សកម្មជន​សិទ្ធិ​មនុស្ស​ចូល​ទៅ​បំភ្លឺ​តុលាការ​ខេត្ត​តាកែវ​តាម​ការ​កោះ​ហៅ

2009-06-08

សម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​តាកែវ បាន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្ត តាម​ការ​កោះ​ហៅ​របស់​ព្រះ​រាជ​អាជ្ញា​រង​លោក សាយ ណារ៉ា ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា​នេះ នៅ​ក្នុង​បណ្តឹង​មួយ​ដែល​គេ​ចោទ​ថា បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត នៅ​ក្នុង​ជម្លោះ​មេ​ដឹក​នាំ​ខ្មែរ​អ៊ិស្លាម ក្នុង​ឆ្នាំ​២០០៨។

លោក ជាប ជៀវ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា លោក​បាន​ឆ្លើយ​ជូន​លោក​ព្រះ​រាជ​អាជ្ញា​នូវ​អ្វី​ដែល​លោក​បាន​ទទួល​ព័ត៌មាន​បាន​អំពី​ជម្លោះ​មេ​ដឹកនាំ​សាសនា​អ៊ិស្លាម ហៅ​ថា ហាកឹម នៅ​ក្នុង​ភូមិ​កំពង់​យោល ស្រុក​បុរី​ជលសា ខេត្ត​តាកែវ ដែល​បាន​អូស​បន្លាយ​ជិត​មួយ​ឆ្នាំ​កន្លង​មក​រង់​ចាំ​ខាង​គណៈ​ដឹកនាំ​ជាន់​ខ្ពស់​នៃ​សាសនា​អ៊ិស្លាម​កម្ពុជា​ចុះ​ទៅ​ដោះសា្រយ​នោះ។

លោក ជាប ជៀវ បាន​បញ្ជាក់​ថា លោក​មិន​បាន​ផ្តល់​ព័ត៌មាន​ដល់​វិទ្យុ​អាស៊ីសេរី​ខុស​ពី​ការ​ពិត​នោះ​ទេ ៖ «ខ្ញុំ​ឆ្លើយ​ការ​ពិត បែប​បទ​ទាំង​ឡាយ​ណា​នេះ ខ្ញុំ​ធ្វើ​តាម​ហេតុ​ផល ខ្ញុំ​មាន​ឯកសារ​របស់​ខ្ញុំ»

ការ​កោះ​ហៅ​មន្ត្រី​សិទ្ធិ​មនុស្ស​នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​ដោយ​មាន​ការ​ឃ្លាំ​មើល​ពី​អ្នក​ភូមិ​ប្រមាណ ២០​នាក់ ចូលរួម​ផង​ដែរ។

ប្រជា​ពលរដ្ឋ​ឈ្មោះ យូ សុះ មាន​ប្រសាសន៍​ថា ប្រជា​ពលរដ្ឋ​ពួក​លោក​មក​កាន់​តុលាការ​ខេត្ត​តាកែវ នា​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា​នេះ ដើម្បី​បង្ហាញ​ប្រាប់​តុលាការ​ឲ្យ​ដឹង​ថា អ្វី​ដែល​លោក ជាប ជៀវ ក៏​ដូចជា​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​តាម​វិទ្យុ​អាស៊ីសេរី​ជា​រឿង​ពិត មិន​មែន​ជា​ការ​បរិហារ​កេរ្តិ៍​បុគ្គល​ណា​ម្នាក់​នោះ​ទេ។

លោក យូ សុះ ថ្លែង​ដូច្នេះ​ថា ៖ «វិទ្យុ​អាស៊ីសេរី​ផ្សាយ​ហ្នឹង​គឺ​ព័ត៌មាន​ពិត ដែល​ប្រជា​ពលរដ្ឋ​អ្នក​ផ្ដល់​ឲ្យ។ ប្រជា​ពលរដ្ឋ​គ្មាន​ចង់​បាន​អី​ទេ គឺ​ចង់​បាន​សុំ​ការ​បោះឆ្នោត​ប៉ុណ្ណឹង»

ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​អាស៊ីសេរី កន្លង​មក បាន​និយាយ​ថា តំណាង​ប្រជា​ពលរដ្ឋ គឺ​លោក នី សាន់ និង​លោក ស៊ុប សេន បាន​ចោទ​អ្នក​ដឹកនាំ​សាសនា​អ៊ិស្លាម គឺ ហាកឹម រីម ម៉ាត់ ថា មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ថវិកា​រួម និង​ដឹកនាំ​មិន​ល្អ រីឯ​លោក​ហាកឹម រីម ម៉ាត់ ច្រាន​ចោល​ព័ត៌មាន​ទាំង​នោះ ហើយ​បាន​ធ្វើការ​ប្ដឹង​បក​ទៅ លោក នី សាន់ និង ស៊ុប សេន។

ជា​មួយ​គ្នា​នេះ មន្រ្តី​ស៊ើប​អង្កេត​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ក៏​ដូច​ជា​មន្រ្តី​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស អាដហុក បាន​ហៅ​ការ​កោះហៅ​សកម្មជន​សិទ្ធិ​មនុស្ស​សាក​សួរ​ដូច្នេះ ថា​ជា​ការ​គំរាម​កំហែង​ក្នុង​ការ​បញ្ចេញ​មតិ។

លោក ចាន់ សូវ៉េត មាន​ប្រសាសន៍​ដូច្នេះ ៖ «សកម្មជន​សិទ្ធិ​មនុស្ស បើ​និយាយ​ជា​រួម​ទៅ​គឺ​យើង​មិន​បាន​គិត​ពី​ផល​ប្រយោជន៍ កម្រៃ ឬ​ក៏​អំណាច​ទេ គឺ​យើង​ធ្វើ​កិច្ច​ការងារ​ដើម្បី​ចូលរួម​ជា​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​រាជ​រដ្ឋាភិបាល ក្នុង​ន័យ​ស្ថាបនា ចូលរួម​ជួយ​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​ប្រជា​ពលរដ្ឋ​អ្នក​រង​គ្រោះ​ដែល​ទទួល​រង​ការ​រំលោភ​សិទ្ធិ»

ព្រះ​រាជ​អាជ្ញា​តុលាការ​ខេត្ត​តាកែវ លោក សាយ ណារ៉ា មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​ជម្លោះ​នោះ​ឡើយ។ ជាមួយ​គ្នា​នេះ លោក​បាន​បង្ហើប​ថា ថ្ងៃ​ទី​២៣ មិថុនា ខាង​មុខ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ពីរ​រូប​និង​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​រូប​ផ្សេង​ទៀត នឹង​ត្រូវ​តុលាការ​ខេត្ត​តាកែវ កោះហៅ​សាកសួរ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

សូម​ជម្រាប​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ បណ្ដឹង​ស្តីពី​បទ​បរិហារ​កេរ្តិ៍​និង​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត កំពុង​ផ្តោត​មក​លើ​ក្រុម​អ្នក​សារ​ព័ត៌មាន អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង និង​មន្រ្តី​អង្គការ​សង្គម​ស៊ីវិល​យ៉ាង​ច្រើន​ផុសផុល។

ប្រភព​ពី​ក្រុម​សិទ្ធិ​មនុស្ស បាន​អះអាង​ថា ការ​ប្តឹង​ផ្តល់​ពី​បទ​នេះ មាន​ចំនួន ១០​ករណី​ហើយ។ ប្រភព​ដដែល​បាន​រិះ​គន់​ថា នេះ​ជា​សញ្ញា​វិល​ទៅ​រក​ភាព​ថយ​ក្រោយ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ៕

មតិ

អ្នក​អាច​បញ្ចេញ​មតិ​ដោយ​បំពេញ​ទម្រង់​ខាង​ក្រោម​នេះ​ក្នុង​ទម្រង់​ជា​អក្សរ​សុទ្ធ។. មតិ​ត្រូវ​តែ​អនុញ្ញាត​ដោយ​អ្នក​សម្រប​សម្រួល​និង​មិន​បង្ហាញ​ភ្លាមៗ​នៅ​លើ​ទំព័រ​នេះ​ទេ។ សូម​អញ្ជើញ​ត្រឡប់​មក​បើក​ទំព័រ​នេះ​ម្ដង​ទៀត​ដើម្បី​មើល​ថា​តើ​មតិ​របស់​អ្នក​ត្រូវ​បាន​ចុះ​ផ្សាយ​ឬ​អត់។




ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា​និង​វៀតណាម​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ

អ្នក​កាសែត​ជាប់​ឃុំ​ម្នាក់​បន្ត​ប្ដឹង​ឧទ្ធរណ៍​ក្នុង​រឿង​ក្ដី​ជាមួយ​សយសុភាព

មន្រ្តី​ជាន់​ខ្ពស់​ខ្មែរ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​លើក​លែង​ទោស​ ហង្ស ចក្រា

ព្រះ​មហាក្សត្រ​ស្នើសុំ​ឲ្យ​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ដោះលែង ហង្ស ចក្រា

អតីត​អ្នក​កាសែត​ម្នាក់​ត្រូវ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​គុក​២​ឆ្នាំ​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

កាសែត​សេរីភាព​ថ្មី​ផ្អាក​ការ​បោះ​ពុម្ព​ផ្សាយ​ព្រោះ​បញ្ហា​ថវិកា

សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​អ្នក​កាសែត​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​សរសេរ​ព័ត៌មាន

អ្នក​កាសែត​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពី​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត

ក្រុម​អ្នក​កាសែត​ជួប​ពិភាក្សា​​អំពី​ក្រម​សីលធម៌​អ្នក​សារព័ត៌មាន

អ្នក​កាសែត​ខ្មែរ​មួយ​រូប​ទទួល​ពាន​រង្វាន់​អន្តរជាតិ