មន្ត្រីកម្មវិធីស្រ្តីនៃសមាគម អាដហុក ខេត្តកំពត កញ្ញា សឹម សោភា បានអះអាងថា នៅចុងឆ្នាំ២០០៩ កើនឡើងសកម្មភាពរំលោភផ្លូវភេទនិងអំពើហិង្សា។ កញ្ញាបន្តថា គ្រាន់តែក្នុងខែវិច្ឆិកា ករណីរំលោភកុមារីក្រោមអាយុ ១៧ឆ្នាំទៅ ៥ឆ្នាំ មាន ៩ករណីទៅហើយ បើប្រៀបធៀបខែមុនៗជាមធ្យមមានតែ ៤ ទៅ ៥ករណី។
កញ្ញា សឹម សោភា បានបញ្ជាក់ថា ៖ «៩ករណី អាយុ ៥ឆ្នាំ មាន ៦ករណី ភាគច្រើនកើតទៅលើកូនអ្នកក្រីក្រ»។
ភស្តុតាងករណីរំលោភសេពសន្ថវៈជាក់ស្តែងមួយបានកើតថ្មីៗនៅឃុំជ្រេស ស្រុកជុំគិរី ទៅលើគ្រួសារមន្រ្តីយោធាប្រចាំការនៅតំបន់រំលេច គាត់សុំមិនប្រាប់ឈ្មោះ បានឲ្យដឹងថា កូនស្រីគាត់ត្រូវមិត្តក្នុងអង្គភាពដែលគេសុំច្បាប់សម្រាកពេទ្យ តែមិនបានសម្រេកពេទ្យ សម្រាកតែផ្ទះ បានចាប់យកកូនស្រីគាត់ទើបមានអាយុ ៥ឆ្នាំទៅរំលោភនៅក្នុងព្រៃ កាលពីថ្ងៃ ៣០ ខែតុលា ឆ្នាំ ២០០៩ ៖ «វាចាប់រំលោភកូនស្រីអាយុ ៥ឆ្នាំ...»។
យុវតីអាយុ ២៣ឆ្នាំ នៅភូមិបាក់នឹម ឃុំជ្រេស អះអាងថា ឪពុកធម៌ដែលនៅផ្ទះជាប់គ្នាបាននាំប្អូនស្រីនាងទើបមានអាយុ ៥ឆ្នាំ យកទៅរំលោភ កាលពីថ្ងៃ ៣០ ខែតុលា ហើយនាងបានទៅទាន់សកម្មភាពឪពុកធម៌កំពុងរំលោភប្អូនស្រីតូច នាម៉ោងជាង ៤រសៀល។
យុវតីដដែលបានឲ្យដឹងថា ៖ «មកពីទិញម្ហូប ខ្ញុំមកដល់ក៏ឃើញគាត់ឈរ ស្មានតែគាត់ឈរជុះនោម ដល់ហើយខ្ញុំសួរគាត់ថា ពូធ្វើអី? គាត់អត់មានឆ្លើយអីជាមួយខ្ញុំផង ហើយពេលគាត់ងាកមក គាត់លើកខោ បានខ្ញុំងាកទៅម្ដងទៀត ខ្ញុំឃើញប្អូនខ្ញុំស្រាតនៅពីមុខគាត់ហ្នឹង!»។
វិទ្យុអាស៊ីសេរីសុំមិនបញ្ចេញឈ្មោះមន្រ្តីយោធាដែលរងនូវការចោទ ដោយមិនអាចទាក់ទងគាត់ដើម្បីសុំការបំភ្លឺបាននៅថ្ងៃនេះ។
មន្រ្តីកម្មវិធីស្រី្តសមាគម អាដហុក កញ្ញា សឹម សោភា បានឲ្យដឹងថា ករណីកើនឡើងនៃការរំលោភសិទ្ធិមនុស្សនេះដោយសារមនុស្សមិនគោរពច្បាប់ ព្រោះតែជនល្មើសអាងមានទឹកប្រាក់យកទៅបំបិទមាត់និងបាំងភ្នែកមន្រ្តីមានសមត្ថកិច្ចនិងមន្ត្រីអនុវត្តច្បាប់ ទើបធ្វើឲ្យនិទណ្ឌភាពបន្តកើនឡើង។
កញ្ញាបានឲ្យដឹងទៀតថា ករណីរំលោភសេពសន្ធវៈច្រើនកើតឡើងនៅទីដាច់ស្រយាល រីឯអំពើហិង្សាក្នុងគ្រួសារបានកើតឡើង មិនថាទីប្រជុំជនឬជនបទទេ។
កាលពីថ្ងៃអង្គារ ទី១ ខែធ្នូ អង្គការក្រៅរដ្ឋាភិបាលចំនួន ៤ បានអំពាវនាវសុំឲ្យក្រសួងមហាផ្ទៃនិងក្រសួងកិច្ចការនារី ជំរុញឲ្យមានការផ្តន្ទាទោសជនប្រព្រឹត្តល្មើសដើម្បីប្រឆាំងអំពើហិង្សានិងអំពើរំលោភសេពសន្ធវៈ ដែលកើតមានកើនឡើងក្នុងប្រទេសកម្ពុជា ហើយអង្គការទាំងនោះមានគម្រោងជួបជុំជាមួយមន្រ្តីក្រសួងមហាផ្ទៃនិងក្រសួងកិច្ចការនារី នៅថ្ងៃ ១១ ខែធ្នូខាងមុខនេះ ដើម្បីដាក់សំណើជាផ្លូវការឲ្យក្រសួងទាំងពីរនោះពង្រឹងការអនុវត្តច្បាប់ជាអាទិភាព មុនការសម្រុះសម្រួលគ្នារវាងជនរងគ្រោះនិងជនល្មើស៕
