជារដ្ឋាភិបាលយើងមិនរកទីផ្សារឲ្យប្រជាពលរដ្ឋហ្នឹងទេ កសិករដែលគេផលិតបានខ្លួនគេហើយ គេរកបានខ្លួនគេ ឲ្យគេលក់បានតាមធម្មតាទៅកុំឲ្យបិទគេ» ។
នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា គឺលោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា អ្នកដែលរងនូវផលប៉ះពាល់ខ្លាំងជាងគេអំពីការដែលអង្ករឡើងថ្លៃ គឺអ្នកដែលត្រូវទិញអង្ករបរិភោគ ហើយជាអ្នកដែលមានប្រភពចំណូលទាប ដូចជាកម្មករនិងកសិករដែលមិនអាចផលិតស្រូវបានហូបគ្រប់គ្រាន់ ។ លោកបណ្ឌិតក៏បានបង្ហើបឲ្យដឹងដែរថាតើអ្នកណាមានប្រៀបជាងអ្នកណាក្នុងគ្រាដែលអង្ករឡើងថ្លៃនេះ ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានមានប្រសាសន៍ថា ៖ «ក្នុងកាលៈទេសៈនេះអ្នកដែលមានប្រៀបជាងគេ គឺអ្នកដែលមានសមត្ថភាពក្នុងការទិញស្រូវស្តុកទុកតម្លៃវានៅទាបបានច្រើន ហើយមានសមត្ថភាពអាចនាំអង្ករចេញផ្ទាល់ទៅលក់នៅក្រៅប្រទេស» ។
លោកបានផ្ដល់ជាអនុសាសន៍ថា កសិករគួរតែរួមគ្នាចងក្រងជាសហគមន៍ដើម្បីមានលទ្ធភាពស្តុកស្រូវនិងដើម្បីទប់ស្កាត់នូវបញ្ហាខាងលើនេះ ។ ទោះយ៉ាងណាក៏ដោយលោកមានប្រសាសន៍ថា ការដែលអង្ករឡើងថ្លៃគឺជាគុណសម្បត្តិមួយដែលជួយលើកទឹកចិត្តដល់កសិករដែលជាអ្នកផលិតស្រូវ ។
លោកបណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់ថា ៖ «សំខាន់ណាស់គឺស្រុកខ្មែរយើងហ្នឹង គឺទីមួយដោយសារប្រជាជនយើងវាច្រើនជាអ្នកធ្វើស្រែ ហើយទីពីរនៅពេលស្រូវឡើងថ្លៃទៅ អាចអ្នកស្រែគាត់បានចំណូលច្រើន អ៊ីចឹងវាក៏ជាកត្តាមួយជួយជំរុញគាត់ កុំឲ្យលក់ដីអីធ្វើជាចំណាកស្រុកអ៊ីចឹងទៅ» ។
ចំណែកឯអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ គឺលោក សុខ ស៊ីណា បានមានប្រសាសន៍ថា បើនិយាយជារួមប្រទេសកម្ពុជាទទួលបាននូវផ្លែផ្កាពីការដែលអង្ករឡើងថ្លៃនេះ ។
លោក សុខ ស៊ីណា បានមានប្រសាសន៍ថា ៖ «សម្រាប់ប្រទេសកម្ពុជាយើងទាំងមូល បើយើងគិតវិភាគតាមម៉ាក្រូ គឺយើងចំណេញ ពីព្រោះយើងជាប្រទេសផលិតអង្ករ ហើយអង្ករយើងផលិតហ្នឹងវាសល់សម្រាប់ការនាំចេញ យើងមិនមែនជាប្រទេសនាំចូលអង្ករទេ ។ បើយើងជាប្រទេសនាំចូលអង្ករ យើងខាត» ។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មគឺលោក កឹម ស៊ីថន បានមានប្រសាសន៍ថា ទិន្នន័យស្រូវនាឆ្នាំកន្លងទៅគឺ ២លាន៥សែនតោន ហើយបើគិតជាអង្ករជាទិន្នផលដែលសល់ពីការហូបចុកនោះ គឺ១លាន៥សែនតោនដែលចំនួននេះប្រជាពលរដ្ឋអាចធ្វើការលក់ចេញបាន ។ ទាក់ទិនទៅនឹងបិរមាណនៃអង្ករដែលនាំចេញ លោកបញ្ជាក់ថាក្រសួងពុំមានតួលេខជាផ្លូវការទេ ។
លោក កឹម ស៊ីថន បានឲ្យដឹងថា ៖ «យើងគិតថាប្រជាជនយើងលោកអាចលក់នៅលើទីផ្សារក្នុងស្រុក ឬក៏អាចបើសិនណាជាគាត់នៅខេត្តជាប់ព្រំដែន គាត់អាចលក់ទៅឲ្យប្រទេសជិតខាងនៅព្រំដែនជាប់ ដូចយើងធ្វើកន្លងមកហ្នឹង អាហ្នឹងគេហៅថា ពាណិជ្ជកម្មតាមព្រំដែន ។ ពាណិជ្ជកម្មតាមព្រំដែនហ្នឹង គឺការកត់ត្រារបស់យើង គឺបានតិចតួចយើងមិនអាចយកជាការបានទេ» ។
រីឯការផ្អាកជាបណ្ដោះអាសន្ននូវការនាំអង្ករចេញរយៈពេលពីរខែដែលឱសានវាទនឹងឈានចូលមកដល់នៅថ្ងៃទី២៥ ខែឧសភា ហើយនេះលោកថា រដ្ឋាភិបាលកំពុងតែពិចារណាថា តើត្រូវបើកឡើងវិញឬមួយត្រូវបិទជាបន្តទៀត ៕
