ប្រជាពលរដ្ឋអ្នកតវ៉ា បានចោទមន្ត្រីមូលដ្ឋានថា បានរំលោភបំពានយកដីនោះធ្វើជាស្នាក់ការគណបក្សប្រជាជន។
អ្នកឃ្លាំមើលសិទ្ធិមនុស្សខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃអាទិត្យទី ២២ ខែមេសា ឆ្នាំ ២០១២ ថា ក្រុមប៉ូលិសមូលដ្ឋានប្រមាណ ១០ នាក់ បានព្យាយាមដណ្ដើមដបសាំងពីស្ត្រីម្នាក់ ដែលប៉ុនប៉ងយកសាំងនោះដុតគ្រឿងចក្រឈូសឆាយដីរបស់ក្រុមអាជ្ញាធរក្រុង។ ស្ត្រីនោះបានបញ្ចេញសកម្មភាព ដើម្បីការពារដីមួយកន្លែង ដែលគាត់បានកាន់កាប់ តាំងពីឆ្នាំ ១៩៨៥ រហូតមក។
បុគ្គលិកផ្នែកអង្កេតសមាគម អាដហុក (ADHOC) ខេត្តស្ទឺងត្រែង លោក ហូ សំអុល មានប្រសាសន៍បញ្ជាក់ថា ប៉ូលីសបានបញ្ឈប់សកម្មភាពប៉ុនប៉ងប្រើអំពើហិង្សានេះ បានទាន់ពេលវេលា ដោយរឹបអូសបានដបសាំងចំណុះ ៥០ សង្ទីរលីត្រចំនួន ៨ ដបពីស្ត្រីឈ្មោះ ម៉ន សម្បូរ អ្នកតវ៉ាប្រឆាំងទៅនឹងសកម្មភាពយកគ្រឿងចក្រឈួសឆាយយកដីគ្រួសារគាត់។
លោកបន្តថា អាជ្ញាធរមូលដ្ឋាន បានយកគ្រឿងចក្រប្រភេទកាយដី និងរថយន្តដឹកជញ្ជូនដីប្រមាណ ១០ គ្រឿង មកកាយនៅលើដីទួលផ្នែកខាងក្រោយដីរបស់ស្ត្រីអ្នកតវ៉ា ហើយដឹកជញ្ជូនដីចេញ និងធ្វើដីទីនោះឲ្យរាបស្មើ ដើម្បីធ្វើទីស្នាក់ការគណបក្សប្រជាជនឃុំព្រះបាទ។
លោក ហូ សំអុល៖ «ឃើញប៉ូលីសគេរត់ប្រសេចប្រសាចចាប់យកសាំងពីគាត់អ៊ីចឹង ៨ ដបកន្លះៗ លីត្រ។ អាដបទឹកសុទ្ធយើងអាតូចៗ។ យើងបានហាមគាត់អ៊ីចឹង កុំឲ្យប្រើអំពើហិង្សា»។
ដីដែលមានទំនាស់មានទំហំទទឹង ២២០ ម៉ែត្រ និងបណ្ដោយ ៦៥០ ម៉ែត្រ ឋិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ចំពោះអ្នកស្រី ម៉ន សម្បូរ អះអាងថា ដីនេះបន្សល់ពីឪពុករបស់គាត់សំរាប់ចែកកូនចៅ ៩ នាក់។ អ្នកស្រីចោទមន្ត្រីអាជ្ញាធរប្រើអំណាចរំលោភយកដីនោះ
ដោយបំពានច្បាប់។
អ្នកស្រី ម៉ន សម្បូរ៖ «ហ៊ឹៗ ខ្ញុំឈឺចាប់ណាស់!ដែលគេមកយកដីឃុំខ្ញុំគ្មានដីនៅទេនៅសល់ដីតែបន្តិចហ្នឹងហើយបងប្អូនបួនដប់នាក់គ្មានដីនៅទេ។ ខ្ញុំពិបាកចិត្តណាស់»។
យោងឯកសារដែលវិទ្យុអាស៊ីសេរីទទួលបានពីសមាគម អាដហុក ខេត្តស្ទឹងត្រែង ឲ្យដឹងថា កាលពីឆ្នាំ ១៩៩៧ លោក ម៉ែន សាម៉ន ជាឪពុករបស់ស្ត្រីឈ្មោះ ម៉ន សម្បូរ បានធ្វើលិខិតសុំកាន់កាប់ដីខាងលើ ដែលគាត់បានរស់នៅលើដីនោះ តាំងពីឆ្នាំ ១៩៨៦ មក។ ចំណែកអាជ្ញាធរភូមិ និងឃុំបានចុះហត្ថលេខាបញ្ជូនលិខិតស្នើសុំនេះ មកអាជ្ញាធរស្រុកជាអ្នកសំរេច ក៏ប៉ុន្តែក្នុងលិខិតស្នើសុំនោះមិនមានអាជ្ញាធរស្រុកសំរេចថាយ៉ាងណាទេ។
ទាក់ទិនករណីនេះ ចៅសង្កាត់ព្រះបាទ គឺលោក សិត គឹម តេង និងជាអតីតមេឃុំព្រះបាទ កាលពីឆ្នាំ ១៩៩៧។ លោកបានទទួលស្គាល់ថា ក្រុមគ្រួសារស្ត្រី ឈ្មោះ ម៉ន សម្បូរ ពិតជាបានរស់នៅលើដីទំនាស់ច្រើនឆ្នាំមែន និងបានស្នើសុំសិទ្ធិកាន់កាប់ដីនោះ ក៏ប៉ុន្តែ អាជ្ញាធរក្រុងមិនបានចុះហត្ថលេខាប្រគល់ដីនោះតាមសំណើឡើយ។
លោកបន្តថា ដីកំពុងមានទំនាស់ជាដីទីទួលសុវត្ថិភាពរបស់អ្នកភូមិ បាចុង ហើយអាជ្ញាធរក្រុងគ្រោងសាងសង់ទីស្នាក់ការគណបក្សប្រជាជនឃុំព្រះបាទនៅទីនោះ ដូច្នេះស្ត្រីអ្នកតវ៉ាអាចជួបពិភាក្សាជាមួយអាជ្ញាធរក្រុង ដើម្បីដោះស្រាយបញ្ហា។
លោក សិត គឹម តេង៖ «កន្លែងពួកខ្ញុំទៅធ្វើហ្នឹងយកធ្វើទីស្នាក់ការ ព្រោះអាហ្នឹងមិនមែនដីគាត់ទេ។ដីគាត់លក់ឲ្យតាទ្រីអស់ហើយ។ លោភលន់ពេក»។
វិទ្យុអាស៊ីសេរីនៅថ្ងៃអាទិត្យទី ២២ ខែមេសា ឆ្នាំ ២០១២ មិនអាចទាក់ទងអភិបាលក្រុងស្ទឹងត្រែង គឺលោក ផឹក សុបិន្ត ដើម្បីសុំបញ្ជាក់ពីករណីនេះបានទេ។ យ៉ាងនេះក្តីបុគ្គលិកផ្នែកអង្កេតសមាគម អាដហុក លោក ហូ សំអុល ផ្ដល់យោបល់ថា អាជ្ញាធរក្រុងគួរដោះស្រាយបញ្ហាជាមួយប្រជាពលរដ្ឋអ្នករស់នៅលើដីនេះឲ្យបានរួចរាល់សិន មុននឹងធ្វើការឈូសឆាយ ចៀសវាងការផ្ទុះឡើងនូវអំពើហិង្សា។
ចំណែកភាគីស្ត្រីរស់នៅលើដីនោះគួរប្ដឹងទៅស្ថាប័នតុលាការ ដើម្បីផ្អាកការឈូសឆាយនេះជាបណ្ដោះអាសន្ន ហើយរង់ចាំការស៊ើបអង្កេត និងការសំរេចពីស្ថាប័នតុលាការ ដើម្បីកំណត់ថា តើអ្នកណាជាម្ចាស់កម្មសិទ្ធិស្របច្បាប់លើដីនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
