លោក សុរិយា ស៊ូប៊ែឌី ទៅ​ស្ដាប់​បញ្ហា​សិទ្ធិមនុស្ស​ផ្ទាល់​នៅ​ខេត្ត​រតនគិរី

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច នៅ​ខេត្ត​រតនគិរី ស្នើសុំ​ឲ្យ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ឱ្យ​ជួយ​ផ្ដល់​សារ​ពី​ផល​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ស្ដីពី​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ជូន​ចំពោះ​រាជ​រដ្ឋាភិបាល ឱ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជា​ពលរដ្ឋ។

0:00 / 0:00

អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) នៅ​ថ្ងៃ​អាទិត្យ​ទី ៦ ខែ​កុម្ភៈ​ឆ្នាំ ២០១២ បាន​មក​បំពេញ​បេសកកម្ម​នៅ​ខេត្ត​រតនគិរី ដោយ​ផ្ដោត​ជា​សំខាន់​ទៅ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច និង​សម្បទាន​ដី​ដទៃ​ទៀត រួម​ទាំង​ផល​ប៉ះពាល់​ទៅ​លើ​សហគមន៍​មូលដ្ឋាន។

លោក​បាន​ថ្លែង​ទៅ​កាន់​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​សមុទ្ទ​លើ ឃុំ​សេដា ស្រុក​លំផាត់​ប្រមាណ ៥០ នាក់​ថា លោក​មាន​ការ​ព្រួយបារម្ភ ចំពោះ​សេចក្ដីរាយការណ៍​របស់​ប្រជា​ពលរដ្ឋ ដែល​បាន​បញ្ជាក់​ថា គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​នៅ​តំបន់​នោះ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ។

លោក សុរិយា ស៊ូប៊ែឌី៖ «ខ្ញុំ​មក​នេះ ខ្ញុំ​ចង់​ឃើញ​ដោយ​ផ្ទាល់ ហើយ​ស្ដាប់​ដោយ​ខ្លួន​ឯង។ហើយ​ខ្ញុំ​បាន​ព័ត៌មាន​នេះ​ហើយ។ ឥឡូវ ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ។បើ​តាម​មើល​ផ្លូវ​ច្បាប់​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា គឺ​ធានា​ដល់​សិទ្ធិ​ជា​មូលដ្ឋាន ជា​ពិសេស សេរីភាព​នានា ដល់​ប្រជាជន​ទូទៅ ហើយ​ជាពិសេស​ជន​ជាតិ​នៅ​ទី​នេះ ក៏​ទទួល​បាន​ដូច​គ្នា​ដែរ»។

ប្រជា​ពលរដ្ឋ​នៅ​ចំនួន ៣ ភូមិ នៅ​ឃុំ​សេដា កាល​ពី​ខែ​ដើម​ឆ្នាំ ២០១២ បាន​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ដោយ​អំពើ​ហិង្សា​ចំនួន​ពីរ​លើក គឺ​វាយ​បំផ្លាញ​សម្ភារៈ​គ្រឿង​ចក្រ​ក្រុមហ៊ុន និង​ចាប់​កង​កម្លាំង​ប្រដាប់​អាវុធ មាន​យោធា និង​នគរបាល​អ្នក​ការពារ​ក្រុមហ៊ុន និង​មន្ត្រី​បរិស្ថាន​អ្នក​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​លំផាត់​ជា​ចំណាប់​ខ្មាំង បន្ទាប់​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​មួយ​ឈ្មោះ ហ្យុងជូរី បាន​ចូល​មក​បោះ​ទីតាំង​ធ្វើ​ផ្លូវ និង​ឈូស​ឆាយ​ព្រំ​ដី​សម្បទាន នៅ​តំបន់​នោះ ហើយ​ប្រជា​ពលរដ្ឋ​ចោទ​ថា មាន​ផល​ប៉ះពាល់​ដី​ស្រែ​ចម្ការ និង​ដី​ចិញ្ចឹម​សត្វ​ពាហនៈ​ប្រជា​ពលរដ្ឋ។

តំណាង​ប្រជា​ពលរដ្ឋ​ភូមិ​សមុទ្ទ​លើ គឺ​លោក ខាំ ផ សាវ៉ាត មាន​ប្រសាសន៍​បញ្ជាក់​ថា ប្រជា​ពលរដ្ឋ​សហគមន៍​ត្រេកអរ​ដោយ​បាន​ជួប​ពិភាក្សា​ផ្ទាល់​ជាមួយ​មន្ត្រី​អ្នក​រាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​សិទ្ធិមនុស្ស។

លោក​បន្ត​ថា ប្រជា​ពលរដ្ឋ​នៅ​ឃុំ​សេដា រំពឹង​ថា ដំណើរ​បេសកកម្ម​ផ្នែក​សិទ្ធិមនុស្ស​របស់​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​នៅ​ពេល​នេះ នឹង​ជួយ​បំពេញ​បន្ថែម​ពី​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច តាម​រយៈ​ការ​ផ្ដល់​សារ​ជូន​ប្រមុខ​រាជ​រដ្ឋាភិបាល និង​សហគមន៍​អន្តរជាតិ ដើម្បី​ពិនិត្យ​ឡើង​វិញ ពី​គម្រោង​ផ្ដល់​ដី​សម្បទាន​សម្រាប់​ក្រុមហ៊ុន និង​ដោះស្រាយ​ផល​ប៉ះពាល់​ប្រជា​ពលរដ្ឋ​ឲ្យ​បាន​សម​ស្រប។

លោក ខាំ ផ សាវ៉ាត៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​ល្អ​បំផុត ព្រោះ​យើង​បាន​ផ្ដល់​ព័ត៌មាន​ដល់​អង្គការ​សហប្រជាជាតិ។ សង្ឃឹម​ថា​គាត់​នឹង​ជួយ​ផ្ដល់​ព័ត៌មាន​នេះ ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​ជា​ពិសេស​រាជ​រដ្ឋាភិបាល»។

ទាក់ទិន​នឹង​ករណី​នេះ អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សហប្រជាជាតិ​មក​កាន់​ខេត្ត​ប៉ែក​ឦសាន​មួយ​នេះ។​ លោក​បន្ត​ថា អ្វីៗ ដែល​ជា​កង្វល់​របស់​ប្រជា​ពលរដ្ឋ​ពី​បញ្ហា​ផល​ប៉ះពាល់​ស្ដីពី​ការ​ផ្ដល់​ដី​សម្បទាន អាជ្ញាធរ​ខេត្ត និង​ប្រមុខ​រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ដោះស្រាយ​ជូន​ប្រជា​ពលរដ្ឋ​អស់​ហើយ។

លោក​បន្ត​ថា អ្វី​ដែល​កំពុង​កើត​មាន​នៅ​ឃុំ​សេដា គ្រាន់​តែ​ជា​ក្ដី​បារម្ភ​របស់​ប្រជា​ពលរដ្ឋ ហើយ​ក្រុមហ៊ុន​ក៏​មិន​បាន​បង្ក​ផល​ប៉ះពាល់​អ្វី​ដល់​ប្រជា​ពលរដ្ឋ​នោះ​នៅ​ឡើយ។

លោក ប៉ាវ ហមផាន៖ «គោលការណ៍​ក៏​អត់​ត្រូវ​មាន​ប៉ះពាល់​របស់​ប្រជា​ពលរដ្ឋ​ដែរ ដី​ស្រែ​ចម្ការ​ទាំង​អស់។ ហើយ​ការ​លើក​ឡើង​ខ្លះ វា​គ្រាន់​តែ​ការ​គិត​ទេ ប្រសិន​មាន​ចម្ការ​កៅស៊ូ​អញ្ចឹង​ទៅ​គាត់​ចិញ្ចឹម​សត្វ វា​អាច​ប៉ះពាល់​ចូល​ចម្ការ​គេ។ អា​ហ្នឹង​វា​គ្រាន់​តែ​ជា​ការ​គិត​សោះ​ហ្នឹង។ដី​ទាំង​អស់​មិន​មែន​ធ្វើ​សម្បទាន​ទេ វា​មាន​
ដី​សហគមន៍​ព្រៃ​សហគមន៍​ក៏​មាន​គាត់​អាច​លែង​សត្វ​បាន​ព្រៃ​សហគមន៍ ហើយ​ត្រូវ​ការ​ធ្វើ​ផ្ទះ​សំបែង»។

លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី បានមកបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១១ខែឧសភាឆ្នាំ២០១២។ លោក​មាន​គម្រោង​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​ថ្នាក់​ដឹក​នាំ​សំខាន់ៗ របស់​រាជ​រដ្ឋាភិបាល ហើយ​លោក​រំពឹង​ថា នឹង​ជួប​ប្រជុំ​តំណាង​មក​ពី​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល។ បន្ទាប់​ពី​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ត​រតនគិរី លោក​នឹង​អញ្ជើញ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​ក្រចេះ។

នៅ​ចុង​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា លោក​នឹង​ចេញ​ប្រកាស​ព័ត៌មាន​មួយ​គូស​បញ្ជាក់​ពី​បញ្ហា​ទាំង​ឡាយ ដែល​បាន​លើក​ឡើង​ក្នុង​អំឡុង​ពេល​ជួប​ប្រជុំ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក និង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សង្ខេប​ជា​ជំហាន​ដំបូង។

លោក​ក៏​នឹង​បង្ហាញ​របាយការណ៍​មួយ​ស្ដីពី​សម្បទាន​សេដ្ឋកិច្ច និង​សម្បទាន​ដទៃ​ទៀត ជូន​សម័យ​ប្រជុំ​ក្នុង​ខែ​កញ្ញា ឆ្នាំ ២០១២ របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ក្នុង​គោលដៅ​បង្កើន​តម្លាភាព​ក្នុង​ការ​ផ្ដល់ និង​ការ​គ្រប់គ្រង​សម្បទាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។